ចំណូលពន្ធ

ស្ថាប័នជាតិ ២ ប្រមូលចំណូលពន្ធបាន ១ឆ្នាំ ជិត ៥ពាន់លានដុល្លារអាមេរិក


ស្ថាប័នប្រមូលចំណូលជូនជាតិកម្ពុជា ពីរ គឺអគ្គនាយកដ្ឋានគយ និង រដ្ឋាករ និង អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការកៀរគរប្រមូលចំណូលពន្ធជូនរដ្ឋ។ ស្ថាប័នជាតិ២នេះបានប្រមូលចំណួលពន្ធផ្សេងៗ បានរហូតដល់ទៅជិត ៥ពាន់លានដុល្លារអាមេរិកឯណោះ។នេះបើតាមរបាយការណ៍ដែលអគ្គនាយកដ្ឋានទាំងពីរ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទើបតែបានផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (https://www.mef.gov.kh/)
ដោយ

ជាក់ស្តែង អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករកម្ពុជា ដែលទើប​តែបញ្ចេញ​របាយការណ៍​ជា​សាធារណៈ​នៅ​ក្នុង​សន្និបាត​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅថ្ងៃនេះ​ថា សម្រាប់​ឆ្នាំ២០១៨ ស្ថានប័នគយ និងរដ្ឋាករ​នេះ ប្រមូល​ចំណូល​សរុប​ប្រមាណ​ជាង ១០ ទ្រីលានរៀល (ប្រមាណ ២.៥០០ លាន​ដុល្លារ​អាមេរិក) កើនឡើង​ជាង ៣២% ធៀប​នឹង ឆ្នាំ២០១៧ ។

លោក បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក នៃអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់ថា លទ្ធផល​នៃចំណូល​ពន្ធគយ​ក្នុងឆ្នាំ ២០១៨ វាលើស​ផែនការ​ឆ្នាំដែល​កំណត់​ដោយច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ប្រចាំ​ឆ្នាំ ២០១៨ ពោលគឺលើស​រហូត​ដល់​ជាង ១២១%។

ឯកឧត្តម បណ្ឌិត គុណ ញឹម បានឲ្យ​ដឹងថា បើប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧ ចំណូល​ពន្ធគយ ​តាម​ប្រភេទ​ពន្ធ និង អាករ​សំខាន់ៗ ដែល​ប្រមូល​ដោយ​គយ មាន​កំណើន​គួរឲ្យកត់​សម្គាល់ ក្នុងនោះ​ ពន្ធគយ (ពន្ធនាំចូល)មាន​កំណើន​ជាង ១៨%, អាករ​ពិសេស​កើនជាង ៤២% និង អាករ​លើ​តម្លៃ​បន្ថែម (VAT) កើនជិត៣១%។

ប្រភព​ចំណូលពន្ធ និង អាករ​សំខាន់ៗ ដែលប្រមូល​ពន្ធ​បាន ទី១ យានយន្ត និង គ្រឿងចក្រ បាន​ដើរ​តួនាទី​ប្រមាណ​ជិត៤៦% នៃចំណូល​សរុប ទី២ ប្រេងឥន្ធនៈ និង ថាមពល​ប្រមាណ ២០%​នៃចំណូល​សរុប និង ទី៣ ទំនិញ​ចម្រុះ និង គ្រឿង​សំណង់​មាន​ជាង ៣៤%នៃចំណូល​សរុប។

ដោយឡែក ពេញមួយឆ្នាំ ២០១៨ កន្លងទៅ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ ក៏បាន​ប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាន​ សរុបមាន​ប្រមាណ​ ២.២០០ លាន​ដុល្លារ​អាមេរិក ដែលស្មើនឹង​ប្រមាណ​ជាង ១១៤% នៃផែនការ​ប្រចាំ​ឆ្នាំ ដែលបាន​កំណត់។ ពោលមាន​ការកើន​ឡើង​ជាង ១៣%ធៀប​នឹង​ឆ្នាំ​២០១៧។ នេះបើតាម​របាយការណ៍​ពីអគ្គនាយក​ដ្ឋាន​ពន្ធដារ។ បើយើង​សរុប​ចំណូល​ពន្ធ​របស់​ស្ថាប័នរដ្ឋ​ទាំងពីរ​ខាង​លើនេះ ឃើញថា រដ្ឋយើង​ប្រមូល​ចំណូល​ពន្ធបាន ប្រមាណ​ជិត ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធដារបាន​អះអាងថា ការប្រមូល​ចំណូល​ពន្ធ​ររបស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅរយៈ​ពេល ៥ឆ្នាំ ចុងក្រោយ​នេះ ឃើញថា ចំណូល​ពន្ធដារ បានកើន​ឡើង​ក្នុង​រង្វង់ ២០% ក្នុងមួយឆ្នាំ។  

ឯកឧត្តមថា ចំណូល​ពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ មាន​លើសឆ្នាំ ២០១៧ ប្រមាណ ២៦០ លាន​ដុល្លារ​អាមេរិក។ ដោយឡែក បើពិនិត្យ​ទៅមើល​នៅក្នុងខែ​ធ្នូ ឆ្នាំ២០១៨ ឃើញថា អគ្គនាយដ្ឋានពន្ធដារ ប្រមូល​ចំណូល​ពន្ធបាន ជាង ១៤០ លាន​ដុល្លារ​អាមេរិក ធៀបនឹង​រយៈពេលដូចគ្នា​កាល​ពីឆ្នាំ ២០១៧ មានការ​កើនឡើង​ជាង២៨%។

ចំពោះ​លទ្ធផល​នៃការប្រមូល​ពន្ធ​នេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានថ្លែង កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេច​បានរបស់​អគ្គនាយក​ដ្ឋាន​ទាំងពីរ នៅឆ្នាំ២០១៨ កន្លងទៅ និងក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ​នេះ។

សម្រាប់ឆ្នាំ២០១៩​នេះដែរ ដើម្បីធានា​បាននូវ​ប្រសិទ្ធ​ភាពការងារ​ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និងឈាន​ទៅសម្រេច​ឲ្យបានលើ​ផែនការ ជាអតិបរិមា​នោះ ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ក៏បាន​គាំទ្រ អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យបន្ត​បេសកកម្ម​របស់​ខ្លួន ឲ្យ​បានខ្ជាប់​ខ្ជួន​បន្ថែម​ទៀត។

លោក ឧកញ៉ា លី ហួរ អគ្គនាយក ក្រុមហ៊ុន លីហួរ គ្រុប បានឲ្យ​ដឹងថា ក្រុមហ៊ុន​លោក និងរូបលោកផ្ទាល់​បានចូល​រួមចំណែក​បង្កើន​ចំណូល​ពន្ធ​នេះដែរ ក្នុងនាម​លោក​ឧកញ៉ា​នៅក្នង វិស័យ​ឯកជន។ លោកឧកញ៉ាបន្តថា ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ក្រុមហ៊ុន​លីហួរ​បានចូល​រួមចំណែក​ក្នុងការបង់​ពន្ធជូន​រដ្ឋកើន​ឡើង​ជាបន្ត​បន្ទាប់ ពិសេស​គឺវិស័យ​សំណង់ និងរួមទាំង​បុគ្គលិក​ផងដែរក៏បាន​ចូលរួម​ចំណែក​បង់ពន្ធ​ជូនរដ្ឋ​ដូចៗ​គ្នា។

លោកឧកញ៉ា បន្ថែមថា ការចូល​រួមបង់​ពន្ធជូន​រដ្ឋកាន់តែ​ច្រើន​ពីវិស័យ​ឯកជននេះ នឹងជួយ​ទៅដល់​ការអភិវឌ្ឍ​ប្រទេស​កាន់តែរីក​ចម្រើន តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ សង្គម សេដ្ឋកិច្ច និងការរស់​នៅរបស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាងមុន។

លោកឧកញ៉ា លី ហួរ​បានឲ្យ​ដឹង​ទៀតថា នៅក្នុង​រយៈពេល ៥ឆ្នាំចុង​ក្រោយនេះ វិស័យ​ពន្ធដារ​មាន​ការអភិវឌ្ឍ​ខ្លាំង ដោយបាន​កែទម្រង់​របៀប​នៃការបង់​ពន្ធ​មិនមាន​ភាព​ស្មុគស្មាញ បង្កលក្ខណៈ​ងាយ​ដល់​អ្នក​វិនិយោគ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេស អាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei បានបង្ហាញនូវ បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់និងបច្ចេកវ…

អាមេរិក នឹងវិនិយោគ១៧០ លានដុល្លារអាមេរិក លើរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះ នៅវៀតណាម

ព័ត៌មាន
ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង នៅថ្ងៃទី២ នេះ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ