ចំនួនទេសចរ​អន្តរជាតិ​ធ្លាក់ចុះ

កម្ពុជាព្យាករ​ចំនួន​ទេសចរអន្តរជាតិ អាចធ្លាក់ចុះ​ដល់ ៧០ ទៅ៩០​ភាគរយ និងបាត់​ចំណូល​៣ពាន់លាន​ដុល្លារ​នៅឆ្នាំ២០២០នេះ!


វិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍របស់ពិភពលោកទាំងមូលបាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារតែវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩នាពេលបច្ចុប្បន្ន សម្រាប់ឆ្នាំ២០២០នេះ កម្ពុជារំពឹងថាអាចនឹងធ្លាក់ចុះចំនួនទេសចរអន្តរដល់ទៅ ៧០ ទៅ៩០ភាគយ និងបាត់បង់ចំណូលប្រមាណ៣ពាន់លានដុល្លារឯណោះ។ នេះបើ តាមការព្យាករមួយរបស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍។
ការព្យាករ៖ កម្ពុជាអាចនឹងធ្លាក់ចុះចំនួនទេសចរអន្តរជាតិដល់ទៅ ៧០ ទៅ៩០% នៅឆ្នាំ២០២០ (រូបភាព៖https://thefinancialexpress.com.bd)
ដោយ

តាមការព្យាករនេះ បាន​បង្ហាញ​ចេញ​ជា​សេណារីយ៉ូ​ចំនួន ៣ ដោយក្នុងនោះ ទី១ គឺ​អាច​ថយចុះ​ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​៥០ ទៅ៦០ភាគយ ពោលគឺ​នឹងទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​២,៥លាន​នាក់។ សេណារីយ៉ូ ទី២ គឺថយចុះ ៦០ ទៅ៧០ភាគរយ ដោយទទួលបាន​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹមតែ​២លាននាក់។ និងសេណារីយ៉ូ​ទី៣ គឺថយចុះពី ៧០ ទៅ ៩០ភាគរយ ដោយទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹមតែ​១,៥លាន​នាក់​ប៉ុណ្ណោះ។

ការព្យាករ​បាន​គូសបញ្ជាក់ថា ស្ថិត​ក្នុង​ស្ថានភាព​មិនច្បាស់លាស់​នៃ​ជំងឺ​កូវីដ-១៩នេះ កម្ពុជា​ប្រហែល​ជា​ស្ថិត​នៅក្នុង​សេណារីយ៉ូ​ទី៣ ដែល​ផល​ប៉ះពាល់​នៃវិបត្តិនេះ អាចនឹងធ្វើ​ឲ្យ​ខាតបង់​ចំណូល​ទេសចរណ៍​អន្តរជាតិ ប្រមាណ ៣ពាន់លាន​ដុល្លារអាមេរិក ហើយ​ការរួមចំណែក​របស់​វិស័យ​ទេសចរណ៍​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​​អាចនឹង​ថយចុះ​ពី ១២% មកនៅក្រោម​១០%វិញ។

តាម​ក្រសួងទេសចរណ៍ គិតត្រឹម​ខែ​កក្កដា ឆ្នាំ២០២០​ មានមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន ៣.១៣៥ ទីតាំង​ត្រូវបាន​បិទ និង​ផ្អាក​ដំណើរការ រួមមាន​សណ្ឋាគារ​ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន ម៉ាស្សា-ស្ប៉ា ទីភ្នាក់ងារ​ទេសចរណ៍ កីឡាទេសចរណ៍ និងអាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិនជាដើម។ ដោយក្នុងនោះ មាន បុគ្គលិក​បម្រើការ​ប្រមាណជាង ១១ម៉ឺននាក់ ឬប្រហែល​១៥ ទៅ២០ ភាគរយ នៃ​កម្លាំង​ពលកម្ម​បម្រើការ​ក្នុងវិស័យទេសចរណ៍​ ត្រូវបាន​បញ្ឈប់ការងារ ក្នុងនោះ បុគ្គលិក​បម្រើការ​ផ្នែកសេវា​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរជាងគេ ដូចជា​ម៉ាស្សា-ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន ស្ទើរតែ​១០០ភាគរយ និងផ្នែកសេវាកម្ម​ស្នាក់នៅ​ដែលផ្ដោត​លើ​ទិផ្សារ​ទេសចរណ៍​អន្តរជាតិ។ ដោយឡែក មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រមាណជាង​៣% ត្រូវបាន​ព្យួរ​អាជ្ញាបណ្ណទេសចរណ៍។

ទោះយ៉ាងណា​ក៏ដោយចុះ តាម​ការព្យាករ​របស់​ក្រសួងទេសចរណ៍ នៅឆ្នាំ២០២១ ខាងមុខ វិស័យទេសចរណ៍​កម្ពុជា​រំពឹងថា នឹង​មានកំណើន​ឡើងវិញ​ចន្លោះពី ២៥ ទៅ៣៥ភាគរយ តែ​ស្ថិត​ក្នុង​បរិមាណ​តិច​នៅឡើយ ក្នុងនោះ ចំណូល​ទេសចរណ៍​អន្តរជាតិ​នឹងទទួលបាន​ប្រមាណ​២ពាន់លាន​ដុល្លារអាមេរិក រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ១០% និងបង្កើតការងារ​ និងមុខរបរ​ក្នុងវិស័យនេះ ប្រមាណ ៥០ម៉ឺននាក់។

រីឯឆ្នាំ២០២២វិញ តាមព្យាករ​ដដែលនេះ រំពឹងថា​ទេសចរណ៍​កម្ពុជា​នឹង​រក្សាបាន​កំណើន​ចន្លោះពី ២០ ទៅ៣០ភាគរយ​ និងឆ្នាំ២០២៣ ក្នុងពេល​ដែល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ​រៀបចំ​ Sea Game ឆ្នាំ២០២៣នោះ កម្ពុជា​ក៏រំពឹងថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​កាន់តែច្រើន​ដោយ​ក្នុងកំណើន​ចន្លោះពី ៣០ ទៅ ៣៥ភាគរយ តែបរិមាណ​នៅតែតិចនៅឡើយទេ គឺប្រមាណពី ២,៥ ទៅ ៣,៥លាននាក់។

សូមបញ្ជាក់ថា នៅរយៈពេល​៦ខែ​ដំបូង​នៃឆ្នាំ២០២០នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹមតែ​១,១៨ លាន​នាក់​ប៉ុណ្ណោះ ​ធ្លាក់ចុះ​ដល់ទៅ ៦៤,៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet ចំណេញ​​ជាង ៣​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំនេះ ថ្វីបើមាន​កូវីដ-១៩​ក៏ដោយ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្ម ប្រចាំត្រីមាសទី ២ ក្នុងឆ្នាំ ២០២០ ជាពេលដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺកូ…

គម្រោងបុរីអាប់ថោនជាប់ផ្សារទំនើបជីបម៉ុង៥០ម៉ែត្រ ត្រឹមតែរយៈពេល២ម៉ោង លក់ផ្ទះអស់ ៦០%

ព័ត៌មាន
តំបន់ផ្លូវ៥០ម៉ែត្រ ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយកំពុងមានសក្ដានុពលខ្លាំងគួរឲ្យកត់សម្គាល់នោះ ទើបតែមានការបើកសម្ពោធនូវការដ្ឋានសាងសង់គម្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ