រ៉ែមាស

ក្រសួងរ៉ែ និងថាមពល៖ តំបន់អូខ្វាវ ខេត្តមណ្ឌលគីរី អាចមាន «មាសជិត ១លានតម្លឹង» សម្រាប់ការរុករក


អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បញ្ជាក់ បច្ចុប្បន្ននេះ ក្រសួងកំពុងមានក្តីសង្ឃឹមជាមួយនឹងក្រុមហ៊ុនរុករ៉ែមាសអន្តរជាតិធំមួយនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ដែលអាចនឹងមានសមត្ថភាពរុករករ៉ែមាសបានជោគជ័យនៅកម្ពុជា ខណៈដែលមន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា នៅតំបន់អូខ្វាវនេះ អាចមានមាសប្រមាណជាង ១លានតម្លឹង។
រូបតំណាង (រូបភាព៖ http://golden-inform.ru)
ដោយ

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃទី ២១ ខែមេសានេះ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ធនធានរ៉ែ និងជាអ្នកនាំពាក្យ​ក្រសួងរ៉ែ​ និងថាមពល​ផងនោះ​ បាន​ឲ្យដឹងថា ក្រុមហ៊ុនដែល​កំពុង​ដំណើរការ​ស្វែងរុករក​រ៉ែមាស​នៅតំបន់អូខ្វាវនោះ មានឈ្មោះថា រីណៃសេន មីនឺរ៉ល ខេមបូឌា លីមីតធីត (Renaissance​ Mineral Cambodia limited) គឺជាក្រុមហ៊ុន​ខ្នាត​អន្តរជាតិមួយ ដោយមាន​ការសហការ​រវាងអូស្រ្តាលី និងកាណាដា ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា នៅតំបន់​អូខ្វាវនេះ មានរ៉ែមាស​ជិត ១លានអោន ឬស្មើនឹង​ជិត​១លាន​តម្លឹងមាស។

ឯកឧត្តម យស មុនីរ៉ាត់ បានឡើងយ៉ាងដូច្នេះ « គ្រោង ថា​ផលិតកម្ម​រ៉ែមាស​នៅអូខ្វាវហ្នឹង ដែលមានបរិមាណសរុប​ ជម្រក​រ៉ែទី១ ដែលមាន​ Reserve (ធនធានបម្រុង) ប្រមាណជា​ជិត​១លានអោន, ១អោន មានប្រមាណ ៣៣ក្រាម​ (មាស) អញ្ចឹង​វាប្រហែល​៨ជី ជិតតែមួយដំឡឹង​ អញ្ចឹង​បើយើង​និយាយ​ភាសាសាមញ្ញ​ នៅកម្ពុជាយើងថា​យើងថា ជិត​១លាន​តម្លឹង​(មាស)។ ជិត១លាន​តម្លឹង​យើងមាន​ការដ្ឋាន​ទី១​នៅអូខ្វាវហ្នឹង»។

ឯកឧត្តម បន្ថែម​ទៀតថា នៅពេល​មានការ​រុករក​នៅជម្រក​រ៉ែទី១នេះចប់ នោះ​ក្រសួង​អាច​នឹងអនុញ្ញាត​ឲ្យក្រុមហ៊ុននេះ រុករកជម្រករ៉ែមាស​ផ្សេងទៀត ​នៅតំបន់​ក្បែរនោះ ដូច្នេះ ផលិតកម្ម​រុករករ៉ែមាសនេះ អាច​នឹងកើនឡើងថែមទៀត។

ទោះយ៉ាងណា បើតាមមន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និងថាមពល​រូបនេះ ការរុករក​មាស​មិនមែន​ជារឿងងាយ​នោះទេ ពោលគឺ​រ៉ែមាស ១ ពាន់គីឡូក្រាម​ អាច​រែង​ចម្រាញ់​ចេញជាមាស​បានតែ​ប្រមាណ ២ទៅ ៣ក្រាម​តែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ផលិតកម្មរ៉ែមាស​នៅកម្ពុជា គឺនៅ​មាន​ចំនួន​តិចតួចណាស់។

ជាមួយគ្នានេះដែរ ឯកឧត្តម យស មុនីរ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាបណ្ណ​សម្រាប់​អាជីវកម្ម​រុករករ៉ែមាស​ដែលក្រសួង​បានផ្តល់​ទៅឲ្យ​ក្រុមហ៊ុន​មានប្រមាណ ៤០អាជ្ញាបណ្ណ ហើយក្នុង​ចំណោមនេះ អាជ្ញាបណ្ណ​រុករករ៉ែមាស នៅមាន​តិចតួច​ប៉ុណ្ណោះ និងជា​លក្ខណៈ​ទ្រង់ទ្រាយតូច។ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ថា «ឥឡូវអ្វី​ដែលយើង​សង្ឃឹម យើងមាន​អាជីវកម្ម​រ៉ែមាស​ធំមួយ​នៅមណ្ឌលគិរី នៅតំបន់​អូខ្វាវ កំពុងតែ​ដំណើរការ​រលូន ជាក្រុមហ៊ុន​ខ្នាតអន្តរជាតិ​ ក្រុមហ៊ុននេះ​ជាក្រុមហ៊ុនអូស្រ្តាលី ហើយក៏សហការ​ផ្នែកហិរញ្ញវត្ថុ​ជាមួយ​នឹងខាង​កាណាដា បានចាប់ផ្តើម​ដំណើរការ​សាងសង់​ធ្វើផ្លូវ​ចូលអី រួចរាល់ហើយ ហើយ​កំពុង​តែរៀប​ចំ​ទីតាំងការដ្ឋានជីក»។

ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល (រូបភាព៖ ហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល)

អ្នកនាំ​ពាក្យក្រសួងរ៉ែ​ និងថាមពលបញ្ជាក់ទៀត ក្រុមការងារ​របស់​ក្រសួង និងអ្នកជំនាញ​ការរបស់​ក្រុមហ៊ុននេះ ដែលមកពី​ក្រៅប្រទេស បានគ្រោងនឹង​ចុះទៅពិនិត្យ​ដោយផ្ទាល់ដែរ តែត្រូវពន្យារ​ពេលវិញ ដោយសារ​ជំងឺកូវីដ១៩។

ទោះយ៉ាងណា​ ឯកឧត្តមបានបញ្ជាក់ថា «ពេលនេះក្រុមហ៊ុន រីណៃសេន មីនឺរ៉ល ខេមបូឌា លីមីតធីត(Renaissance​ Mineral Cambodia limited) កំពុងតែ​ដំណើរការ​សាងសង់​រោងចក្រ និង  ហេដ្ឋារចនា​សម្ព័ន្ធនានា ដោយការ​រុករករ៉ែមាស នឹងត្រូវធ្វើឡើង​ក្នុងពេល​ឆាប់ៗនេះ»។

សូមជម្រាបថា ការធ្វើអាជីវកម្មរ៉ែមាស មាន២ប្រភេទអាជ្ញាបណ្ណ គឺអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណ​ឧស្សាហកម្ម​អាជីវកម្ម។ ហើយបើតាមអ្នកនាំពាក្យរូបនេះ តាំងពីឆ្នាំ២០១៣មក ក្រសួងបាន​ធ្វើការ​ដកហូត​អាជ្ញាបណ្ណ​រុករករ៉ែមាស​របស់​ក្រុមហ៊ុន​ជាបន្តបន្ទាប់ ពីជាង ១៤០ក្រុមហ៊ុន​មកនៅត្រឹម ៤០ក្រុមហ៊ុន​ក្នុងពេល​បច្ចុប្បន្ននេះ។ ចំពោះមូលហេតុ​នៃការ​ដកហូតនេះ ដោយសារតែ ក្រុមហ៊ុនបរាជ័យ​ក្នុងការ​រុករក ប្រតិបត្តិការ​នៃការរុករកខុស​ពីគោលការណ៍​ច្បាប់ដែល​បានដាក់​ចេញ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងអនុវត្តនីតិវិធីពន្យារការសងប្រាក់សម្រួលបន្ទុកកូនបំណុលរបស់ខ្លួន

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលបន្ទុកដល់អតិថិជន ដែលបានខ្ចីឥណទាន ដែលកំពុងជួបការល…

ក្រសួងរ៉ែអះអាងថា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ របស់កម្ពុជាអាចបំពេញតម្រូវការក្នុងស្រុកស្ទើរតែ ១០០%ហើយ

ព័ត៌មាន
បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ហើយ និងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណជាង ៨លានតោន នៅក្នុងមួយឆ្នាំ ដែលបំពេញតម្រូវកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ