គម្រោងផ្លូវទឹកពីភ្នំពេញទៅឆ្នេរសមុទ្រកែប

កម្ពុជាកំពុងសិក្សាលម្អិតពីផលប៉ះពាល់ និងការចំណាយលើគម្រោងផ្លូវទឹកពីភ្នំពេញទៅឆ្នេរសមុទ្រកែប


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការសិក្សាលើគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅកំពង់ឆ្នេរសមុទ្រខេត្តកែប បានឈានដល់ដំណាក់វាយតម្លៃផលប៉ះពាល់ និងការចំណាយហើយ បន្ទាប់ពីចំណាយពេលជាច្រើនខែលើការសិក្សាបឋមកន្លងមកនេះ។
គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប

តាម​ការ​សិក្សា​បឋម​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​ថា គម្រោង​ផ្លូវ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​មាន​ចម្ងាយ​ជាង​១៦០​គីឡូម៉ែត្រ​នេះ ត្រូវការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន និង​ជីក​ព្រែក​ពី​៥​ទៅ​៧​គីឡូម៉ែត្រ​បន្ថែម ដើម្បី​អា​ចត​ភ្ជាប់​ទៅ​ដល់​ឆ្នេរសមុទ្រ​ខេត្ត​កែប​។ អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​នេះ​ក្នុង​ការ​ជួយ​ជំរុញ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ព​ន្លឿ​ន​ការ​ដឹក​ជញ្ជូន​ទំនិញ​។

នា​អំឡុង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍ​ចំណត​ផែ​រណប​ពហុ​បំណង TS11 ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​ផែនការ និង​វឌ្ឍនភាព​នៃ​ការ​សិក្សា​គម្រោង​បង្កើត​ផ្លូវ​ដឹក​ជ​ញ្ចូ​ន​តាម​ផ្លូវទឹក​ពី​ទន្លេបាសាក់​នៅ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កំពង់​ផែ​ឆ្នេរសមុទ្រ​ខេត្ត​កែប​។ ក្រោយ​សិក្សា​បឋម​អស់​រយៈពេល​ជា​ច្រើន​ខែ ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​ថា ផ្លូវទឹក​ដែល​មាន​ចម្ងាយ​ជាង​១៦០​គីឡូម៉ែត្រ​នេះ ទំនងជា​អាច​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន តែ​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់ និង​ស្តារ​គុណភាព​ព្រែក អូ ស្ទឹង និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន ជា​ពិសេស​ត្រូវ​ជីក​ព្រែក​បន្ថែម ដើម្បី​អាច​ភ្ជាប់​ទៅ​ដល់​កំពង់​ផែ​ឆ្នេរសមុទ្រ​ខេត្ត​កែប​។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​បន្ថែម​ថា ក្រោយ​ទទួល​បានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​លើ​លទ្ធផល​សិក្សា​បឋម​កន្លង​មក បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា​លម្អិត​លើ​គម្រោង​នេះ ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់ និង​ខ្ទង់ចំណាយ​លើ​ការ​អភិវឌ្ឍន៍​គម្រោង​មួយ​នេះ​។ ទោះបី​យ៉ាងនេះ​ក្តី ឯក​ឧម​ត្តម មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​នៅ​ពេល​ណា​នៅឡើយ​ទេ​។

ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បាន​ចាត់​ទុក​គម្រោង​បង្កើត​ផ្លូវទឹក​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្រប​ខណ្ឌ​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​អ្វី​ដែល​អ្នករក​ស៊ីក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​។ រង់ចាំ ក៏​ដោយសារ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ការ​ដឹក​ជញ្ជូន​បាន​លឿន និង​កាត់​បន្ថយ​ការ​ចំណាយ​ប៉ុណ្ណេះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​និង​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​ខូចខាត​ផ្លូវថ្នល់​ទៀត​ផង​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​ទំនិញ​របស់​កម្ពុជា​ស្ទើរតែ​៨០%​ទៅ​ហើយ ដែល​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​ផ្លូវទឹក ខណៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​មាន​ប្រមាណ​តែ​២០%​ប៉ុណ្ណោះ​។

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​បង្កើត​ផ្លូវទឹក​មួយ​នេះ ដ្បិត​វា​នឹង​ជួយ​រួមចំណែក​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​លឿន​ជាង​មុន និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម​លើ​ការ​ដឹក​ជញ្ជូន​។ ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​កំពង់​ផែ​របស់​ប្រទេស​ជិតខាង​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​លក្ខណៈ​អន្តរជាតិ​។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា គម្រោង​ផ្លូវទឹក​ពី​ទន្លេបាសាក់​ឆ្ពោះទៅ​ខេត្ត​កែប​នេះ មិន​បាន​ប៉ះពាល់​ទិដ្ឋភាព​ច្បាប់​នៃ​គណៈកម្មការ​ទន្លេមេគង្គ​នោះ​ទេ ដែល​ជា​កត្តា​មួយ​ជួយ​ឲ្យ​គម្រោង​នេះ មាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​លេច​ចេញ​ជា​រូបរាង​នា​ពេល​ខាង​មុខ​។ ផ្លូវទឹក​ដែល​មាន​ចម្ងាយ​ជាង​១៦០​គីឡូម៉ែត្រ​នេះ ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ និង​កែប​។ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ក្រោយ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​កម្ពុជា​នឹង​អាច​ដឹក​ទំនិញ​ពី​ភ្នំពេញ​ទៅ​កាន់​សមុទ្រ​ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​នីតិវិធី​នៅ​ច្រក​ក្អម​សំណ​នោះ​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យ GC Property បង្ហាញវត្តមាននៅកម្ពុជា ជាមួយចក្ខុវិស័យក្នុងការពង្រឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យ GC Property បាន ប្រកាស បើកដំណើរការសាកល្បង ជាមួយការិយាល័យផ្លូវការរបស់ខ្លួន ស្ថិតនៅលើផ្លូវ២០៨ ផ្ទះលេខ១៥ សង្កាត់បឹងរាំ…

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្ដែគប្បីពាក់នៅទីកន្លែងបន្ទប់បិទជិត

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស តាមទីសាធារណៈ ទីកន្លែងចំហរនានា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ