តម្លៃស្រូវឆ្នាំ២០១៩

ក្រសួងកសិកម្ម អះអាងថា «តម្លៃស្រូវនៅសមរម្យនៅឡើយ» តែកសិករថា «តម្លៃធ្លាក់ចុះ ហើយទិន្នផលក៏បានតិច និងប្រឈម​នឹងការខាតបង់»


ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានអះអាងថា តម្លៃស្រូវឆ្នាំនេះ គឺនៅសមរម្យនៅឡើយ ហើយបានចាត់ទុកការរិះគន់រឿងស្រូវធ្លាក់ថ្លៃ ជាការផ្សាយព័ត៌មានឲ្យពលរដ្ឋមានការភាន់ច្រឡំមកលើរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម។ ប៉ុន្ដែ កសិករមួយចំនួនបានអះអាងថា នៅឆ្នាំនេះ មិនត្រឹមតែ​តម្លៃស្រូវធ្លាក់ចុះទាបជាងឆ្នាំមុននោះទេ ទិន្នផលក៏ស្រុតចុះដែរ ដែលជាហេតុធ្វើឲ្យពួកគាត់ប្រឈមនឹងការខាតបង់ថែមទៀតផង។
Amru Rice ចុះMoUជាមួយសហគមន៍ខេត្តកំពង់ធំនាំស្រូវក្រអូប៨ពាន់តោនទៅទីផ្សារអន្តរជាតិ
ដោយ

ក្រោយពីមាន​ការរិះគន់​យ៉ាងចាស់ដៃ នៅលើបណ្ដាញសង្គម​ហ្វេសប៊ុក ពីសំណាក់​ប្រពលរដ្ឋ​ពីរឿង​តម្លៃ​ស្រូវ​មានការធ្លាក់ថ្លៃ​នៅឆ្នាំនេះ ថ្មីៗនេះដែរ ក្រសួង​កសិកម្ម បាន​ចេញមុខ​អះអាងថា តាមការស្រាវជ្រាវ​ព័ត៌មាន​ពី​បណ្ដាមន្ទីរ​កសិកម្ម បាន​ឲ្យដឹងថា នៅតាម​ខេត្ត​ដែលកំពុង​មមាញឹក​ក្នុងការប្រមូល​ផល​ គឺស្រូវនៅមាន​តម្លៃសមរម្យ​នៅឡើយទេ លើកលែងតែ​ស្រូវ​ដែលមានគុណភាព​អន់​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើតាមក្រុម​កសិករ​មកពីខេត្ត​មួយចំនួន​បាន​អះអាង​ប្រាប់​ខេមបូណូមីស នៅថ្ងៃនេះថា តម្លៃស្រូវ​នៅឆ្នាំនេះ បើធៀប​នឹង​ឆ្នាំទៅមិញ គឺ​មានការធ្លាក់ថ្លៃមែន ហើយ​កសិករ​នៅខេត្ត​ខ្លះទៀត​អះអាងទៀតថា ពួកគាត់​ក៏ប្រឈម​នឹងការខាតបង់ដែរ ដ្បិតថា តម្លៃស្រូវធ្លាក់ចុះហើយ ខណៈទិន្នផល​ក៏មិនសូវជា​បាន​ច្រើន​ដូចឆ្នាំ​មុនដែរ ព្រោះតែ​គ្រោះរាំងស្ងួត។

តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​នាពេល​ថ្មីៗនេះ បាន​ចេញមុខអះអាងថា ការរិះគន់​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក​មួយចំនួន ដែលបាន​រិះគន់​មើលក្រសួងកសិកម្ម ពាក់ព័ន្ធ​នឹង​តម្លៃស្រូវ​គ្រប់ប្រភេទ​ធ្លាក់ចុះនៅតាម​បណ្ដាខេត្ត​មួយចំនួន ជាប់ព្រំដែន​ប្រទេសថៃនោះ គឺជា​រឿងដែល​ផ្ទុយពីការ​ពិត​ដែល​ក្រសួង​បាននិងកំពុង​យកចិត្ត​ទុកដាក់​លើបញ្ហានេះ ហើយ​ក្រសួង​កសិកម្ម បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺបានធ្វើឲ្យ​សាធារណជន​ ដែលមិនយល់​ហេតុផល​ មានការភាន់ច្រលំ មកលើ​រាជរដ្ឋាភិបាល​ ពិសេស​មកលើក្រសួង​កសិកម្មតែម្ដង។

ក្រសួង​កសិកម្ម បានអះអាងទៀតថា តម្លៃស្រូវ​ នៅតាម​បណ្ដាយខេត្ត​មួយចំនួន គឺនៅតែមាន​តម្លៃសមរម្យ​នៅឡើយទេ លើកលែងតែស្រូវដែលមានគុណភាព​អន់​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ កសិករនៅតែមានការ​ត្អូញត្អែរចំពោះ​តម្លៃស្រូវឆ្នាំនេះ ដោយបាន​លើកឡើងថា គឺមាន​ការ​ធ្លាក់ចុះ​ជាងឆ្នាំមុន ខណៈដែលទិន្នផល​ក៏​មានការធ្លាក់ចុះ​ច្រើនដែរ ព្រោះតែ​គ្រោះរាំងស្ងួត។ ដោយសារតែ​ទិន្នផល​បានតិចជាងមុន និងតម្លៃធ្លាក់ចុះ កសិករ​មួយចំនួន បានអះអាងថា ពួកគេ​មិនអាច​រកចំណេញឃើញថាទេ ពោលគឺនបានត្រឹម​ទប់ទល់​នឹង​ការចំណាយ និងខ្លះទៀត​អាចប្រឈមនឹងការ​ខាតបង់ទៀតផង។ 

សុខ បារាំង កសិករ​នៅស្រុក​សូត្រនិគម​ ខេត្ត​សៀមរាប បាន​លើកឡើងថា សម្រាប់តម្លៃស្រូវឆ្នាំនេះ គឺពិតជា​មានការធ្លាក់ថ្លៃមែន ដោយកាលពីឆ្នាំទៅមិញ ប្រភេទ​ស្រូវក្រអូប​សើម​អាចលក់បាន​មួយគីឡូ ១២០០ រៀល ប៉ុន្ដែ ឆ្នាំនេះ លក់បានតែ​ប្រមាណ ១០១០រៀល ទៅ១០២០ រៀល ឬបានខ្ពស់​ ត្រឹម​១០៥០រៀល​ប៉ុណ្ណោះ។

លោក សុខ បារាំង បាន​បញ្ជាក់ទៀតថា ទន្ទឹម​នឹងតម្លៃស្រូវ​ឆ្នាំនេះ​ស្រុតចុះហើយនោះ ឈ្មួញ​ក៏មានការ​ទិញរើសគុណភាព​ស្រូវថែមទៀតផង ដោយ​ស្រូវគុណភាព​ល្មមៗ ដែលធ្លាប់លក់បាន​តម្លៃខ្ពស់​ក៏ត្រូវឈ្មួញ​បង្អាប់ទម្លាក់​ថ្លៃដែរ។ ណាមួយទៀតនោះ គឺ​ឆ្នាំនេះ ទិន្នផល​ស្រូវ​ក៏មិនសូវបានផល​ច្រើន​ដូចឆ្នាំមុនដែរ ព្រោះរាំងស្ងួត​ខ្វះទឹក ដូច្នេះហើយ បើកាត់​កងចំណាយ​លើថ្លៃជី ថ្លៃថ្នាំ ថ្លៃច្រូត និងថ្លៃកម្មករ ឃើញថា កសិករ​មិនសូវជាសង្ឃឹមបាន​ចំណេញទេ ក្នុងការលក់ស្រូវឆ្នាំនេះ គឺមានតែ​ខាតច្រើនជាង។  

លោក មាន នេង ជាកសិករផង និងជា​មេភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្ត​បន្ទាយមានជ័យ បាន​អះអាងដែរថា តម្លៃស្រូវ​ឆ្នាំនេះ ពិតជាមានការធ្លាក់ចុះ​ជាងឆ្នាំមុន​មែន ហើយអ្វីដែល​កសិករ​នៅតំបន់នេះ​ជួបបញ្ហានោះ ក្រៅពីស្រូវធ្លាក់ថ្លៃហើយ ទិន្នផល​ក៏ធ្លាក់ចុះដែរ ដោយស្រែមួយហិកតា​មានទិន្នផលស្រូវបាន​តែប្រមាណ១តោន ឬលើនេះតិចតួចប៉ុណ្ណោះ និងមានខ្លះទៀត ១ហិកតា បានស្រូវ​តែ៤០០ ទៅ៥០០ គីឡូក្រាម​ក៏មានដែរ។ ដូច្នេះ មានកសិករ​ភាគតិចណាស់ ដែលលក់ស្រូវបាន​ចំណេញ​នៅឆ្នាំនេះ។

លោក មាន នេង បាន​គូសបញ្ជាក់ទៀតថា ចំពោះការ​លើកឡើងថា ស្រូវធ្លាក់ថ្លៃ​នៅឆ្នាំនេះ មិនប៉ះពាល់​ដល់​កសិករ​ គឺជាការ​លើកឡើង​មិនត្រឹមត្រូវទេ លោកថា បើចង់ដឹងច្បាស់ ឲ្យមកសួរ​កសិករ​ផ្ទាល់​ទើបបានដឹងពី​ទឹកចិត្ត​របស់ពួកគាត់ ថាគាត់កំពុង​លំបាក​ចិត្តប៉ុនណា។ មេភូមិ​រពាក់ រូបនេះ បានបញ្ជាក់ទៀតថា ជាធម្មតា អ្នកស្រែធ្វើស្រែ តែងតែ​ធ្វើស្រែ​ប្រាថ្នា​ចង់បាន​ស្រូវលក់បានថ្លៃ ទោះបីជាស្រូវ​បានផល​តិច​ក៏ដោយ​ក៏គាត់​ត្រេកអរដែរ តែនេះ ស្រូវបានតិចហើយ លក់បាន​ថោកទៀត។ 

មិនខុសពីកសិករ​នៅខេត្ត​សៀមរាប និងបន្ទាយ​មានជ័យ លោក​សុខ ស៊ន កសិករ​នៅស្រុកមោង​ខេត្តបាត់ដំបង បានអះអាងថា ដោយសារតែគ្រោះធម្មជាតិ​ធ្វើឲ្យ​ស្រូវឆ្នាំនេះ មិនទទួលបាន​ភោគផល​ច្រើននោះទេ ណាមួយតម្លៃក៏មិនសូវជាបាន​សមប្រកបដែរ។ យ៉ាងណាក៏ដោយចុះ កសិករ​ស្រុកមោង រូបនេះ បាន​បញ្ជាក់ដែរថា ចំពោះតម្លៃស្រូវ​បើសិន​ជានៅលក់បាន​ត្រឹម១០០០រៀល​ ឬលើនេះតិចតួច ក្នុងមួយគីឡូក្រាម គឺអាច​កសិករ​អាច​នៅទប់ទល់​នឹងការចំណាយបាន ប៉ុន្ដែ បើធ្លាក់ក្រោម​១០០០រៀល​គឺច្បាស់ជា​ប្រឈម​នឹងការខាតបង់ហើយ។

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​លើកឡើង​នៅលើ​គណនីហ្វេសប៊ុក​ផ្លូវការ​របស់លោកថា តម្លៃស្រូវ​ផ្ការំដួល​នៅខេត្ត​ព្រះវិហារ មាន​ស្ថិរភាព និងថ្លៃជាងគេ ធៀបនឹង​ខេត្ត​ផ្សេងៗទៀត ដែល​មានចន្លោះពី ១០៤០ រៀល​ទៅ១១៥០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវសើម។ លោកឧកញ៉ា​ សុង សារ៉ន បាន​គូសបញ្ជាក់ទៀតថា កាលពី​ឆ្នាំ២០១៤ តម្លៃស្រូវផ្ការំដួល​ប្រភេទស្រូវ​ស្ងួត គឺលក់បានតែ ៨០០ ទៅ៩០០រៀលប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍វិនិយោគដំណាំដូងនៅកម្ពុជា និងកែច្នៃទឹកដូង ដើម្បីនាំចេញទៅចិន

ព័ត៌មាន
ក្រុមហ៊ុន Coconut Palm Group ដែលជាក្រុមហ៊ុនធំមួយដែលមានការវិនិយោគកសិកម្មខ្នាតធំនៅប្រទេសចិន បានមកសិក្សាស្វែងរកឱកាសវិនិយោគដាំដុះដំណាំដ…

ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជាព្រួយបារម្ភពីការនាំចូលឱសថពីបរទេសជាង ៩០%

ព័ត៌មាន
ម្ចាស់សហគ្រាសផលិតឱសថនៅកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃបរិមាណនាំចូលផលិតផលឱសថពីបរទេសយ៉ាងគំហុក។ បញ្ហាត្រង់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ