នាំចេញទៅជប៉ុន​

ការនាំចេញរបស់កម្ពុជាទៅជប៉ុនធ្លាក់ចុះជិត ១ភាគរយនៅ៥ខែដើម ឆ្នាំ២០២០


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះ ហាក់ធ្វើមិនសូវបានល្អដូចពេលមុននោះទេ ដោយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញទៅជប៉ុនក្នុងទំហំទឹកប្រាក់សរុបប្រមាណតែជាង ៧០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ធ្លាក់ចុះប្រមាណជិត១ ភាគរយ។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

គិតចាប់​ពីខែមករា ដល់ដំណាច់​ខែឧសភា ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំ​ចេញរបស់​កម្ពុជា​ទៅជប៉ុន បាន​បង្ហាញពី​ការធ្លាក់ចុះ​បន្តិច ប៉ុន្ដែ តួលេខ​នាំចេញនេះ​នៅតែមានខ្ពស់​ជាង ប្រទេសឡាវ និងមីយ៉ាន់ម៉ាដដែល ក្នុងចំណោម​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ដែលបាន​ធ្វើការនាំចេញ​ទៅជប៉ុន​ដូចគ្នា។

រដ្ឋលេខាធិកា​ក្រសួង​ពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សៀង ថៃ ​បានលើកឡើងដឹថា ការធ្វើពាណិជ្ជកម្ម​ជាមួយជប៉ុន​កន្លងមក​គឺមាន​ភាព​រីកចម្រើន​យ៉ាងល្អ​ជាមួយគ្នា​ ដោយភាគច្រើន​ការនាំចេញ​របស់កម្ពុជា​ទៅជប៉ុន​មានការកើន​ជាបន្តបន្ទាប់​រៀងរាល់​ឆ្នាំ។ ប៉ុន្តែបញ្ហាដែល​ធ្វើឲ្យការនាំចេញ​របស់កម្ពុជា​ទៅជប៉ុន​នៅដើមឆ្នាំនេះ​មានការធ្លាក់ចុះនេះ គឺដោយសារតែ​បញ្ហាជំងឺ​កូវីដ-១៩តែប៉ុណ្ណោះ ហើយ​មិនត្រឹម​តែកម្ពុជាទេ​ដែលរងផលប៉ះពាល់ ទូទាំងសកលលោក​ក៏រងផល​ប៉ះពាល់ដូចគ្នា។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ​បញ្ជាក់ទៀត​ថា ស្ថិតក្នុងស្ថានភាព​នៃវិបត្តិ​កូវីដ-១៩ ទីផ្សារនាំចេញ​របស់កម្ពុជា​ទៅកាន់ទីផ្សារ​ពិភពលោក​មានសភាព​ខុសប្លែកពីគ្នា ដោយការនាំចេញ​ទំនិញពីកម្ពុជា​ទៅប្រទេស​ខ្លះទៀត​ក៏នៅតែ​មាន​ការកើន​ឡើងផងដែរ។ ឯកឧត្តមថា ការធ្វើពាណិជ្ជកម្ម​ជាមួយជប៉ុន​មិនមាន​បញ្ហានោះទេ អ្វីដែលជាបញ្ហា​នោះគឺ​ជំងឺកូវីដ-១៩ ដែលបានទាញទម្លាក់​ការនាំចេញ​របស់កម្ពុជានាពេលនេះ។

ទិន្នន័យពីអង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុនបញ្ជាក់ថា គិតមក​ដល់ត្រឹម​ខែឧសភានេះ ជប៉ុនបាន​នាំចូល​មកកម្ពុជា​មានទំហំទឹក​ប្រាក់​ប្រមាណ​ជាង ១៨០ លានដុល្លារ ដែលតួលេខនេះ​គឺតិច​ជាង​កម្ពុជា​នាំចេញ​ទៅជប៉ុន ប្រមាណជាង៥០០ លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ​ទីប្រឹក្សាជាន់ខ្ពស់​នៃឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បានលើកឡើង​ឲ្យដឹងដែរថា ជាការកត់សម្គាល់​ក្នុងរយៈពេលនេះដែរ អ្នកវិនិយោគ​ជប៉ុន​ក៏កំពុងរង់ចាំមើល​ពីស្ថានភាព​ផលប៉ះពាល់​ដោយសាជំងឺ​កូវីដ ១៩ នៅកម្ពុជា ដោយពួកគាត់​ម្នាក់ៗ​រក្សាភាពស្ងប់ស្ងាត់​មួយរយៈ​រង់ចាំស្ថាន​ភាពល្អ​ប្រសើរឡើងវិញ ខណៈក្តីកង្វល់​នេះមិនត្រឹមមានតែ​នៅកម្ពុជាប៉ុណ្ណោះទេ ប្រទេសផ្សេងៗ​ទៀតដូចជា​នៅសហគមន៍អឺរ៉ុប និងអាមេរិក​ជាដើមសុទ្ធតែ​បង្ហាញ​ពីកង្វល់ដូចគ្នា។

សូមជម្រាបផងដែរថា ផលិតផលសំខាន់ៗដែលកម្ពុជា​បាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជា​មានតម្រូវការនាំចូលពីជប៉ុនវិញ គឺផលិតផល​គ្រឿង​ម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់​វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តី​ព័ត៌មាន ខៀវ កាញារីទ្ធ៖ ច្បាប់ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ​«អត់​ចាំបាច់​ទេ»

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០​នេះ ថា កម្ពុជា​នឹង​មិន​ធ្វើ​ច្បាប់​ស្តីព…

តើអ្នកដឹងទេថា ១ទសវត្សរ៍ចុងក្រោយនេះ វៀតណាមបានវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?

ព័ត៌មាន
កម្ពុជា និងវៀតណាម មិនត្រឹមតែជាប្រទេសភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយផងដែរ។ ជាក់ស្ដែង នៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ