តំណក់ប្រេងរបស់កម្ពុជា

កម្ពុជារំពឹងខ្ពស់ថានឹងទាញយកប្រេងបាននៅចុងឆ្នាំ ២០១៩ ខាងមុខ!


ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យនៅកម្ពុជា បានប្រកាសនាពេលថ្មីៗនេះថា នៅអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ខាងមុខនេះ កម្ពុជាអាចនឹងទទួលបានតំណក់ប្រេងជាលើកដំបូងរបស់ខ្លួនបានហើយ ក្រោយពី​ក្រុមហ៊ុននេះ ទើបតែ​ប្រកាស​ពី​ការអភិវឌ្ឍ​នាវាផ្ទុកប្រេង​ដ៏ធមយយ ​ដែលក្នុងមួយថ្ងៃ អាច​ធ្វើ​ប្រព្រឹត្តកម្ម​សន្ទនីយ៍​ ឬផ្ទុកវត្ថុរាវ​រហូត​ដល់​ទៅ​ប្រមាណ ៣ម៉ឺន បារ៉ែល និង​មាន​បំពាក់​នូវ​មុខ​ងារ​ពិសេស ​ដែល​អាច​ញែក​ឧស្ម័ន ប្រេង និងទឹកផងដែរ។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន KrisEnergy  ការឈាន​ទៅសម្រេច​ទទួល​បាន​តំណក់​ប្រេង​ជា​លើក​ដំបូង​នេះ គឺដោយ​សារតែ​ក្រុមហ៊ុន​​បុត្រសម្ព័ន្ធ​របស់​ខ្លួន គឺ SJ Production Barge Ltd បានផ្ដល់​​កិច្ចសន្យា​​ទៅឲ្យ​ក្រុមហ៊ុន​ Keppel shipyard Ltd ដើម្បី​ធ្វើការ​កែលម្អ និង​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង នូវនាវា​ផលិតកម្ម​​របស់​ខ្លួន ។

កិច្ចសន្យានេះ មាន​ទំហំ​ជាទឹក​ប្រាក់ជិត​ ២២លាន​ដុល្លារ​អាមេរិក ហើយ​រំពឹងថា នៅពេល​​ការងារ​ត្រូវបាន​បញ្ចប់​សព្វគ្រប់ នៅអំឡុង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ខាងមុខ នាវា​ផលិតកម្មនេះ នឹង​មាន​សមត្ថភាព​​នៅក្នុងផលិតកម្ម​ញែក​ល្បាយ​ប្រេង​​​​​ ​បាន​ប្រមាណ ៣ម៉ឺន​បារ៉ែល​​ក្នុង​មួយថ្ងៃ។ 

តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​រុករកប្រេង របស់​សាំងហ្គាពួរ KrisEnergy បានឲ្យ​ដឹងថា កិច្ចសន្យា​អភិវឌ្ឍ​នាវាផលិត​កម្ម​នេះ សម្រាប់​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត អប្សរា នៅក្នុងប្លុក A ស្ថិតនៅ​ដែនសមុទ្រ​កម្ពុជា ខណៈដែល​​អណ្ដូង​ប្រេង​អប្សរានេះ គឺជាការ​អភិវឌ្ឍ អីដ្រូកាបូន​​ដំបូងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

បើតាម​សេចក្ដីប្រកាស​ពីក្រុម​ហ៊ុន ក្នុងទំហំ​ទឹកប្រាក់​នៃកិច្ចសន្យា​ជិត ២២ លាន​ដុល្លារ​អាមេរិក​នោះ ការទូទាត់​មួយភាគ​នឹងត្រូវ​ធ្វើឡើង​ទៅ​តាម​លក្ខខណ្ឌ​ពន្យារ។

លោក Brian Helyer នាយក​រងផ្នែក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន KrisEnergy បានថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា តាមរយៈ​ការជួយគាំទ្រ​ពីដៃគូ​ដែលមាន​បទពិសោធន៍ និងមាន​សមត្ថភាព​បែបនេះ     លោក​ជឿជាក់ថា ក្រុមហ៊ុន​នឹងអាច​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធភាព នូវ​ធនធាន​ប្រេង​ក្នុង​ប្លុក A ដើម្បីជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ភាគីពាក់​ព័ន្ធ​ផងដែរ។

ជាមួយគ្នា​នេះ លោក Chor How Jat នាយក​គ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់​ក្រុមហ៊ុន​ Keppel O&M និងជានាយក​គ្រប់គ្រង​របស់ Keppel Shipyard បាន​ថ្លែង​ដែរថា កិច្ចសន្យា​ថ្មីពី​ក្រុមហ៊ុន​ KrisEnergy នេះ គឺជាគម្រោង​ដំបូង​របស់​ក្រុមហ៊ុន​ទាំងពីរ ដែល​ធ្វើរួមគ្នា ចាប់តាំង​ពីមាន​ការតែង​តាំង​ក្រុមហ៊ុន Keppel O&M កាលពី​ដើម​ឆ្នាំនេះ ឲ្យធ្វើជា​ដៃគូ​សម្រាប់​កញ្ចប់​ការងារ​ផ្នែក​ដំណោះស្រាយ​ប្រេង​ និងឧស្ម័ន​ក្នុងដែន​សមុទ្រ។    

សូម​រំឭក​បន្តិចថា ក្រោយពី​បានការ​អនុញ្ញាត​ពីរាជរដ្ឋាភិបាល​​កម្ពុជា កាលពីពាក់​កណ្ដាល​ឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុន​ KrisEnergy បាន​ប្រកាស​កាលពី​ចុង​ឆ្នាំ ២០១៧ថា អំពី​ការ​សម្រេចចិត្ត​វិនិយោគ​ចុងក្រោយ​ដែលជា​ការ​​​ប្ដេជ្ញា​​ចិត្ត​​​ជា​ផ្លូវការ ​ក្នុង​ការ​វិនិយោគ​ទុន​​ដើម្បី​អភិវឌ្ឍ​គម្រោង​​​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​ និង​រំពឹងថា កម្ពុជា​​អាច​ទទួល​បាន​តំណក់​​ប្រេងកាត​ដំបូង​របស់​ខ្លួន នៅក្នុង​រយៈពេល ២៤ខែបន្ទាប់ ឫនៅ​ក្នុងអំឡុង​ចុង​ឆ្នាំ ២០១៩ និងដើម​ឆ្នាំ ២០២០​ខាងមុខ​នេះ។

សូមជម្រាបថា ក្រុមហ៊ុន​​គ្រីស​អេនីជី គឺជា​ប្រតិបត្តិក​រ​រុករក​ប្រេង​នៅប្លុក A របស់កម្ពុជា ដែល​​គ្រប​ដណ្ដប់​​លើ​ផ្ទៃដី​ទំហំជាង ៣ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​​ នៃ​អាង​​សមុទ្រ​​ខ្មែរ ក្នុងឈូង​សមុទ្រ​ថៃ ដែលនៅទី​នោះ ជម្រៅទឹក​​គឺមាន​ចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ​។ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏ជា​ក្រុមហ៊ុន​​រុករក​ប្រេង​កាត និងឧស្ម័ន​ឯករាជ្យ​​មួយ ដែលផ្តោត​សំខាន់​លើការ​​រុករក ​ អភិវឌ្ឍ ​និង​ផលិត​​ប្រេងកាត​ និង​ឧស្ម័ន​​ក្នុង​តំបន់​​អាស៊ី​​អាគ្នេយ៍ រួមមាន​ដូចជា នៅប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ថៃ វៀតណាម និងបង់ក្លាដេស​ផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលប្រទេស​អ្នក​មានបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹង

ព័ត៌មាន
នៅលើពិភពលោកនេះ មានប្រទេសជិត២០០ ប្រទេស និងមានប្រជាជនរាប់ពាន់លាននាក់ ប៉ុន្ដែ រាល់ប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ដោយខ្លះជាប្រទេ…

ចិន កំពុងបង្វែរមុខព្រួញបាញ់ឆ្ពោះទៅវិនិយោគក្នុងខេត្តកែប និង កំពត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ខេត្តកែប និងកំពត បាននិងកំពុងក្លាយជាកន្លែងអភិវឌ្ឍន៍លំដាប់ទី២ ទី ៣ ពីសំណាក់វិនិយោគិនចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ