សេដ្ឋកិច្ចកម្ពុជា

តើកម្ពុជាពិតជាចាត់ទុកចិនជាបង្អែកសំខាន់ក្នុងការស្ដារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាមែនទេ?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកប្រទេសចិន គឺជាបង្អែកសំខាន់ ក្នុងការងារស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ចទាំងមូល ក៏ដូចជា ចូលរួមសំខាន់ក្នុងកិច្ចការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ រូបភាព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ នា​ឱកាស​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លងទន្លេ​មេគង្គ មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​ក្រូចឆ្មារ និង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧១C នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដែល​ជា​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​មួយ​ចំណែក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ និង​រឹង​មាំ​ផ្នែក​នយោបាយ​,​ពាណិជ្ជកម្ម​,​វិនិយោគ និង​សេដ្ឋកិច្ច ជាដើម​។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា សមិទ្ធិ​ផល​ជា​ច្រើន​នៅ​កម្ពុជា សុទ្ធតែ​មានការ​រួមចំណែក​ពី​រដ្ឋាភិបាល​ចិន ពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដែល​រួមចំណែក​យ៉ាង​សំខាន់​លើ​ការងារ​ដឹក​ជញ្ជូន​កសិផល​របស់​កសិករ​ទៅ​កាន់​ទីផ្សារ កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ម​ធ្យា​បាយ​ដឹក​ជញ្ជូន និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​។

បើ​ទោះបីជា កម្ពុជា បាន​ចាត់​ទុក​ប្រទេស​ចិន ជា​ផ្អែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា ក៏​ពិតមែន ប៉ុន្តែ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា កម្ពុជា ស្វាគមន៍​ជា​និច្ច​រាល់​វិនិយោគ​គិ​ន​ដទៃ ដែល​ចង់​វិនិយោគ​គម្រោង​នានា ក៏​ដូច​ជា ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។ ក្នុង​ន័យ​នេះ សម្ដេច​ចង់​បញ្ជាក់​ថា កម្ពុជា មិនមែន​ពឹងពាក់​តែ​លើ​ប្រទេស​ចិន​តែ​មួយ ដូច​ការ​លើក​ឡើង​ពី​បរទេស​នោះ​ទេ​។

ដោយឡែក ឯកឧត្តម ស៊ុន ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​ចាត់​ទុក​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ជំនួយ​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់​របស់​រដ្ឋាភិបាល​ចិន មក​កាន់​កម្ពុជា គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​ស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នោះ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​ក្រូចឆ្មារ និង​ផ្លូវជាតិ​លេខ​៧១C ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នេះ គឺជា​គម្រោង​យុទ្ធសាស្ត្រ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​សំខាន់ សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ឱ្យ​កាន់តែ​រហ័ស កាត់​បន្ថយ​ការ​ចំណាយ និង​ចំណេញ​ពេលវេលា​។

សូម​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​ក្រូចឆ្មារ បាន​ចំណាយពេល​សាងសង់​ចំនួន​៤២​ខែ និង​ចំណាយ​ថវិកា​ជិត​៥៧​លាន​ដុល្លារ​។

តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បង្ហាញ​ថា នៅ​៩​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជ​កម្ពុជា​ចិន សម្រេច​បាន​ជិត​៨​ពាន់​លាន​ដុល្លារ​កើន​ជាង​៣៨%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ចិន​សម្រេច​បាន ជាង​១​ពាន់​លាន​ដុល្លារ​កើន​ជាង​៥២% ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​វិញ​មាន​ជាង​៦​ពាន់​៨​រយ​លាន​ដុល្លារ​កើន​ជាង​៣៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដាក់វិធានការកូវីដ១៩តឹងរឹងឡើងវិញ នឹងជាជម្រើសវិធីសាស្ត្រចុងក្រោយបង្អស់សម្រាប់សិង្ហបុរី

ព័ត៌មាន
ស្របពេលដែល ប្រទេសសិង្ហបុរីកំពុងតែបន្ធូរបន្ថយវិធានការរឹតបន្ដឹងទាក់ទងនឹងការទប់ស្កាប់កូវីដ១៩ជាបន្ដបន្ទាប់ ដើម្បីត្រៀមបើកប្រទេសឡើងវិញក្នុងពេល…

របាយការណ៍អង្គការអន្តរជាតិ IDEA បង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានចុះអន់ថយជាលើកដំបូង

ព័ត៌មាន
ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកបានថមថយចុះយ៉ាងខ្លាំង ហើយនៅក្នុងនោះ ក៏មានដែរ សហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថាជាបិតាប្រជាធិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ