ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូង

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូងនៅតែរក្សាបានកំណើនតួលេខពីរខ្ទង់នៅ៨ខែឆ្នាំ២០២១


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូងនៅរយៈពេល ៨ខែឆ្នាំ២០២១នេះ នៅតែសម្រេចបានកំណើន២ខ្ទង់ជាង ១១% ជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៦៣០លានដុល្លារអាមរិក។ នេះបើតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង។ ទំហំពាណិជ្ជកម្មប្រទេសទាំងនេះ ក៏ត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងកាន់តែខ្លាំងទៀតនៅឆ្នាំក្រោយ ខណៈប្រទេសទាំងពីរនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅខែក្រោយនេះ។
ទង់ជាតិកម្ពុជា-កូរ៉េខាងត្បូង

បើ​ទោះបីជា​ស្ថានភាព​កូ​វី​ដ​១៩ បាន​បន្ដ​រីក​រាលដាល និង​ធ្វើ​ឲ្យ​មាន ការ​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ដោយ ប៉ុន្ដែ ការ​ធ្វើ​ពាណិជ្ជកម្ម រវាង​កម្ពុជា នឹង បណ្ដា​ប្រទេស​មួយ ចំនួន​ជា​ដៃគូ​នៅ​តែ​បន្ដ​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ តួយ៉ាង សម្រាប់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​នៅ​៨​ខែ​ដើមឆ្នាំ​២០២១ សម្រេច​បាន​ជាង ៦៣៥​លាន​ដុល្លារ កើន​ជាង​១១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ​ដែរ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​សម្រេច​បាន​ជាង​២២៦​លាន​ដុល្លារ កើន​ប្រមាណ​ជាង​៣,៥% ខណៈ​ដែល​ការ​នាំ​ចូល​ពី​កូរ៉េ​មក​វិញ មាន​ជាង​៤០០​លាន​ដុល្លារ កើន​ជាង​១៦%​។ នេះ​បើ​តាម​របាយការណ៍​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​។

បើ​មើលទៅ​មុខទំនិញ​ដែល​កម្ពុជា​បាន​ចេញ​ទៅ​កូរ៉េ​ខាងត្បូង​វិញ រួម​មាន​ស្បែកជើង និង​ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើ​ដំណើរ ង​គ្រឿង​បង្គុំ​អគ្គិសនី និង​ផលិតផល​កសិកម្ម​ផង​ដែរ​។ ដោយឡែក កម្ពុជា​មាន​តម្រូវការ​នាំ​ចូល​ពី​កូរ៉េ​មក​វិញ មាន​ដូច​ជា យានយន្ដ គ្រឿង​អេ​ឡិច​ត្រូ​និក ផលិតផល​ផ្ទះបាយ ឱសថ និង​ភេសជ្ជៈ រួម​ទាំ​អង​ផលិតផល​ផ្លា​ស្ទិ​ក​ជាដើម​។

ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា នឹង​បន្ដ​មាន​សម្ទុះ​កំណើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត នៅ​គ្រា​ដែល​ប្រទេស​ទាំង​ពីរ ឈាន​ទៅ​សម្រេច​បានការ​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ទ្វេភាគី​រួម​គ្នា​នៅ​ក្នុង​ខែតុលា​ខាង​មុខ​នេះ និង​អាច​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ប្រសិនបើ​ស្ថានភាព​កូ​វី​ដ​១៩​ធូរស្រាល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ និង​ធ្វើ​ដំណើរ​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​កូរ៉េ​ដោយ​ផ្ទាល់ ដើម្បី​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា កូរ៉េ​ខាងត្បូង ភាគី​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បានការ​បើកចំហរ​ទីផ្សារ​កាន់តែ​ធំ​សម្រាប់​មុខទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​។

កាលពី​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​៨៨០​លាន​ដុល្លារ ធ្លាក់​ចុះ​ជិត ១៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង តាម​ទិន្នន័យ ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)​។

សូម​បញ្ជាក់​ថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ផង​ដែរ ដែល​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២២​ខាង​មុខ​។ ក្រៅពី​នេះ កម្ពុជា​ក៏​មាន​ផែនការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​ឥណ្ឌា និង​ជប៉ុន​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ អាជីវកម្មបម្រើសេវាទេសចរណ៍ចាប់ផ្ដើមកម្រើកឡើងវិញហើយ

ព័ត៌មាន
មន្ត្រី និងក្រុមអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ បានមើលឃើញពីក្ដីសង្ឃឹមកាន់តែខ្ពស់ឡើងសម្រាប់វិស័យទេសចរណ៍កម្ពុជាក្រោយពេលដែលចរន្ដទេសចរណ៍ផ្ទៃក្នុងច…

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងប្រសើរឡើង ក្រោយការបើកវិស័យទេសចរណ៍ពីសំណាក់រដ្ឋាភិបាល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ បានចាត់ទុកការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ដែលគ្រោងធ្វើឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ