ចំណូលប្រេង

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ចំណូលពីវិស័យប្រេង មិនជាដុំកំភួន សម្រាប់ការអភិវឌ្ឍប្រទេសឡើយ


មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ប្រាក់ចំណូលពីវិស័យប្រេង ពុំមែនជាចំណូលដុំកំភួនសម្រាប់រាជរដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេសនោះឡើយ។ ការអះអាងបែបនេះ ស្របពេលដែល កម្ពុជា អាចនឹងទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួន នៅត្រីមាសទី៣ នៅឆ្នាំនេះ ក្រោយពីមានការទន្ទឹងរង់ចាំអស់ជិត១០ឆ្នាំ។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើក​ឡើងថា ធនធាន​ប្រេង​​មិនស្ថិត​នៅក្នុង​ធនធាន​​​ចម្បង​ ដែល​​​រាជរដ្ឋាភិបាល​​រំពឹងខ្ពស់​​សម្រាប់​យកមក​អភិវឌ្ឍ​ប្រទេស​ឲ្យរីក​ចម្រើន​នោះឡើយ អ្វីដែល​​រាជរដ្ឋាភិបាល​​សង្ឃឹម​ខ្ពស់​នោះ គឺធនធាន​មនុស្ស​ទៅ​វិញទេ។ ឯកឧត្តមថា កាលណា ​ប្រជាជន​​មាន​ចំណេះដឹង​​ជំនាញ ពោរពេញ​ដោយ​​​សមត្ថភាព នោះការ​អភិវឌ្ឍ​ប្រទេស​ គឺមានដំណើរ​ការឆ្ពោះ​ទៅមុខ​យ៉ាង​ពិតប្រាកដ។ ធនធានមួយទៀត ដែល​​ឯកឧត្តម វង្សី វិស្សុត គិតថា សំខាន់ដែរ និងត្រូវ​ការការ​ពារ គឺធនធាន​ធម្មជាតិ ទឹក និងដី ព្រោះទឹក និងដី ពិសេស​គឺដី កាលណា​​ប្រើប្រាស់​​ត្រូវ គឺតម្លៃ នឹងកើន​ឡើង​​​កាន់តែ​ខ្ពស់។ 

បើតាមឯកឧត្តម វង្សី វិស្សុត ក្រោយពី​​អាចទាញ​​បានធនធាន​ប្រេងកាត​នៅប្លុក A នេះ នៅ​ប្រមាណ ១០ឆ្នាំក្រោយ រាជរដ្ឋាភិបាល​កម្ពុជា​​នឹង​ទទួល​បាន​ចំណូល​​ប្រមាណ​តែ ជាង ១ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ ដែលវា​​មិនជា​ច្រើន​​នោះឡើយ បើធៀប​នឹងការ​ចំណាយ​​ថវិការដ្ឋ​​បច្ចុប្បន្ន​​របស់​កម្ពុជា​មាន​​ជាង ៦ពាន់លាន​ដុល្លារ​អាមេរិក​ទៅហើយ ខណៈ​ទំហំ GDP របស់​កម្ពុជាវិញ មានប្រមាណ ២៥ ពាន់លាន​ដុល្លារ​អាមេរិក។

តែយ៉ាងណា ឯកឧត្តម​បានគូស​បញ្ជាក់ថា ដ្បិតតែ​ចំណូល​ពីវិស័យនេះ​ មាន​តិចតួចក្ដី ក៏រាជ​រដ្ឋាភិបាល​​នៅតែ​​ប្រមែរ​ប្រមូល​​នូវ​ចំណូលនេះ ផ្សំផ្គុំគ្នា​ ដើម្បី​យកមកធ្វើការ​អភិវឌ្ឍ​ប្រទេស​ដែរ គ្រាន់តែ​ថា ប្រើប្រាស់​ចំណូល​ពីវិស័យ​ប្រេងនេះ នឹងធ្វើឲ្យ​មាន​​បដិវត្ត​​​ក្នុង​សេដ្ឋកិច្ច​ជាតិ​ធំ​ដុំនោះ គឺមិន​អាចទេ។ 

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជាទស្សនៈ​ផ្ទាល់ របស់ មន្ត្រីជាន់ខ្ពស់​​រាជរដ្ឋាភិបាល​រូបនេះ ចំណូល​ពីវិស័យ​ប្រេង កម្ពុជា​​គួរតែ​យក​ទៅប្រើប្រាស់​លើ​ការអភិវឌ្ឍ​​ទៅលើធនធាន​អ្វីមួយ ដែល​ជា​ប្រយោជន៍​ដល់​ប្រទេ​សជាតិ ក្នុងរយៈពេល​យូរ​អង្វែង។

ឯកឧត្តម វង្សី វិស្សុត ក៏បាន​​បន្ថែមទៀតថា បើ​និយាយ​ពីនិន្នាការ​ពិភពលោក​វិញ ក្រុមហ៊ុន​ប្រេងកាតលែងជា​​ក្រុមហ៊ុន​​មានជាងគេ​បំផុត​លើលោក​ទៀតហើយ តែវា​ជំនួស​​ដោយ​ក្រុមហ៊ុន​បច្ចេក​វិទ្យាធំៗ​វិញដូចជា Amazon, Apple, Google ជាដើម។ ដូច្នេះ វាសបញ្ជាក់​ឲ្យ​ឃើញថា ទៅអនាគត​​ប្រទេស​អ្នក​ផលិត​ប្រេង​ធំៗ ​អាចនឹង​ប្រឈម​នឹងបញ្ហា​​កាន់​តែខ្លាំង បញ្ហាត្រង់​ថា ការប្រើប្រាស់​ប្រេងអាច​នឹង​មានការ​ថយចុះ ដោយសារ​តែ​បដិវត្តន៍​នៃវិស័យ​បច្ចេកវិទ្យា ដែលធ្វើ​ឲ្យតម្លៃ​ប្រេង​​នឹងធ្លាក់​ថ្លៃ​ខ្លាំង។ 

គួរជម្រាបដែរថា  កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន​គ្រីស​អេនើជិ អិលធីឌី ដែល​ជាក្រុមហ៊ុន​រុករក​ប្រេង និងឧស្ម័ន​ឯករាជ្យ​នៅកម្ពុជា បានប្រកាសថា ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន គឺ SJ Production Barge Ltd បាន​ផ្ដល់​កិច្ចសន្យា ទៅឲ្យ​ក្រុមហ៊ុន Keppel shipyard Ltd ដើម្បី​ធ្វើការ​កែលម្អ និងធ្វើ​ឲ្យមាន​ភាពប្រសើរ​ឡើង នូវនាវា​ផលិតកម្ម​របស់​ខ្លួន ។

កិច្ចសន្យានេះ មានទំហំ​ជាទឹក​ប្រាក់ជិត ២២លាន​ដុល្លារ​អាមេរិក និងរំពឹងថា នៅពេល​ការងារ​ត្រូវ​បាន​បញ្ចប់​សព្វគ្រប់ នៅអំឡុង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ខាងមុខ នាវា​ផលិតកម្មនេះ នឹងមាន​សមត្ថភាព​ទាញ​យកល្បាយ​ប្រេង​បាន​ប្រមាណ ៣ម៉ឺន​បារ៉ែល​ក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ចុះហត្ថលេខារួមគ្នា ដើម្បីប្រឆាំងការលួចចម្លងស្នាដៃនិពន្ធ

ព័ត៌មាន
សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យសារព័ត៌មាន រួមមាន Freshnews, សប្បាយ, ដើមអំពិល, ថ្មីៗ និងខេមបូ…

កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ​២០១៩​-២០២០

ព័ត៌មាន
កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង ៣,៦​ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​តែ​សន្ទុះ​សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ