ការដឹកជញ្ជូនទំនិញតាមព្រំដែន

អ្នកជំនាញ៖ ការរឹតត្បិតតឹងរ៉ឹងតាមច្រកព្រំដែនកម្ពុជា-ថៃ បណ្ដាលឲ្យការដោះដូរទំនិញមានភាពយឺតយ៉ាវជាងមុន


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា វិធានការរឹតត្បិតនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ឌែលតា កំពុងធ្វើឲ្យការដោះដូរទំនិញនៅតាមព្រំដែនមានសភាពយឺតយ៉ាវ ពោលគឺហាក់ចំណាយពេលច្រើនជាងមុន ព្រោះរាល់ការធ្វើចរាចរណ៍ទំនិញ និងមនុស្សត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពាក់ព័ន្ធវិធានការកូវីដ-១៩។ ទោះយ៉ាងណា អ្នកជំនាញគូសបញ្ជាក់ថា ការរឹតត្បិតនេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ចរន្ដនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរនោះឡើយ។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា​បានបញ្ជាក់ពី​ស្ថានភាព​ដោះដូរទំនិញ​នៅព្រំដែនកម្ពុ​ជា-ថៃថា ចរន្តដឹកជញ្ជូន និងដោះដូរទំនិញ​នៅតាមព្រំដែនរវាងប្រទេសទាំងពីរនៅបើកប្រព្រឹត្តទៅធម្មតា គ្រាន់តែបង្កើន​នូវការរឹតបន្តឹងជាងមុនបន្ដិច​។ ការបង្កើនការរឹតត្បិតនេះ បានធ្វើឲ្យការដោះដូរទំនិញ​នៅព្រំ​ដែនកម្ពុជា-ថៃ ហាក់ចំណាយពេលច្រើនជាងមុន ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញភាពយឺតយ៉ាវ ព្រោះ​ដោយសារតែត្រូវ​ការធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះបុគ្គលិក កម្មករ ឬតៃកុងឡាន​ ដែលត្រូវឆ្លងព្រំដែន​នៃប្រទេសទាំងពីរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ​ដឹកជញ្ជូនទំនិញ​បានអះអាងដូចគ្នា​ជុំវិញស្ថានភាព​ដឹកជញ្ជូន និងដោះដូរទំនិញនៅព្រំដែនកម្ពុជា-ថៃ។ លោក បញ្ជាក់ប្រាប់ខេមបូណូមីសថា ទោះបីមានការបង្កើនការរឹតបន្តឹងវិធានការកូវីដ-១៩ នៅព្រំដែនរវាងប្រទេសទាំងពីរ ប៉ុន្តែការដោះដូរ និងដឹកជញ្ជូននៅប្រព្រឹត្តទៅធម្មតា។ ប៉ុន្តែ លោក សង្កេតឃើញថា ការដោះដូរទំនិញ​នៅមួយរយៈចុងក្រោយហាក់​មានការថយចុះមួយកម្រិត ដោយសារមានការធ្លាក់ចុះតម្រូវការ​នៃប្រទេសទាំងពីរ។    

ស្ថានភាពដោះដូរទំនិញរវាងកម្ពុជា និង ថៃពាក់កណ្ដាល​ឆ្នាំ​២០២១នេះ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ជាក់ស្ដែង បើ​តាម​របាយការណ៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​បាន​ផ្តល់​ឲ្យ ខេ​ម​បូ​ណូ​មី​ស បាន​បង្ហាញ​ថា នៅ​រយៈពេល​៥​ខែ​ក្នុង​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ សម្រេច​បាន​ត្រឹមតែ​៤៦០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះ​៣៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​តម្លៃ​រហូត​ដល់​៧២៥​លាន​ដុល្លារ​។ ប៉ុន្តែ​ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​មក​កម្ពុជា​រក្សា​បាន​កំណើន​៣% ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ​ដឹកជញ្ជូនទំនិញ បានបញ្ជាក់ថា កត្តា ដែលធ្វើឲ្យការចេញ​ទំនិញរបស់ថៃ មកកម្ពុជា​នៅតែអាចរក្សាបានកំណើន ដោយសារតម្រូវប្រើប្រាស់នៅកម្ពុជានៅតែ​មានកំណើន គួបផ្សំច្រវាក់ផលិតកម្ម​ក្នុងស្រុក​មានការធ្លាក់ចុះ ដោយសារវិបត្តិកូវីដ-១៩។ លោកសង្កេតឃើញថា  កម្ពុជានាំចូលទំនិញពីថៃ ភាគច្រើនជា​គ្រឿងបរិក្ខាសំណង់ គ្រឿងឧបភោគបរិភោគ និងរបស់របរ​ចាំបាច់មួយចំនួន​ ដែលបម្រើ​ឲ្យ​ការអភិវឌ្ឍ និងតម្រូវការប្រើប្រាស់ក្នុងបរិ​បទកូវីដ-១៩។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថៃ បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ជាង១ម៉ឺន៣ពាន់នាក់ និងស្លាប់៨៧នាក់ ដែលនាំអ្នកឆ្លងកូវីដ-១៩ នៅប្រទេសនេះកើនឡើងដល់ជាង៤៥ម៉ឺននាក់ និងស្លាប់សរុបជាង ៣ពាន់៦រយនាក់ ខណៈអ្នកជាសះស្បើយមានជាង៣១ម៉ឺននាក់។ ចំណែកនៅកម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុបជាង៧ម៉ឺននាក់ ស្លាប់ជាង១ពាន់នាក់ និងជាសះស្បើយជាង៦ពាន់២រយនាក់៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់កិច្ចស្ដីអំពីកិច្ចព្រមព្រៀង RCEP បានបោះទៅមុខ១ជំហានទៀត ក្រោយរដ្ឋសភាអនុម័តដាក់ក្នុងរបៀបវារៈកិច្ចប្រជុំ

ព័ត៌មាន
សេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ត្រូវបានគណៈកម្មាធិការអចិន្ត្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ