ការហោះហើរក្រៅប្រទេសនៅកម្ពុជា​

កម្ពុជាគ្រោងតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌា ដើម្បីស្តារ និងជំរុញកំណើនភ្ញៀវទេសចរ


ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយឥណ្ឌា កំពុងត្រួតពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជួយស្តារនិងជំរុញកំណើនវិស័យអាកាសចរណ៍ និងទេសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ វិស័យទេសចរណ៍កម្ពុជា ក៏កំពុងងាកទៅចាប់អារម្មណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាផងដែរ ក្រោយជួបបញ្ហាមួយចំនួនក្នុងការទាក់ទាញភ្ញៀវទេសចរមកពីអឺរ៉ុប។
រូបតំណាង៖ យន្តហោះត្រៀមចេញដំណើរនៅ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (រូបភាព៖ Cambodia Airport)

ជាក់ស្តែង ក្រសួងទេសចរណ៍ និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះ​អនុសារ​ណ​យោគយល់​គ្នា​លើ​គម្រោង​ចំនួន​ពីរ ដែល​ផ្តោត​លើ​ការ​លើកកម្ពស់​សកម្មភាព និង​ផ្សព្វផ្សាយ​ពី​អេកូ​ទេសចរណ៍​ក្នុង​សហគមន៍​នៅ​កម្ពុជា​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​គូសបញ្ជាក់​ថា កម្ពុជា​រួម​ជាមួយ​ឥណ្ឌា​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​។ គោលបំណង​នៃ​ការ​ភ្ជាប់​ជើងហោះហើរ​នេះ គឺ​ដើម្បី​រួមចំណែក​ជួយ​ស្តារ​អាជីវកម្ម និង​ជំរុញ​កំណើន​ក្នុង​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាងដំណំ​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ការ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក៏​ស្ថិត​ក្នុង​គម្រោង​នៃ​កា​រត​ភ្ជាប់​ជើងហោះហើរ​នេះ​ដែរ​។

ឯកឧត្តម បាន​បន្ត​ថា កត្តា​ដែល​ជំរុញ​កម្ពុជា​សិក្សា​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​ឥណ្ឌា គឺ​ដោយសារ​ឥណ្ឌា​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​នៅ​តំបន់​អាស៊ី ហើយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទី​ពីរ​លើ​ពិភពលោក បន្ទាប់​ពី​ចិន​។ ក្រៅពី​ឥណ្ឌា​កម្ពុជា​ក៏​គ្រោង​ភ្ជាប់​ជើងហោះហើរ​ឡើង​វិញ​ជាមួយ​ជប៉ុន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ផង​ដែរ ដើម្បី​ស្តារ និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​កំពុង​សំឡឹង​មើល និង​រៀបចំ​ផែនការ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ តាម​បណ្តា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន និង​អាស៊ី ខណៈ​ឥណ្ឌា​ក៏​ជា​គោលដៅ​ធំ​សម្រាប់​កម្ពុជា​ផង​ដែរ​។ ការងា​កមក​ចាប់​យក​ភ្ញៀវ​បរទេស​នៅ​ក្បែរ​ៗ​ខាង​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​កម្ពុជា​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​ពី​ប៉ែក​អឺរ៉ុប ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំ​ងឹ​កូ​វី​ដ​-១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នឹង​នេះ លោក​ជំទាវ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​របស់​កម្ពុជា​ផង​ដែរ​។

ពាក់ព័ន្ធ​គម្រោង​ត​ភ្ជាប់​ជើងហោះហើរ​ជាមួយ​ឥណ្ឌា​នេះ​ដែរ តាម​រយៈ​លោកស្រី ដេ​វ្យា​នី ឧត្តម ខូ​ប្រា​ហ្គា​ដេ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ពេល​ថ្មី​ៗ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ដើម្បី​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម ថោ​ង ខុន ក៏​បាន​បង្ហាញ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ពី​តំបន់​ទេសចរណ៍​សក្តានុពល​នានា​របស់​កម្ពុជា រួម​ជាមួយ​លក្ខខណ្ឌ​លើកលែង​របស់​រាជរដ្ឋាភិបាល ដែល​លុប​ចោលការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា​និង​ការ​សម្រេច​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ការ​ផ្តល់​ទិ​ដ្ឋ​ការ​ពេល​មក​ដល់​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្តេជ្ញា​ថា លោកស្រី​កំពុង​ខិតខំ​ពិភាក្សា ក៏​ដូច​ជា​ជំរុញ​ឲ្យ​វិស័យ​ឯកជន​នៅ​ឥណ្ឌា​រៀបចំ​ឱ្យ​មាន Charter Flight ឬ Direct Flight ពី​ទីក្រុង​ណាមួយ​របស់​ឥណ្ឌា​មក​កាន់​កម្ពុជា ព្រោះ​លោកស្រី​យល់​ថា ពេល​នេះ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ក្នុង​ការ​មក​ទស្សនា​កម្ពុជា​ដែល​កំពុង​មានការ​អភិវឌ្ឍ​ច្រើន​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏​មានការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ទើរ​ទាំងអស់​ពាក់ព័ន្ធ​នឹង​របាំង​នៃ​ការ​ធ្វើ​ដំណើរ​។

ទន្ទឹម​នឹង​នេះ ក្រសួងទេសចរណ៍ និង​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​គម្រោង​ចំនួន​២ គឺ​គម្រោង​លើកកម្ពស់​សកម្មភាព​អេកូ​ទេសចរណ៍​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ផាត់​សណ្ដាយ​ខេត្តកំពង់ធំ និង​គម្រោង​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​(Mobile App) ដើម្បី​លើកកម្ពស់ ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល និង​ផលិតផល​នៅ​ក្នុង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក បញ្ឈប់រុស្ស៊ីពីការទូទាត់សងបណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារ ដើម្បីបង្កើនសម្ពាធបន្ថែមលើទីក្រុងម៉ូស្គូ

ព័ត៌មាន
សហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានបញ្ឈប់រដ្ឋាភិបាលរុស្ស៊ីពីការទូទាត់បណ្ណបំណុលរដ្ឋក្នុងតម្លៃ៦០០លានដុល្លារអាមេរិក តាមរយៈធនាគារកណ្ដាលអាមេរិក។ ក…

លោកចូបៃឌិនជំរុញឲ្យកាត់ទោសលោកពូទីន ពីបទប្រព្រឹត្តិឧក្រិដ្ឋសង្គ្រាម ខណៈបស្ចឹមលោកបន្ថែមទណ្ឌកម្មលើម៉ូស្គូ

ព័ត៌មាន
សំណុំរឿងសម្លាប់ជនស៊ីវិលនៅក្រុងប៊ូឆា ប្រទេសអ៊ុយក្រែន នៅតែជាប្រធានបទក្តៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ជុំវិញការរកឃើញជនស៊ីវិលស្លាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ