វិនិយោគ​បរទេស

ក្រុមហ៊ុន​អាមេរិក​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដំបូង​នៅ​កម្ពុជា សន្យា​ដណ្តើម​ទីផ្សារ​ទឹក​ដោះ​គោ​ស្រស់​នាំ​ចូល


ក្រុមហ៊ុន​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា MOO MOO Farm ដែល​​ផលិត​ទឹក​ដោះ​គោ​ស្រស់​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ឈាន​ជើង​ចូល​មក​បោះទុន​វិនិយោគ ផលិត និង​ផ្គត់ផ្គង់​ទឹក​ដោះ​គោ​ស្រស់​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ទីផ្សារ​ទឹក​ដោះ​គោ​ស្រស់​នៅ​ក្នុង​ស្រុក​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​នាំចូល​ទឹក​ដោះ​គោ​ស្រស់​ពី​ក្រៅ​ប្រទេស។
ក្រុមហ៊ុន MOO MOO Farm ជា​វិនិយោគិន​អាមេរិក​ដែល​ចិញ្ចឹម​គោ​និង​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។
ដោយ

ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្តើម​វិនិយោគ​ការ​ផលិត​ទឹក​ដោះ​គោ​ស្រស់​កាល​ពី​ពីរ​ឆ្នាំ​មុន​ ដោយ​បាន​នាំ​ចូល​គោ​ផលិត​ទឹក​ដោះ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​មក​បន្សាំ​និង​ដើម្បី​ផលិត​ទឹកដោះ​នៅ​កម្ពុជា។

លោក Kenny Mattews ប្រធាន​នាយក​ប្រតិបត្តិ​នៃ​កសិដ្ឋាន MOO MOO Farm ដែល​ផ្គត់ផ្គង់​ទឹក​ដោះ​គោ​ស្រស់​ម៉ាក Moo Moo Cow បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​លោក​មើល​ឃើញ​ពី​ឱកាស​ល្អ​ក្នុង​ការ​វិនិយោគ រួមជាមួយ​នឹង​ទីផ្សារ​ធំ​ទូលាយ។

ម្យ៉ាង​វិញ​ទៀត ការ​ផលិត​ទឹក​ដោះ​គោ​ស្រស់​នេះ​មិន​ទាន់​មាន​វិនិយោគិន​ណា​សម្រេច​វិនិយោគ​នៅ​ឡើយ ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​ក្នុង​មុខ​ជំនួញ​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​ប្រាប់​ពី​ទឹក​ប្រាក់​វិនិយោគ និង​បច្ចេកទេស​ចិញ្ចឹម​នោះ​ឡើយ ដោយ​ខ្លាច​មាន​អ្នក​ក្រោយ​លួច​ចម្លង​តាម។

លោក Kenny Mattews បន្ត​ថា ក្រុមហ៊ុន​របស់​លោក​បាន​នាំចូល​គោ​ផលិត​ទឹកដោះ​បន្តិច​ម្តងៗ ជាមួយ​នឹង​ការ​សិក្សា​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្បាស់​លាស់​ជៀសវាង​បរាជ័យ។ ក្រុមហ៊ុន​នេះ​សន្យា​ចូលរួម​ចំណែក​ប្រកួត​ប្រជែង​និង​កាត់​បន្ថយ​ការ​នាំចូល​ទឹក​ដោះ​គោ​ស្រស់​ពី​បរទេស។

ជា​ជំហាន​ដំបូង កសិដ្ឋាន​ Moo Moo Farm ផលិត​ទឹក​ដោះ​គោ​ស្រស់​ផ្គត់ផ្គង់​ទីផ្សារ​បានប្រមាណ ២០០លីត្រ​ក្នុង​មួយ​ថ្ងៃ។

ជំហាន​ដំបូង ការផ្គត់ផ្គង់​បាន​ជាង​​២០០លីត្រ​ក្នុង​មួយ​ថ្ងៃ

នាយក​ប្រតិបត្តិ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​​ទឹកដោះ​ស្រស់​រូប​នេះ បញ្ជាក់​បន្ថែម​ថា ដោយសារ​តែ​ក្រុមហ៊ុន​របស់​លោក​ផ្គត់ផ្គង់​ទឹកដោះ​គោ​ស្រស់​ដំបូង​គេ ដូច្នេះ អ្វី​ដែល​ក្រុមហ៊ុន​របស់​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​សុខភាព​គោ បន្សាំ​គោ​ឲ្យ​សម្រប​នឹង​បរិយាកាស​នៅ​កម្ពុជា និង​ផ្គត់ផ្គង់​ទឹក​ដោះ​គោ​ស្រស់​ប្រកប​​ដោយ​ស្តង់ដារ​អនាម័យ​ខ្ពស់។ 

សព្វថ្ងៃ ក្រុមហ៊ុន​បាន​ចិញ្ចឹម​គោ​និង​ផ្គត់ផ្គង់​ទឹកដោះ​គោ​ស្រស់​បាន​ប្រមាណ​ជាង ២០០​លីត្រ​ ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​ផ្សារ​ទំនើប​ធំៗ និង​តាម​ហាង​លក់​បន្លែ​សរីរាង្គ​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ក្នុង​មួយ​លីត្រ​តម្លៃ ២,៥​ដុល្លារ​អាមេរិក។

លោក ប៉ែន មីរ៉ាន់ដា ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​កម្ពុជា និង​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សត្វ បាន​បញ្ជាក់​ថា លោក​គាំទ្រ​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ​នេះ ដែល​ជា​ការ​ចាប់​ផ្តើម​មួយ​ដ៏​ល្អ ​សម្រាប់​ទីផ្សារ​មួយ​នេះ។

លោក​អះអាង​ថា ទីផ្សារ​ទឹកដោះ​គោ​ស្រស់​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​ស្រុង នាំចូល​មក​ពី​ក្រៅ​ប្រទេស។ បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ចិញ្ចឹម​គោ​យក​ទឹកដោះ​ជា​លក្ខណៈ​គ្រួសារ​តិចតួច​ណាស់ ហើយ​មាន​តែ​កសិដ្ឋាន​ចិញ្ចឹម​គោ ​យក​ទឹក​ដោះ MOO MOO Farm មួយ​ប៉ុណ្ណោះ។

កម្ពុជា​មាន​តម្រូវការ​ទឹក​ដោះគោ​ស្រស់​ប្រមាណ ៥ ទៅ ៦ម៉ឺន​លីត្រ​ក្នុង​មួយ​ខែៗ ដែល​នាំ​ចូល​ពី​បរទេស​ស្ទើរតែ​ទាំងស្រុង។

កម្ពុជា​ត្រូវការ​ទឹក​ដោះគោ​ស្រស់​ប្រមាណ ៦ម៉ឺន​លីត្រ​ក្នុង​មួយ​ខែ

លោក​ មីរ៉ានដា បាន​ប៉ាន់​ប្រមាណ​ថា តម្រូវការ​ទីផ្សារ​ទឹកដោះ​គោ​ស្រស់​ជា​ប្រចាំ​មាន​ប្រមាណ ៥​ម៉ឺន​លីត្រ ទៅ ៦​ម៉ឺន​លីត្រ​ក្នុង​មួយ​ខែ។

លោក​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន បាន​ធ្វើការ​វិនិយោគ​ក្នុង​ការ​ផលិត​ទឹកដោះ​គោ​ស្រស់​ផង​ដែរ ប៉ុន្តែ បាន​បរាជ័យ​ទៅ​វិញ ដោយសារ​តែ​កង្វះ​ខាត​ផ្នែក​បច្ចេកទេស ទាំង​ការ​ចិញ្ចឹម ចំណី ទឹក​ស្អាត ធនធាន​មនុស្ស​គ្មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់ ខ្វះ​ការ​ស្រាវជ្រាវ​ទីផ្សារ ខ្វះ​ថវិកា និង​ទំនុក​ចិត្ត​ដើម្បី​វិនិយោគ​លើ​វិស័យ​នេះ។ ពិសេស​ជាង​នេះ​ទៅ​ទៀត តម្លៃ​ផលិត​កម្ម​ថ្លៃ​និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​ទឹក​ដោះ​គោ​ស្រស់​ដែល​នាំ​ចូល​ពី​បរទេស។

សូម​ជម្រាប​ដែរ​ថា ថ្មីៗ​នេះ សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមិស បាន​ធ្វើការ​ចុះផ្សាយ​ថា  ទីពិឃាត​គោ​អូស្រ្តាលី​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​កន្លង​មក​នេះ កំពុង​ជួប​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ការ​សហការ​ពេញ​លេញ​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ។  

🐂 ទីសត្តឃាត​គោ​អូស្ត្រាលី​លំដាប់​អន្តរជាតិ​តែ​មួយ​គត់នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ក្ស័យ​ធន

ទន្ទឹម​នឹង​នេះ​ដែរ ទីសត្តឃាដ​គោ​អូស្ត្រាលី​ដ៏​ធំ​មួយ​នេះ ក៏​ជួប​បញ្ហា​​ការ​​ពុំ​មាន​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​​គោលដៅ​​ដែល​​ត្រូវ​នាំ​ចេញ​​ទៅ ដោយសារ​​ពុំ​មាន​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​បណ្តា​ប្រទេស​ទាំងនោះ ដែល​ពេល​នេះ​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់។ នេះ​បើ​យោង​តាមរយៈ​ការ​វាយ​តម្លៃ​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​និង​ថ្នាក់​ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ២០១៧។ 

បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន MOO MOO Farm មួយ​ទេ ដែល​អាច​ឈរ​ជើង​ប្រតិបត្តិការ​ផលិត​ទឹកដោះ​គោ​ស្រស់​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​នៅ​កម្ពុជា​បាន។ ហើយ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​សន្យា​ថា នឹង​ធ្វើការ​ប្រកួត​ប្រជែង និង​កាត់​បន្ថយ​ការ​នាំចូល​ទឹក​ដោះ​គោ​ស្រស់​ពី​ក្រៅ​ប្រទេស ដោយ​ពង្រឹង​ទៅ​លើ​គុណភាព​ផលិត តម្លៃ និង​សោភ័ណ​ភាព៕ 




អត្ថបទបន្ទាប់


រូបិយប័ណ្ណ​​ដុល្លារ​អាមេរិក​ពេញ​និយម​ សូម្បី​នៅ​ឋាន​អមនុស្សក្ដី?

ព័ត៌មាន
រដូវ​ឆេងម៉េង​ ឬ​បុណ្យ​សង្កត់​ផ្នូរ ឬ​សម្អាត​ផ្នូរ​ដូនតា មក​ដល់ ប្រជាជន​ចិន ឬ​ខ្មែរ​កាត់ចិន ឬ​សាសន៍​ផ្សេង​ដែល​ជាប់​សែ​ស្រឡាយ​ចិន នាំ​គ្…

ក្រោយ​សម្ពោធ​ផ្លូវ​៦០​ម៉ែត្រ សកម្មភាព​អាជីវកម្ម​និង​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​នឹង​ពុះកញ្ជ្រោល

ព័ត៌មាន
ផ្លូវ​៦០​ម៉ែត្រ ដែល​មាន​ឈ្មោះ​ផ្លូវការ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ។ អ្នក​ជំនាញ​អចលនទ្រព្យ អបអរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ