សេដ្ឋកិច្ចកម្ពុជា

តើរយៈពេល៥ខែឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលបែបណាខ្លះ?


ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា ទាំងអ្នកដំណើរ និងវិនិយោគិនបរទេស ដែលបានចូលមកកម្ពុជា ហាក់កាន់តែមានសកម្មភាពផុសផុលឡើងវិញ ពិសេសនារយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ ដែលនេះជាសញ្ញាបញ្ជាក់ឲ្យឃើញថា វិស័យសេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមមានភាពវិជ្ជមាន និងរឹងមាំឡើងវិញ នៅក្រោយពេលដែលកម្ពុជាបានបើកចំហទ្វាប្រទេសឡើងវិញ លើគ្រប់វិស័យ។ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យក្រុមអ្នកវិនិយោគបរទេសសម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា?
តើរយៈពេល៥ខែឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលបែបណាខ្លះ?
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​កត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាព​វិជ្ជមានជាថ្មី បន្ទាប់ពីវិស័យនេះ បានរងគ្រោះដោយសារវិបត្តិ​កូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមកនេះ ពិសេសតាម​រយៈលំហូរ​នៃអ្នកដំណើរ និងក្រុមវិនិយោគិនបរទេស​ដែលចូលមក​កម្ពុជា។ ទន្ទឹមនេះ ក្រុមអ្នកជំនាញក៏បានអះអាងទៀតថា ដ្បិតការងើបឡើងវិញ​នៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នហាក់នៅ​មានកម្រិតនៅឡើយ តែសកម្មភាពអ្នកដំណើរ និងវិនិយោគិនបរទេស ដែលបានចូលមកកម្ពុជា គឺបានបង្ហាញពីភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា សព្វថ្ងៃនេះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា បាននិងកំពុងតែវិលទៅរកសភាពធម្មតា និងកាន់តែមានភាពវិជ្ជមាន ចាប់ពីកម្ពុជា បានប្រកាសបើកសង្គមនិងសេដ្ឋកិច្ចពេញលេញជាផ្លូវការ បើទោះបី ស្ថានភាព​នៅមិនទាន់ត្រលប់ទៅរកភាពធម្មតា ដូចនៅឆ្នាំ២០១៩ នៅពេលមិនទាន់មានការរាតត្បាតកូវីដ១៩ក៏ដោយចុះ។

ជាក់ស្ដែង របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅ៤ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​សរុបជាង​២៤ម៉ឺននាក់ កើនឡើងជាង​១៩០%ឯណោះ។ ដោយឡែក បើមើលទៅលើការធ្វើពាណិជ្ជកម្មវិញ នៅ៤ខែដើមឆ្នាំ២០២២ កម្ពុជា​សម្រេចបាន​ការ​នាំចេញសរុប​ជាង​៧ពាន់៦រយលានដុល្លារ កើនឡើងជាង​៣២% ខណៈដែលការនាំចូលមកវិញមានដល់ជាង​១០ពាន់លានដុល្លារ កើនជាង​៥%។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ពាក់ទងនឹងស្ថានភាពវិនិយោគវិញ តាម​របាយការណ៍​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា នៅរយៈពេល ៤ខែ ឆ្នាំ២០២២ ស្ថាប័នដែលជាសេនាធិកា​ររបស់រដ្ឋមួយនេះ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់៦រយលានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជាង៤ម៉ឺនកន្លែង។

ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគនៅកម្ពុជានេះដែរ​ លោកបណ្ឌិត ហុង វណ្ណៈ នៅតែយល់ឃើញថា កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិនបរទេសជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្មីៗនេះលោកក៏សង្កេតឃើញថា មានក្រុមហ៊ុនបរទេសជាច្រើន បានចូលមកវិនិយោគនៅកម្ពុជា ដែលបានចាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើនដែលមិនមែនវិស័យវកាត់ដេរ ដូចជា វិស័យអគ្គិសនី វិស័យកសិកម្ម វិស័យអចលនទ្រព្យនិងសំណង់ និងការផលិតសំបកកង់រថយន្ត ជាដើម។

បន្ថែមលើនោះលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចម្នាក់ទៀត និងជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ស្ថានភាពសេដ្ឋកិច្ចនៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ កាន់តែមានភាពល្អប្រសើរ ដោយលោកបានកត់សម្គាល់ឃើញថា មានគម្រោងវិនិយោគមួយចំនួនដែលបានជួបបញ្ហាដោយសារការឆ្លងជំងឺកូវីដ១៩ នៅបណ្ដាប្រទេសមួយចំនួន បានផ្លាស់ប្ដូរទីតាំងវិនិយោគ ដោយជ្រើសរើសកម្ពុជា គឺជាផលិតខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា តាមរយៈសន្និសីទសារព័ត៌មានស្ដីពី«វេទិកាធុរកិច្ចបារាំង-កម្ពុជា» កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញនិងអ្នកជំនួញមកពីប្រទេសបារាំង ក៏បានបង្ហាញពីគោលបំណងរបស់ខ្លួនដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ បើតាមការអះអាងរបស់ក្រុមធុរកិច្ចបារាំង កម្ពុជា គឺជាប្រទេសមានសក្ដានុពលវិនិយោគជាងបណ្ដាប្រទេសដទៃក្នុងតំបន់ ដោយសារកម្ពុជា ជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាព សម្រាប់ក្រុមហ៊ុន ក្នុងការនាំចេញ ទៅកាន់ទីផ្សារអាស៊ី និងពិភពលោកផងដែរ។ លើសពីនោះ ការលុបចោលនូវការធ្វើចត្តាឡីស័ក និងវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្កនូវលក្ខណៈងាយស្រួលជាងបណ្ដាប្រទេសដទៃ ដូចជា ថៃ វៀតណាម និងភូមា ជាដើម ដែលធ្វើឲ្យក្រុមអ្នកវិនិយោគមកពីបារាំង ក៏ដូចជា វិនិយោគក្នុងតំបន់ អាចចូលមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិតជារំភើប​ខ្លាំង​ណាស់! បុរី មេគង្គលែន បានរៀបចំ​កម្មវិធី​អបអរសាទរ​​ប្រគល់​ផ្ទះ​ជូន​អតិថិជន​គម្រោង​ធំទី២ ហ្គោលឌិន អាវិននូ

ព័ត៌មាន
ភ្នំពេញ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន…

ក្រុមកសិករដាំទុរេនកំពតត្អូញត្អែរថា ទុរេនកំពតឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន

ព័ត៌មាន
ក្រុមប្រជាកសិករដែលជាម្ចាស់ចម្ការទុរេននៅខេត្តកំពត បានអះអាងថា តម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំកន្លងទៅ។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ