ផ្លែស្វាយ​នាំចេញ​របស់កម្ពុជា

ទីបំផុត កូរ៉េខាងត្បូងអនុញ្ញាត​ឲ្យ​កម្ពុជា នាំចូលផ្លែស្វាយ​នៅខែធ្នូ ឆ្នាំ២០១៩នេះហើយ!


នៅទីបំផុត ផ្លែស្វាយរបស់កម្ពុជាត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឲ្យនាំចូលនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ បន្ទាប់ពីបានអូសបន្លាយពេលវេលាអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែ របាំងបច្ចេកទេសអនាម័យ។ ការអនុញ្ញាតឲ្យកម្ពុជានាំចូលស្វាយទៅកូរ៉េនេះ គឺត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នៅប្រទេសកូរ៉េកាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​កម្ពុជា (រូបឆ្វេង) និងឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រី ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ (រូបស្ដាំ) [រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្មកម្ពុជា]
ដោយ

ការ​ទទួលបាន​សិទ្ធិ​ក្នុងការនាំចេញ​ស្វាយ​ទៅកូរ៉េ​ខាងត្បូងនេះ ត្រូវបាន​គេរំពឹងថា នឹង​អាច​ជួយ​សង្គ្រោះ​ទីផ្សារ​ផ្លែស្វាយ​របស់កម្ពុជា ដែលកន្លងមក​ធ្លាប់​តែឃើញ​មាន​ជន់ជោរ​លើទីផ្សារ នៅពេល​រដូវប្រមូល​ផល​ម្ដងៗ ខណៈដែល​តួលេខ​ពីក្រសួង​កសិកម្មបង្ហាញថា ពេញមួយរដូវ កម្ពុជា​មាន​ទិន្នផល​ស្វាយ​ប្រមាណជាង ១,២ លានតោន។

ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងបូស៊ាន​ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម​ កូរ៉េ​បានបញ្ជាក់ថា ភាគីកូរ៉េបាន​អនុម័ត​រួចហើយនូវការអនុញ្ញាត​ឲ្យ​នាំចូល​ស្វាយ​ពីកម្ពុជា​ទៅកាន់​កូរ៉េ កាលពីថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១៩។ ដូច្នេះ ក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូល​ស្វាយទៅ​​កូរ៉េបានហើយ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា បានថ្លែងអំណរគុណ​ដល់ភាគីកូរ៉េ នូវដំណឹងល្អ​សម្រាប់ការនាំចូលស្វាយនេះ ហើយឯកឧត្តម ក៏បានស្នើសុំ​កិច្ចសហប្រតិបត្តិការ​ជាមួយភាគីកូរ៉េ​ថែមទៀត លើការធ្វើ​ទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍​ដែលកសិកម្មកូរ៉េ​បានឆ្លងកាត់។

ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd   ត្រូវបានគេដឹងថា គឺជាជា​ក្រុមហ៊ុន​កូរ៉េ​​ទទួលបាន​សិទ្ធិ​នាំចេញ​ផ្លែស្វាយ​​របស់កម្ពុជា​ទៅកូរ៉េ។

គួររំឭកបន្តិចដែរថា បើតាម​​ក្រសួង​កសិកម្ម​​ធ្លាប់បាន​​បញ្ជាក់​ ថា អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​​សម្រេច​​ការចរចា​ទីផ្សារ​ជាមួយប្រទេស​កូរ៉េខាងត្បូង​​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៥​មកម្ល៉េះ ប៉ុន្ដែ ដោយសារតែ​កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ ​ម៉ាស៊ីន​កម្ចាត់​រុយចោះ​ផ្លែស្វាយ​ដោយប្រើចំហាយទឹកក្ដៅ ទើបធ្វើ​ឲ្យការ​នាំចេញ​​ត្រូវបាន​អាក់ខាន ហើយ​បន្តអូសបន្លាយ​ជាបន្តបន្ទាប់​មកទល់នឹង​ពេលនេះ។

គួរបញ្ជាក់ថា ក្រៅពីទីផ្សារ​ប្រទេស​កូរ៉េខាងត្បូងនេះ ថ្មីៗនេះ កម្ពុជា​ក៏កំពុងជំរុញឲ្យមានកិច្ច​ព្រមព្រៀង​ដើម្បី​នាំចេញផ្លែស្វាយ​ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ តាម​ការគូសបញ្ជាក់​របស់​ស្ថានទូតចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹងថា ប្រសិនបើ​មានដំណើរការ​រលូន និងជោគជ័យ កិច្ចព្រមព្រៀង​នេះ អាចនឹងត្រូវបាន​​ចុះហត្ថលេខា​នៅ​ដើមឆ្នាំ​២០២០ខាងមុខ។

នៅរយៈពេល​ជាង ៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញ​ផ្លែស្វាយជាង ៤,៤ ម៉ឺនតោន ទៅកាន់​ទីផ្សារប្រទេស វៀតណាម ថៃ និងសិង្ហបុរី។ នេះបើយោងតាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ 

របាយការណ៍​ពីក្រសួង​កសិកម្ម​បង្ហាញទៀតថា បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ស្វាយ​នៅទូទាំងប្រទេស​មាន​ចំនួន ប្រមាណ ១០ម៉ឺន​ហិកតា ក្នុងនោះ ​ផ្ទៃដី​ប្រមូលផល​មាន​ចំនួន ​៨ម៉ឺន​ហិកតា និងទិន្នផល​ជាមធ្យម​ទទួលបាន​ជាង​១៥ តោន ក្នុងមួយហិកតា បើគិតសរុប​ពេញ​មួយ​រដូវវិញ គឺមាន​ជាង ១លាន ២សែនតោន ក្នុងមួយរដូវ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារវៀតណាម កំពុងរឹតបន្ដឹងការផ្ដល់កម្ចី ខណៈកំណើនឥណទានកញ្ជ្រោលឡើងខ្លាំង

ព័ត៌មាន
ធនាគារពាណិជ្ជជាច្រើននៅវៀតណាម កំពុងរឹតបន្តឹងការផ្ដល់កម្ចីស្របពេលដែលទំហំនៃកំណើនឥណទានរបស់ធនាគារកំពុងកើនឡើងខ្ពស់តាមអ្វីដែលធនាគារបានកំណត់…

ក្រុមហ៊ុនអាលីបាបា សម្រេចបោះផ្សាយលក់បណ្ណភាគហ៊ុន​នៅហុងកុងជាផ្លូវការហើយ!

ព័ត៌មាន
បើទោះបីជា ការបាតតុកម្មតវ៉ានៅទីក្រុងហុងនៅបន្ដកើតមានក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba Group Holding បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ