ពាណិជ្ជកម្ម​កម្ពុជា-ថៃ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃអាចនឹងកើនឡើងថែមទៀតទេ ក្រោយព្រំដែនបើកឲ្យមានការធ្វើដំណើរឡើងវិញ


បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា និងប្រទេសថៃ នាពេលបច្ចុប្បន្ន មានភាពធូរស្បើយ ឃើញថាថ្មីៗនេះ ប្រទេសទាំងពីរបានសម្រេចបើកច្រកព្រំដែនអន្តរជាតិឡើងវិញ ដូចជានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិនៅខេត្តបាត់ដំបងជាដើម ដើម្បីអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងពីរអាចធ្វើដំណើរចេញចូលបានឡើងវិញ។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម សុទ្ធតែបានមើលឃើញថា ការបើកច្រកទ្វារព្រំដែននេះ នឹងជាឱកាសសម្រាប់កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសថៃកាន់តែប្រសើរឡើងមួយកម្រិតទៀត ពិសេសបង្កើនការនាំចេញផលិតផលពីកម្ពុជា ទៅកាន់ប្រទេសថៃតែម្ដង។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃឲ្យពលរដ្ឋអាចធ្វើដំណើរឡើងវិញនេះ នឹងជួយជំរុញថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែមានភាពសកម្មជាងមុន ពិសេសឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងអំឡុងពេលស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ បានធូរស្បើយ។ លើសពីបង្កើនទំនាក់ទំនងល្អ ការបើកច្រកឡើងវិញនេះ ក៏ជាឱកាសសម្រាប់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសថៃដែរ។ ខណៈការបញ្ជាទិញនិងការត្រៀមធ្វើសកម្មភាពនាំចេញគឺមានស្រាប់អស់ហើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ជុំវិញនឹងការបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃនេះដែរ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញការសាទរយ៉ាងពេញទំហឹង។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា ការបើកច្រកទ្វារព្រំដែននេះ មិនប្រាកដថា អាចនឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិផលខ្មែរ ដែលជួបបញ្ហានាពេលកន្លងមកនោះទេ ដោយសារការនាំចូលផលិតផលនីមួយៗ ទៅប្រទេសថៃ ទាមទារលក្ខខណ្ឌតម្រូវមួយចំនួន ពិសេសទាក់ទងនឹងផលិតផលកសិកម្មតែម្ដង។

ទម្រាំកម្ពុជា អាចនាំកសិផលចូលទៅប្រទេសថៃបាន ចាំបាច់គោរពនូវលក្ខខណ្ឌស្មុគស្មាញមួយចំនួន។ ក្នុងនោះ រួមមាន ការជាប់របាំងភូតគាមអនាម័យ, ត្រូវរង់ចាំឲ្យប្រជាជនថៃប្រមូលផលរួចរាល់សិន ទើបអាចនាំចូលកសិផលពីខាងក្រៅ គួបផ្សំការបិទ-បើកច្រកនាំចេញផលិតផលកសិកម្មជាមួយថៃ មិនទៀងទាត់ ដែលទាំងអស់នេះ គឺជាបញ្ហាប្រឈមខ្លាំងណាស់ សម្រាប់កម្ពុជាលើដំណើរការនាំចេញកសិផលរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសថៃ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន។

សូមបញ្ជាក់ថា រយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានប្រមាណ ១ពាន់២រយលានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញដែលកម្ពុជា នាំចេញទៅប្រទេសថៃ មានទឹកប្រាក់តែជាង១រយលានដុល្លារប៉ុណ្ណោះ ខណៈទំនិញកម្ពុជា នាំចូលពីប្រទេសថៃវិញមានទំហំទឹកប្រាក់រហូតជាង១ពាន់លានដុល្លារ ឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផ្ដល់ឲ្យសារព័ត៌មានខេមបូណូមីស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត ផ្តល់ជូន ការបញ្ចុះតម្លៃរហូតដល់ 6% ទិញភ្លាម ចូលនៅភ្លាម

ព័ត៌មាន
អស់ក្តីបារម្ភ សម្រាប់អតិថិជនដែលចង់បានគេហដ្ឋានទិញភ្លាម ចូលនៅភ្លាម ពេលនេះ បុរី ប៉េង ហួត បានផ្តល់ជូនតាមតម្រូវការជាមួយនឹងការផ្តល់ជូន ការប…

រដ្ឋមន្ត្រីក្រសួងដែនដី បញ្ជាដាច់ខាតមិនឲ្យមានការកែប្រែដីស្រែអំបិលនៅខេត្តកំពត

ព័ត៌មាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ