ពាណិជ្ជកម្មកម្ពុជា-ថៃ

ពាណិជ្ជកម្មកម្ពុជា-ថៃពាក់កណ្ដាលឆ្នាំ២០២១មិនទាន់បង្ហាញតួលេខវិជ្ជមាននៅឡើយទេ


ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃ នៅ៦ខែដំបូងឆ្នាំ២០២១នេះ នៅមិនទាន់មានតួលេខវិជ្ជមាននោះទេ បើធៀបនឹង៦ខែ ឆ្នាំ២០២០ ពោលគឺនៅតែមានអត្រាធ្លាក់ចុះ១% បើទោះបីជា នៅរយៈពេលពីរ ទៅបីខែចុងក្រោយនេះ ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់បង្ហាញពីការស្ទុះងើបឡើងវិញច្រើនក្ដី។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ជុំវិញទៅនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មកម្ពុជា-ថៃនេះដែរ ធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា មួយផ្នែកធំ បណ្ដាលពីការរីករាលដាលនៃមេរោគកូវីដ-១៩។
ការនាំចេញនាំចូលរវាងប្រទេសកម្ពុជា និងថៃនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

របាយការណ៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​កម្ពុជា និង​ថៃ​នៅ ៦​ខែ​ដំបូង​ឆ្នាំ​២០២១ សម្រេច​បាន​ជិត​៤​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ថៃ មាន​តម្លៃ​ជាង ៥០០​លាន​ដុល្លា ធ្លាក់​ចុះ​៣៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ រីឯ ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​វិញ មាន​តម្លៃ​ជាង​៣​ពាន់​៤​រយ​លាន​ដុល្លា កើនឡើង ៣%​។ ប្រការ​នេះ បង្កើត​ឲ្យ​កម្ពុជា​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ថៃ​ជិត ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះ​យ៉ាងណា បើ​មើល​លើ​តួលេខ​ត្រឹមតែ​ខែមិថុនា​មួយ​ប៉ុណ្ណោះ បង្ហាញ​ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ពីរ​ចាប់ផ្ដើម​មាន​សភាព​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។ ដោយ​ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​មាន​ទំហំ​ទឹកប្រាក់ ៥៦​លាន​ដុល្លា​អា​មេ​រិ​ក កើនឡើង​៤២%​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០​។ ចំណែកឯ ការ​នាំ​ចូល​ពី​ថៃ​មក​វិញ​មាន​តម្លៃ​៥៦០​លាន​ដុល្លា កើនឡើង​២៩%​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ និង​កម្ពុជា កំពុង​ទទួល​រង​នូវ​រលក​ឆ្លង​កូ​វី​ដ​-១៩​កាន់តែ​ខ្លាំងក្លា ដោយ​ក្នុង​នោះ ប្រទេស​ថៃ ហាក់​កំពុង​ផុងខ្លួន​កាន់តែ​ជ្រៅ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​។ ជាក់ស្ដែង នៅ​រយៈពេល​ចុង​ក្រោយ​នេះ ថៃ​មាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ករណី​ថ្មី​ជាង ១​ម៉ឺ​នាក់​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​កម្ពុជា​រក​ឃើញ​ក្នុង​រង្វង់​ជាង​៧០០ ទៅ​ជាង​៩០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

នៅ​ក្នុង​ខែ កក្កដា ឆ្នាំ​២០២១ ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ត្រូវ​បាន​គេ​មើលឃើញ​ថា កាន់តែ​មានការ​រង្គោះរង្គើ​ខ្លាំង​ឡើង បើ​ទោះបីជា រាជរដ្ឋាភិបាល​ថៃ ប្រឹងប្រែង​ដាក់​ចេញ​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដូច​ជា គម្រោង​បើក​កោះ​ភូ​កេ​ត​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ដល់​ពលរដ្ឋ​របស់​ខ្លួន​យ៉ាងណា​ក្ដី​។ បញ្ហា​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ និង​ការ​បន្ដ​បិទ​ប្រទេស បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ស្នូល​ដែល​ជា​ប្រភព​កំណើន​របស់​ថៃ រួម​មាន កម្មន្ដសាល សំណង់ និង​ឧស្សាហកម្ម​ជាដើម ដោយ​វិស័យ​ទាំង​ទាំងនេះ បាន​ចូលរួម​ចំណែក​ប្រមាណ ៥៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ និង​បង្កើត​ការងារ​ប្រមាណ ៤៦% ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសម្តេចតេជោ ហ៊ុន សែន បានពន្យល់ពីហេតុផលអ្វីខ្លះ ដែលកម្ពុជាជ្រើសយកចិនជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩?

ព័ត៌មាន
តើមានហេតុផលអ្វីខ្លះ កម្ពុជាសម្រេចជ្រើសរើសចិន ជាបង្អែកយុទ្ធសាស្ត្រផ្គង់ផ្គង់វ៉ាក់សាំងកូវីដ-១៩? ជាការពិតណាស់ប្រទេសកម្ពុជា បច្ចុប្បន្នស្ថិតនៅក្នុ…

ពហុកីឡដ្ឋានជាតិមរតក តេជោតម្លៃជិត ១៦០លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)បានអះអាងថា ពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ