ទំនាក់ទំនងកម្ពុជា-ចិន

ការសិក្សាបង្ហាញថា កម្ពុជាគាំទ្រ​ផល​ប្រយោជន៍​ស្នូល​របស់​ចិន​យ៉ាង​ពេញ​ទំហឹង


ការ​សិក្សា​ថ្មី​មួយ​របស់​ស្ថាប័ន វេទិកា​អនាគត (Future Forum) ដែល​​ធ្វើការ​វិភាគ​ផ្អែក​លើអត្ថបទ​​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយរួច​​ហើយ បង្ហាញ​ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ផល​ប្រយោជន៍​ស្នូល​របស់​ចិន ដែល​មាន​ចំនួន​៩៨​ភាគរយ ខណៈ​ដែល​មាន​តែ ២​ភាគរយ​ទៀត​ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​និង​ទស្សនៈ​រិះគន់ ជាពិសេស ការហូរ​ចូល​ជន​ជាតិ​ចិន។
ទំនាក់​ទំនង​កម្ពុជា​ចិន ត្រូវ​បាន​គេ​មើលឃើញថា កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើងៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ដោយ

វេទិកា​អនាគត​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​ដែល​មាន​លោក អ៊ូ វីរ: ជា​ប្រធាន និង​ជា​ស្ថាបនិក។

ការសិក្សា​ស្តីពី​ទំនាក់​ទំនង​ចិន-កម្ពុជា​នេះ គឺ​ស្រាវជ្រាវ​ដោយ​លោក Yun Pengtakpitou លើ​អត្ថបទ​ព័ត៌មាន​ជាង ៣​ពាន់​អត្ថបទ ដោយ​បាន​ស្វែងរក​ពាក្យ​គន្លឹះ «កម្ពុជា​និង​ប្រទេស​ចិន ឬ​ចិន» ដែល​ជា​លទ្ធផល គឺ​បាន​រក​ឃើញ​អត្ថបទ​ចំនួន ២២១ ជាមួយ​នឹង​ការ​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​៥ គឺ សមុទ្រ​ចិន​ខាង​ត្បូង, គោល​នយោបាយ​ចិន​តែ​មួយ, ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ, វិនិយោគចិន, និង​ជំនួយ​ចិន។

ការ​ស្រាវជ្រាវ​នេះ​បាន​ជ្រើសរើស​អត្ថបទ​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ចន្លោះ​ឆ្នាំ​២០១០ និងឆ្នាំ​២០១៨ ដែល​ឆ្នាំ​២០១០ គឺ​ជា​ឆ្នាំ​ដែល​ប្រទេស​ទាំងពីរ​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ទៅ​ដល់​កម្រិត​​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង មាន​អត្ថបទ​ព័ត៌មាន​ចំនួន​៤៤ ដែល​ស្មើ​នឹង ២០​ភាគរយ​នៃ​ព័ត៌មាន​ដែល​គ្រប​ដណ្តប់​លើ​ប្រធាន​ទាំង៥។ ក្នុង​ចំណោម​អត្ថបទ​ទាំង​អស់​នេះ មាន​អត្ថបទ​ចំនួន​១៩ បង្ហាញ​ការ​គាំទ្រ​របស់​កម្ពុជា​លើ​បញ្ហា​នេះ ដោយ​គ្មាន​ជំហរ​អវិជ្ជមាន និង​មាន​ជំហរ​អព្យាក្រឹត្យ​ចំនួន​២។

ការ​សិក្សា​បង្ហាញ​ថា រាល់​ជំហរ​គាំទ្រ​ទាំង​អស់​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ត្រូវ​បាន​​បង្ហាញ​ដោយ​រដ្ឋាភិបាល​តាម​អត្ថបទ​ទាំង​នោះ ខណៈ​ដែល​ជំហរ​អព្យាក្រឹត្យ​ត្រូវ​បាន​ធ្វើ​ដោយ​អ្នក​វិភាគ​កម្ពុជា។ 

ការ​សិក្សា​និយាយ​ដូច្នេះ​ថា ៖ «នេះ​មាន​ន័យ​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដើរ​តាម​ផល​ប្រយោជន៍​ស្នូល​របស់​ចិន។»

ជាមួយ​នឹង​បញ្ហា​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ (One belt, one road) មាន​អត្ថបទ​ចំនួន​៦ ដែល​ស្មើនឹង​ ២​ភាគរយ​នៃ​ព័ត៌មាន លើ​ប្រធាន​បទ​ទាំង​ប្រាំ។ ក៏ប៉ុន្តែ មាន​អត្ថបទ​តែ​មួយ​ប៉ុណ្ណោះ ដែល​បាន​ផ្តល់​នូវ​ជំហរ​ជាក់លាក់​នោះ គឺ​ជា​ការ​គាំទ្រ ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​អំឡុង​ឆ្នាំ​២០១៨។

មាន​អត្ថបទ​ចំនួន​២០ ដែល​និយាយ​ពី​គោលន​យោបាយ​ចិន​តែមួយ​ ឬ​ស្មើ​នឹង ១០​ភាគរយ​​​នៃ​ព័ត៌មាន​គ្រប​ដណ្តប់​លើ​ប្រធាន​បទ​ទាំង​ប្រាំ។

យោងតាម​ការ​ស្រាវជ្រាវ​ដដែល​នេះ ជំហរ​គាំទ្រ​មាន​៩​ដង ដែល​ថ្លែង​ដោយ​​នាយករដ្ឋមន្រ្តី និង ៨ដង ដោយ​រដ្ឋមន្រ្តី។ ជាសរុប ប្រធាន​បទ​គោល​នយោបាយ​ចិន​តែ​មួយ បាន​ទទួល​ការគាំទ្រ​ចំនួន ១៩​ដង តាំងពី​ឆ្នាំ​២០១០ ហើយ​ដែល​ជំហរ​គាំទ្រ​ទាំងនោះ ត្រូវ​បាន​បង្ហាញ​ដោយ​មន្រ្តី​រដ្ឋាភិបាល​ក្នុង​អត្ថបទ​ព័ត៌មាន។

មាន​​អត្ថបទ​​ព័ត៌មាន​​ចំនួន ៦២ និយាយ​​​ពី​ជំនួយ​ចិន ឬ​ស្មើ​នឹង ២៨​ភាគរយ​នៃ​ការ​ផ្សព្វផ្សាយ​ទាំង​អស់ ហើយ​​ដែល​ជំហរ​គាំទ្រ​ ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ចំនួន​១០​ដង និង​ដោយ​នាយករដ្ឋមន្រ្តី ចំនួន ៧លើក។ «មិន​មាន​ជំហរ​អវិជ្ជមាន ត្រូវ​បាន​បោះពុម្ព​ផ្សាយ​លើ​បញ្ហា​នេះ​ទេ។»

មាន​អត្ថបទ​ចំនួន​ ៨៩ ឬ​ស្មើ​នឹង ៤០​ភាគរយ​នៃ​ការផ្សព្វផ្សាយ​ទាំងអស់ ដែល​និយាយ​ពី​ការ​វិនិយោគ​ចិន ដោយ​ការ​ប្រកាស​គាំទ្រ​ចំនួន ៨ដង ដោយ​នាយក​រដ្ឋមន្រ្តី ១ដង ដោយ​អ្នកនាំពាក្យ​រដ្ឋភិបាល​ និង ១១​ដង ដោយ​រដ្ឋមន្រ្តី។

ការស្រាវជ្រាវ​បាន​និយាយ​ដូច្នេះ​ថា «ខណៈ​ដែល​មាន​ការ​គាំទ្រ​ដ៏​លើសលប់​សម្រាប់​ការ​វិនិយោគ​ចិន​នៅ​ក្នុង​ព័ត៌មាន មានតែ ២ ព័ត៌មាន​ប៉ុណ្ណោះ ដែល​ប្រឆាំង។ អត្ថបទ​នោះ មាន​មួយ​ ថ្លែង​ដោយ​រដ្ឋមន្រ្តី​អំឡុង​ឆ្នាំ​២០១៨ និង​មួយ​ទៀត ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​ចំពោះ​វិនិយោគិន​ចិន​និង​ជនជាតិ​ចិន នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​របស់​ពួកគាត់។»

ប្រទេស​ចិន​បាន​រួមចំណែក​ចំនួន ៤៤​ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៩,២​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ​២០១៤។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ថា ការ​សន្ទនា​អំពី EBA មិន​មាន​ប្រទូស្តរ៉ាយ ហើយ​កម្ពុជា​​ដឹង​គុណ​ចំពោះ​ជំនួយ​អឺរ៉ុប

ព័ត៌មាន
នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​អឺរ៉ុប​ដែល​មក​បំពេញ​ទស្សនកិច្ច​ជុំវិញ​បញ្ហា​ EBA រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ស…

វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបាន គេដឹងថា មានសមត្ថភាពផលិតស្បែកជើងប្រមាណ១ពាន់លានគូក្នុងមួយឆ្នាំៗដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសគឺទីផ្សារអឺរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ