អង្ករនាំចេញទៅអឺរ៉ុប

អង្ករកម្ពុជា​អាចនឹង​បាត់បង់​ឱកាស​លើក​លែង​ពន្ធ​​​នាំចូល​​ទៅកាន់​ទីផ្សារ​អឺរ៉ុប?


អង្ករកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ក្រោមការអនុគ្រោះពន្ធ ដែលមានអត្រាពន្ធសូន្យ ប៉ុន្ដែ កាលពីថ្ងៃទី ៥ខែ វិច្ឆិកាកន្លងទៅនេះ គណៈកម្មការអឺរ៉ុប បានសម្រេចចេញនូវសេចក្ដីប្រកាសទូទៅមួយ អំពីការសើបអង្កេតការពារទាក់ទងនឹងអង្ករនាំចូលពីប្រទេសកម្ពុជា រួមទាំងប្រទេសមីយ៉ាន់ម៉ាផង ដោយក្នុងសេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ ពីការឈានទៅកំណត់ពន្ធនាំចូលអង្កររបស់ប្រទេសទាំងពីរនេះផងដែរ។
ស្រូវអង្ករកម្ពុជា
ដោយ

អ្នកជំនាញ និងអ្នកជំនួញ​កសិកម្ម​កម្ពុជា បាន​មើល​​ឃើញ​ថា បើសិន​ជា​មាន​ការអនុវត្ត​នូវ​ការ​កំណត់​ពន្ធនេះ​កើតឡើង​មែន នោះអ្នក​ប៉ះពាល់​ធំ​បំផុត គឺម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ និងអ្នក​នាំចេញ​អង្ករទៅ​អឺរ៉ុប ដែល​អាចបាត់​បង់​តម្លៃ​បន្ថែម​ពីការ​នាំចេញ។

តាម​ប្រភពព័ត៌មាន​របស់​អ៊ីតាលី NaaJu ដែល​បាន​ស្រង់ខ្លឹមសារ​​ពីសេចក្ដី​ប្រកាស​របស់​គណៈកម្ម​ការអឺរ៉ុប​​បាន​ឲ្យដឹងថា ការសម្រេច​អាចនឹង​តម្រូវឲ្យ​កម្ពុជា​ និងភូមា​បង់ពន្ធ​នាំចូល​អង្ករនេះ ក្រោម​ហេតុផល​ទាមទារ​ពី​ប្រទេស អ៊ីតាលី ដោយមាន​ការគាំទ្រ​ពីប្រទេស​ចំនួន ៧ ផ្សេងទៀត រួមមាន​បារាំង អេស្ប៉ាញ ក្រិច ព័រទុយហ្គាល់ ហាំងហ្គារី រ៉ូមីនៀ និងប៊ុលការី។ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​​ទាំងនេះ បាន​ចាត់ទុក​ថា បរិមាណ​អង្ករ​នាំចូល​ពីកម្ពុជា​ និង​ភូមា​ដ៏​ច្រើន បាននិង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​អ្នក​ផលិត​អង្ករ​ដូចគ្នា​នេះ​នៅ​អឺរ៉ុប។ 

សារព័ត៌មាន​អ៊ីតាលី​ដដែលនេះ បានឲ្យ​ដឹង​ទៀតថា សេចក្ដី​​វាយតម្លៃ​សម្រេច​​លទ្ធផល​យ៉ាងណា​នោះ គឺនឹង​ត្រូវ​បាន​បង្ហាញ​ទៅកាន់​ក្រុម​ការងារ​ប្រឹក្សា​ នៅពាក់​កណ្ដាល​ខែ វិច្ឆិការនេះ ដើម្បី​បោះឆ្នោត​សម្រេច​ចុងក្រោយ​ពីសំណាក់​ប្រទេស​ទាំង ២៨ ដែលជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​​នាំចេញ​អង្ករ​ដ៏ធំ​នៅ​កម្ពុជា Amru Rice បាន​លើក​ថា លោកមិន​ទាន់អាច​បកស្រាយ​ចំពោះ​បញ្ហា​កំណត់​ពន្ធអង្ករ​នាំចូល​ទៅ​សហភាព​អឺរ៉ុប ពី​គណៈកម្មការ​អឺរ៉ុប​នេះ បាននៅ​ឡើយទេ  ព្រោះថា នេះជា​រឿងធំ ដល់​ថ្នាក់ជាតិ ហើយលោក បង្ហើបថា រដ្ឋាភិបាល​អាច​នឹងមាន ការបើក​កិច្ចប្រជុំ​ដោះស្រាយ នាពេល​ឆាប់ៗ​នេះ ដើម្បី​ធ្វើការ​បកស្រាយ ក៏ដូចជា ផ្សព្វផ្សាយ​ដល់ អ្នក​សារព័ត៌មាន​បន្ថែម​ទៀត។ 

ទោះយ៉ាងណា កាលពីថ្ងៃទី៦ វិច្ឆិកានេះ លោកឧកញ៉ា សុង សារ៉ន បាន Post នៅលើ​គណនី​​​ហ្វេស​​ប៊ុក​​​ផ្ទាល់​​ខ្លួន​​របស់​លោក ដោយ​មាន​យោង​ចំណង​ជើង​របស់​​សេចក្ដី​ប្រកាស​គណៈកម្មការ​អឺរ៉ុប​ ជាភាសា​អង់គ្លេស​​ដែលមាន​ន័យ​ជា​ភាសាខ្មែរ​ថា «ប្រទេស​​អ៊ីតាលី ​និងអេស្បាញ​​នឹង​​សម្លាប់​​កសិករ​កម្ពុជា និង​មីយ៉ាន់ម៉ា ហើយ​​ប្រយោជន៍​​ភាគ​​ច្រើន​​នឹងបានទៅលើប្រទេស​ឥណ្ឌា និងថៃ និងក្រុមហ៊ុន​​អឺរ៉ុប​មួយ​ចំនួន។ ក្រុមហ៊ុនអឺរ៉ុប​ទាំងនោះ​​នឹង​នាំ​ចូល​អង្ករ​​បន្ថែមទៀត​​ពី​ប្រទេស​​ទាំង​នោះ ...»។  

ជុំវិញ​នឹងបញ្ហានេះ​ដែរ លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានលើក​ឡើង​ថា មកទល់ពេល​នេះ (ថ្ងៃទី៧ វិច្ឆិកា) ខាង​​សហព័ន្ធ​មិនទាន់​​ទទួល​បាន​ព័ត៌មាន​ដែលថា​ អឺរ៉ុប​​នឹង​​កំណត់​​យកពន្ធ​​នាំចូល​​អង្ករ​ពីកម្ពុជា​នោះទេ។ ប៉ុន្ដែ​លោកឧកញ៉ា បាន​​បញ្ជាក់​ថា នេះគ្រាន់​តែជា​ការ​ព្រួយបារម្ភ​ពីសំណាក់​អ្នក​នាំចេញអង្ករ ដែល​កំពុង​​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​បណ្ដា​សារព័ត៌មាន​ប៉ុណ្ណោះ។ 

ដ្បិតតែ​យ៉ាង​នេះក្ដី លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​​សិក្សា​​គោល​នយោបាយ​ និងជា​​អ្នកវិភាគ​​សេដ្ឋកិច្ច​កសិកម្ម បានលើក​​ឡើង​ថា នៅពេល​​មាន​ការ​​កំណត់​ពន្ធ​នាំចូល​​អង្ករ ពីសំណាក់​គណៈកម្មការ​អឺរ៉ុបមែន អ្នកដែល​​ត្រូវរង​ការខាត​បង់​ធំ គឺជាម្ចាស់​​រោងម៉ាស៊ីន​កិន​ស្រូវ និងក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប ពោលគឺ ពួកគេ​​អាចនឹង​ត្រូវ​ខាត​បង់​លើតម្លៃ​បន្ថែម​ប្រមាណ ៥០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។

យោងតាម​សេចក្ដី​ប្រកាស​​​របស់​គណៈកម្មាការ​អឺរ៉ុប ការឈាន​ទៅ​កំណត់​​​ឲ្យអង្ករ​​កម្ពុជា​នាំចេញទៅអឺរ៉ុប​​ត្រូវ​​បង់ពន្ធ​នេះ​ នឹង​មាន​រយៈពេល ៣ឆ្នាំ ដោយឆ្នាំទី១ ត្រូវបង់​ពន្ធ​ប្រមាណ ១៧៥ អឺរ៉ូ (ស្មើនឹងប្រមាណ ២០០ដុល្លារអារិក) ក្នុងអង្ករ១​តោន និងឆ្នាំទី២ ត្រូវបង់ពន្ធ ១៥០អឺរ៉ូ (ស្មើនឹងប្រមាណជាង ១៧០ដុល្លារអាមេរិក) ខណៈដែល​ឆ្នាំទី៣ ត្រូវបង់ពន្ធ ១២៥ អឺរ៉ូ (ស្មើនឹង​ប្រមាណ​​ជាង ១៤០ ដុល្លារអាមេរិក)។ 

ទោះជាយ៉ាងនេះក្ដី បើតាម​​អ្នកវិភាគ​សេដ្ឋកិច្ច​​កសិកម្ម លោក ច័ន្ទ សុផល បានគូស​​បញ្ជាក់​ថា ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាល​ គួរតែ​​បន្ថែម​ការគាំទ្រ​​ដល់​វិស័យ​ស្រូវអង្ករ​​បន្ថែមទៀត ដូចជា ​បង្កើន​ការ​ផ្ដល់ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ជាមួយ​នឹង​អត្រាការ​ប្រាក់ទាប និងការសម្រួល​ដល់​​តម្លៃ​ថាមពល​អគ្គិសនី​ដែល​បម្រើ​ដល់​ការផលិត ឲ្យមាន​តម្លៃ​កាន់​តែទាប ដើម្បី​កាត់បន្ថយ​ថ្លៃដើម​សម្រាប់​ការប្រកួត​ប្រជែង​ទីផ្សារ។ 

សូមជម្រាបថា តាម​របាយការណ៍​ពី​គណៈកម្មការ​អឺរ៉ុប ក្នុង​មួយឆ្នាំៗ កម្ពុជា​នាំចូល​អង្ករ​ទៅសហភាព​អឺរ៉ុប​ប្រមាណ ជាង ២០​ម៉ឺន​តោន ហើយអឺរ៉ុប​​ក៏ជា​ទីផ្សារ​ធំមួយ​​របស់​វិស័យ​ស្រូវអង្ករ​កម្ពុជា​ផងដែរ។​​

របាយការណ៍​ដដែល បានឲ្យ​ដឹង​ទៀតថា គិតតាំង​ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កន្លងទៅ ការនាំ​ចូល​អង្ករ​ពីកម្ពុជា​​មកកាន់​អឺរ៉ុប​​មានលំហូរ​កំណើន​ប្រមាណ​ ៨២២ភាគរយ ពោលគឺ​ចាប់​ពី​ប្រមាណ​​២៧​ពាន់​តោន មកដល់​ ២៤​៩.០០០តោន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
ការនាំចេញ ផលិតផលសម្លៀកបំពាក់ របស់ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ជិត ១៥% ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៣៥ពា…

កំពូលប្រទេស​អ្នក​មានបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹង

ព័ត៌មាន
នៅលើពិភពលោកនេះ មានប្រទេសជិត២០០ ប្រទេស និងមានប្រជាជនរាប់ពាន់លាននាក់ ប៉ុន្ដែ រាល់ប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ដោយខ្លះជាប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ