ការវិនិយោគជប៉ុន​នៅកម្ពុជា

កម្ពុជា ចង់ក្រសោបយកការវិនិយោគជប៉ុន ក្នុងវិស័យទេសចរណ៍ ឲ្យ​កាន់តែខ្លាំងក្លា


ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កំពុងបន្តនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការវិនិយោគជប៉ុន ក៏ត្រូវបានប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ប្រាថ្នាចង់ឱបក្រសោបខ្លាំងណាស់ដែរ។ យ៉ាងណាមិញ រាជរដ្ឋាភិបាល កម្ពុជា ក៏កំពុងខ្នះខ្នែង ក្នុងការចាប់យកការវិនិយោគជប៉ុនមកកម្ពុជាកាន់តែច្រើន ពិសេស គឺការវិនិយោគក្នុងវិស័យ ទេសចរណ៍តែម្ដង។
រូបលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (https://japan.kantei.go.jp)
ដោយ

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ទេសចរណ៍ បាន​ស្នើ​ដល់​ភាគីជប៉ុន ឲ្យបង្កើន​ការវិនិយោគ​នៅកម្ពុជា​ឲ្យកាន់តែខ្លាំងក្លា​ថែមទៀត ពិសេស​លើការវិនិយោគ​បង្កើត​ផលិតផល​​ទេសចរណ៍ថ្មីៗ។ ក្នុងជំនួប​ នាពេល​ថ្មីៗនេះ ជាមួយ​នឹងលោក Hidehisa Horinouchi ដែលជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា ចប់អាណត្តិ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ស្នើដល់​ភាគីជប៉ុន ឲ្យជួយអភិវឌ្ឍ​វិស័យទេសចរណ៍​កម្ពុជា​បន្ថែមទៀត តាមរយៈ​ការបង្កើន​ការវិនិយោគ​ផលិតផល​ទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់​ទេសចរណ៍​សម្រាប់​ទេសចរចូលនិវត្តន៍ ក៏ដូចជា​ការជួយកសាង​ផ្លូវ​មួយចំនួន​ចូលទៅកាន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ។

បើតាម​ឯកឧត្តម​ថោង ខុន នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គម្រោង​វិនិយោគរបស់​ជប៉ុន គឺមាន ០២គំរោង វិនិយោគលើ​វិស័យទេសចរណ៍ ដែលមានទុន​វិនិយោគ​ដល់ទៅ​ជាង ៨០០លាន​ដុល្លារអាមេរិក។ 

ដោយឡែក បើនិយាយពី​ ចំនួនទេសចរជប៉ុន​ដែល​មកទស្សនា​កម្ពុជាក៏នៅតែ​មានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ តួយ៉ាង​​នៅឆ្នាំ២០១៨ កន្លងទៅ មានទេសចរជប៉ុន​ចំនួនជាង ២១ម៉ឺន​នាក់ ក្នុងកំណើនជាង ៣.៥% បានធ្វើដំណើរកម្សាន្ដ​នៅកម្ពុជា ហើយ​ក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជា​ទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះ​កាលឆ្នាំ២០១៨ កន្លងមក ក៏មានទេសច​រ​កម្ពុជាជាង ២,២ ម៉ឺន​នាក់ បានទៅទស្សនា​ប្រទេស​ជប៉ុនផងដែរ។ បច្ចុប្បន្ន​ នៅភ្នំពេញ មានសណ្ឋាគារ​ដែលវិនិយោគ​ដោយជប៉ុនចំនួន ០៩ ដែលមាន​សរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋាន​ចំនួន ៥៦ ដែលមាន​ជាង ៣.៣០០ កៅអី ផងដែរ។ នេះបើតាម​តួរលេខ ពីក្រសួងទេសចរណ៍កម្ពុជា។ 

ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍​រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែ​ល្អប្រសើរ​ឡើងថែមទៀត ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​បានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្ត​កិច្ចសហប្រតិបត្តិការ​លើវិស័យនេះ​ជាមួយកម្ពុជា​បន្តទៅទៀត ទោះបីថា ឯកឧត្តមបាន​ត្រូវចប់​អាណត្តិ​បេសកកម្ម ទៅហើយក្ដី។

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ គម្រោង​វិនិយោគ​ដែលត្រូវ​បានអនុម័ត ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺមានចំនួន ១៥៣គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ៥ពាន់លាន​ដុល្លារអាមេរិក ហើយអ្វីដែលគួរ​ឲ្យកត់សម្គាល់នោះគឺថា ទុនវិនិយោគជាង ៧០ភាគរយ បានមកពី គម្រោងវិនិយោគ​នៅក្នុង វិស័យទេសចរណ៍។ 

លើសពីនេះ របាយការណ៍​ឆមាសទី ១ ឆ្នាំ២០១៩ របស់ធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញថា ក្នុងចំណោម​ការនាំចេញ​សរុប​របស់កម្ពុជា ទីផ្សារប្រទេស​ជប៉ុន​មានចំណែក​៧ភាគរយ ខណៈដែលទីផ្សារអឺរ៉ុប​មានចំណែកធំជាងគេ ២៦% និងតាមពីក្រោយ​ដោយសហរដ្ឋ​អាមេរិក និងអង់គ្លេស ២៨% និង៦%។ ដោយឡែក សម្រាប់​ការនាំចូល​មក​កម្ពុជាវិញ ជប៉ុន ក៏ឈរ​ក្នុងចំណែកទីផ្សារ​៤% ផងដែរ នៃការនាំចូល​សរុប​របស់កម្ពុជា ខណៈដែលចិនមាន​ចំណែក​ធំជាងគេ​រហូតដល់ ៤៦% ប្រទេសថៃ មានជាង ១៥% វៀតណាម​មានជាង​១៣% ។

តួលេខពាណិជ្ជកម្ម​ពីអង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO បង្ហាញថា ក្នុងរយៈពេល ៦ខែដំបូងដើមឆ្នាំ​២០១៩នេះ កម្ពុជាបានធ្វើការ​នាំចេញ​ទំនិញ​ទៅជប៉ុន មានតម្លៃ​ជាទឹកប្រាក់​ជាង ៧៩២លានដុល្លារ ដោយបានកើន​ឡើងជាង ១២ ភាគរយ ខណៈជប៉ុន​នាំចូលមក​កម្ពុជា​វិញក្នុងទឹកប្រាក់ ជាង ​២៥៦ លានដុល្លារ កើនឡើង ៣៤ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០១៨កន្លងទៅ។

ទិន្ន័យ​ខាងលើនេះ បាន​បង្ហាញថា កម្ពុជាស្ថិតនៅលេខ​រៀងលំដាប់​ទី៨ នៃប្រទេស​ក្នុងតំបន់​អាស៊ាន​ដែលបាន​នាំចេញ​ទៅជប៉ុន ពោលគឺ​ច្រើនជាង​ប្រទេសឡាវ និងមីយ៉ានម៉ា។ ក្នុងនោះ ផលិតផលសំខាន់ៗ​ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុនមាន​ដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំ​ម៉ាស៊ីន​ អគ្គិសនី។​ ចំណែកឯ កម្ពុជាមាន​តម្រូវការ​នាំចូលពី​ជប៉ុនមក​វិញ​ មាន​ដូចជា​ផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ​សម្រាប់​វិស័យកសិកម្ម និងគ្រឿងបរិក្ខា​សម្រាប់​លំនៅដ្ឋាន​ជាដើម។

ក្រៅពី​ការវិនិយោគ​ក្នុងវិស័យទេសចរណ៍ ជប៉ុន​ក៏មាន​ផែនការ​វិនិយោគ​សំខាន់ ក្នុងវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់កម្ពុជា​ផងដែរ។

ជាក់ស្ដែង តាម​សារព័ត៌មាន​ជប៉ុន​ដ៏ល្បី Nikkei Asian Review បាន​ផ្សាយនៅថ្ងៃទី ១៩ កុម្ភៈកន្លងទៅបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជា​ទីតាំង​សំខាន់​ទីមួយ សម្រាប់​គំនិតផ្ដួចផ្ដើម​ការវិនិយោគ​ដ៏សម្បើម ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍របស់ជប៉ុន ខណៈដែល​មាន​ក្រុមហ៊ុន​ប្រមាណ​៦០ ទាំងក្នុង​ផ្នែក​ពាណិជ្ជកម្ម ធនាគារ អ្នកម៉ៅការទូទៅ និង​ក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បាន​ត្រៀមរួច​រាល់អស់​ហើយ​សម្រាប់​វិនិយោគ​នៅកម្ពុជា។

ប្រភពព័ត៌មានដដែល បានឲ្យដឹង​ទៀតថា តាមរយៈ​កិច្ចពិភាក្សា​ទ្វេភាគីរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន ​ខាង​ភាគីជប៉ុន​នឹង​ចូល​មកធ្វើការវិនិយោគ​នៅប្រទេសកម្ពុជា ទាក់ទងនឹង​ការអភិវឌ្ឍ​ទីក្រុង ដោយផ្ដោតសំខាន់​លើ​បរិស្ថាន និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានាទាក់ទង​នឹង​ទីក្រុង​ឆ្លាតវៃ (Smart City)​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមានមហិច្ឆតា បង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗ តម្លៃ ពាន់លានដុល្លារ ឲ្យបានដល់១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួន នឹងបង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ៥ពាន់លានដុល្លារ (Unicorns) យ៉ាងហោចណាស់ឲ្យបាន៥ ក្រុមហ៊ុ…

វិស័យទេសចរណ៍ថៃ អាចបាត់ចំណូលជាង ៤៥ លានដុល្លារ ដោយសារតែអាកាសយានដ្ឋាន ហុងកុង បិទទ្វារ

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ថៃ បានព្យាករពីការខាតបង់ប្រាក់ចំណូលរបស់វិស័យឧស្សាហកម្មទេសចរណ៍ថៃ ថា នឹងអាចបាត់ចំណូលប្រហែលជាង ៤៥ លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ