កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅឆ្នាំ២០២២

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅឆ្នាំ២០២២ និង២លាននាក់នៅឆ្នាំ២០២៣


នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា នៅពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបដល់ក្នុងរង្វង់១លាននាក់ និងទទួលបាន២លាននាក់នៅឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូបភាព៖ ក្រសួងទេសចរណ៍
ដោយ

ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំនីកូទីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៏ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩រាតត្បាត។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសរួមមាន ទេសចរជាតិសរុបប្រមាណ ៦លាន លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៦៨ ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ឯកឧត្តម ថោង ខុន បញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉រ៉ាហ្គេម លើកទី៣២ផងដែរ។

ជុំវិញនឹងស្ថានភាពវិស័យទេសចរណ៍នេះដែរ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានៅមានសភាពតឹងតែងនៅឡើយ បើទោះបីជា រាជរដ្ឋាភិបាលបានបន្ធូរបន្ថយ និងសម្រួលលក្ខខណ្ឌអ្នកធ្វើដំណើរចូលមកកម្ពុជាយ៉ាងណាក្តី ក៏ប៉ុន្តែនៅបណ្តាប្រទេសជិតខាងស្ថានភាពឆ្លងកូវីដ១៩ ហាក់នៅមានការឆ្លងច្រើន រួមផ្សំនឹងស្ថានភាពពិភពលោកវិបត្តិនៅអ៊ុយក្រែន ដែលជះឥទ្ធិពលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ ពិសេសទាក់ទងទៅលើការចំណាយ ដែលបណ្តាលមកពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក ការកើនឡើងនូវអតិផរណាជារួម ដែលនាំឲ្យភ្ញៀវទេសចរជាសកលអាចនឹងមានសម្ទុះយឺត។

សូមបញ្ជាក់ថា តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២នេះ អាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ -៤៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិនៅក្នុងឆ្នាំ២០១៩ នៅមុនវិបត្តិកូវីដ១៩រាតត្បាត ដោយសារតែវិស័យទេសចរណ៍សកលលោកកំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ, វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ឋិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម, ការកើនឡើងខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ, ល្បឿនខុសៗគា្ននការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕




អត្ថបទបន្ទាប់


នៅទីបំផុតការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសផ្លូវការពីការលាលែងតំណែងរបស់ប្រធានាធិបតីហើយ

ព័ត៌មាន
ក្រោយពីប្រទេសជួបបញ្ហាសេដ្ឋកិច្ច និងនយោបាយរាំរៃជាច្រើនខែមកនេះ និងមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លានៅថ្ងៃពុធសប្ដាហ៍មុននេះ បានបង្ខំឲ្យប្រធានាធិប…

គយសម្រេចពន្យារពេលបន្ថែម ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំអាចមកស្នើសុំចុះបញ្ជីរហូតដល់ចុងខែកក្កដា និងទុកពេលឲ្យ៣ខែចូលមកបង់ពន្ធ

ព័ត៌មាន
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្ដាំ ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីមកស្នើសុំចុះបញ្ជីជារថយន្តមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ