អាស៊ាន-រុស្ស៊ី

កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅខែសីហា


សារព័ត៌មាន Kyodo របស់ជប៉ុន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ភាគីកម្ពុជាបានអញ្ជើញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឱ្យមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលគ្រោងធ្វើឡើងនៅដើមខែសីហាឆ្នាំ២០២២នេះ។ ប្រភពព័ត៌មានដដែលបន្តថា ការសម្រេចចិត្តនេះទំនងជាបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ ដែលបានបង្កឱ្យការខ្វែងគំនិតគ្នាជាមួយនឹងវត្តមានរបស់រុស្ស៊ីក្នុងកិច្ចប្រជុំនានា ការឆ្លើយតបចំពោះការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergi Lavrov

បើ​តាម​ប្រភព​ពី​សារព័ត៌មាន Kyodo អំឡុង​ការ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​០៦​កក្កដា ជូន​ដល់​បណ្ដា​អង្គទូត ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​២​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ស្តី​ពី​មី​យ៉ា​ន់​ម៉ា រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុ​ខុន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ចូលរួម​វេទិកា​ថ្នាក់​តំបន់​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​សបាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯកឧត្តម ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ប៉ុន្តែ​ពុំ​មានការ​ឆ្លើយ​តប​នៅឡើយ​។

កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ក៏​បាន​អញ្ជើញ​មី​យ៉ា​ន់​ម៉ា ឱ្យ​ចូលរួម​កិច្ចប្រជុំ​ផង​ដែរ បើ​ទោះបី​គ្រាន់តែ​ជា​តំណាង​ដែល​មិន​អ្នកនយោបាយ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ឯកឧត្តម ប្រាក់ សុ​ខុន​។

គួរ​ជម្រាប​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​ដូច​ជា​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត នៅ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​។

គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បាន​ចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ ការ​ចូលរួម​របស់​រុ​ស្ស៊ី​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នានា រមែង​មាន​ភាព​ចម្រូងចម្រាស់​។ ចម្រូងចម្រាស់​ក៏​ដោយសារ​តែ​ភាគច្រើន ប្រទេស​លោក​ខាងលិច​មិន​ចង់ឱ្យ​រុ​ស្ស៊ី​ចូលរួម​ឡើយ​។ ប្រការ​នេះ​ក៏​បង្ក​ការ​លំបាក​ដល់​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ផង​ដែរ ដោយហេតុ​ថា​មាន​ប្រទេស​មួយ​ចំនួន ចង់​ធ្វើ​ពហិការ​ជំនួប​ពហុភាគី​ដែល​មាន​វត្តមាន​រុ​ស្ស៊ី​ដែរ​។

បើ​តាម​ការ​បញ្ជាក់​ដោយ ឯកឧត្តម​លោក ប្រាក់ សុ​ខុន ប្រទេស​រុ​ស្ស៊ី​នៅ​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ពី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​រូប បាន​ប្រាប់ Kyodo ថា រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក Lavrov ភាគី​ច្រើន​គឺ​ទំនង​នឹង​ចូលរួម តាម​ការ​អញ្ជើញ​នេះ​៕




អត្ថបទបន្ទាប់


តើជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់រយៈពេល ៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?

ព័ត៌មាន
ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលG20 ដែលគ្មានការប្រកាសអំពីលទ្ធផល កាលពីចុងសប្ដាហ៍មុន ប្រទេសដែលបានទៅចូលរួមកិច្ចប្រជុំ បានឆ្លៀតរៀបចំជំនួបលក្…

អ្នកជំនាញភូមិសាស្ត្រនយោបាយ លើកឡើងអ្វីខ្លះជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសថៃ?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសថៃ ដែលជាផ្នែកមួយនៃបេសកកម្មការទូតរយៈពេលពីរសប្តាហ៍របស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ