កសិឧស្សាហកម្ម

រាជរដ្ឋាភិបាល​ ជំរុញនិងលើកទឹកចិត្តឲ្យមានតំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្មបន្ថែម


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំហររបស់ខ្លួន ក្នុងការជំរុញ និងបន្តលើកទឹកចិត្តដល់កសិពាណិជ្ជករទាំងអស់ ឲ្យបង្កើនសមត្ថភាពផលិត និងកែច្នៃផលិតផលកសិកម្មរបស់ខ្លួន ដើម្បីពង្រីកឧស្សាហកម្មនាំចេញនៅក្នុងស្រុកឲ្យបានកាន់តែច្រើនឡើងថែមទៀត តាមរយៈការបង្កើតនូវតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មថ្មីៗ។
ដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលបានដឹកមកដល់កន្លែងកែច្នៃ (រូបថតពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
ដោយ

ថ្លែង​នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិ​ឧស្សាហកម្ម របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម​បានលើក​ឡើងថា ការបង្កើត​ឲ្យមាន​តំបន់អភិវឌ្ឍន៍កសិឧស្សាហកម្ម​ធំបែបនេះ គឺជាផ្នែក​មួយដ៏​សំខាន់ណាស់ ក្នុងការ​ជំរុញ​ទីផ្សារ​កសិកម្ម​នៅកម្ពុជា​ តាមរយៈ​ការបង្កើត​នូវសង្វាក់​ផលិតផលកម្ម​មួយ ក៏ដូចជា​ការផលិត កែច្នៃ ផលិតផល​កសិកម្ម សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក ក៏ដូចជា​ការនាំចេញ​ទៅក្រៅ​ប្រទេស​ផងដែរ។ 

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន​ស្ងើច​​សរសើរ​ដល់តំបន់អភិវឌ្ឍន៍​កសិ​ឧស្សាហកម្ម​របស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ថា បាន​ចូលរួមចំណែក​មួយក្នុង​ការបង្កើត​ទីផ្សារ​សម្រាប់​កសិករខ្នាតតូច​មួយ​ចំនួន តាមរយៈ​ការបញ្ជា​ទិញក​សិផល​របស់​ពួកគាត់ សម្រាប់​យកមកបំពេញ​​សង្វាក់​ផលិតកម្ម​របស់ខ្លួន​នៅក្នុង​កសិដ្ឋាន ក៏ដូច​ជា​រោងចក្រ​របស់ក្រុមហ៊ុន​ម៉ុង ឫទ្ធី ដែលនេះ​វាជាការដើរ​ស្របទៅ​នឹងគោល​នយោបាយ​ជំរុញការ​នាំចេញ​ក្នុងស្រុក​របស់​រាជរដ្ឋា​ភិបាល​កម្ពុជាដែរ។ 

រូបលោកឧកញ៉ ម៉ុង ឫទ្ធី (ឆ្វេង) និង ឯកឧត្តម ប៉ាន សូរស័ក្ដិ (ស្ដាំ) (ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)

ជាមួយគ្នានេះដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើក​ឡើង​ដែរថា ជាការពិត​ណាស់ ការធ្វើ​ពាណិជ្ជកម្ម​កសិកម្ម មិនមែន​ជារឿង​មួយងាយស្រួល​ប៉ុន្មាន​ទេ ហើយវា​រិតតែលំបាក​ថែមទៀត ក្នុងការ​ឈាន​មក​ដល់ការបង្កើត​ឲ្យមានខ្សែ​សង្វាក់​កសិ​ឧស្សាហកម្ ដូចដែល​លោក​ឧកញ៉ា កំពុង​ធ្វើសព្វ​ថ្ងៃនេះ។​ ទោះយ៉ាងណា ការព្យាយាម​មិនចុះចាញ់​នឹងការ​លំបាក​នេះហើយ បានជំរុញ​ឲ្យក្រុមហ៊ុន​​ម៉ុង ឫទ្ធី កំពុង​មាន​ទីផ្សារ​កាន់តែ​ធំឡើងៗ ក្នុងការ​នាំចេញ​ទំនិញ​កសិកម្ម​មួយចំនួន ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស ដូចជាប្រេងដូង កៅស៊ូ ស្វាយ និងដំណាំ​ផ្សេងៗ​ទៀត។  

នៅក្នុងតំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្ម​របស់លោកឧកញ៉ា ម៉ុង ឫទ្ធី មានដូចជា ការដាំដុះដូងប្រេង​រាប់លានដើម កៅស៊ូ ដំណាំ​ឈើហូប​ផ្លែជាច្រើន​ប្រភេទ និងក្នុងនោះ ក៏មានរោងចក្រ​កែច្នៃ​ដូងប្រេង កែច្នៃ​កៅស៊ូ និងរោងចក្រ​ផលិត​ចំណី​សត្វ​ជាដើម។

ដ្បិតថា កន្លងមក មានមតិ​ជាច្រើន រិះគន់អំពី បញ្ហាអត់​ទីផ្សារសម្រាប់​កសិផល​មួយចំនួន​នៅកម្ពុជា​ក៏ដោយ ប៉ុន្ដែ បើតាម​ប្រសាសន៍​របស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី បច្ចុប្បន្ន នៅក្នុង​ខ្សែសង្វាក់​កសិ​ឧស្សាហកម្ម របស់​ក្រុមហ៊ុន​លោកឧកញ៉ា​ផ្ទាល់ កំពុង​មានតម្រូវការ​ច្រើន​ណាស់ ដូចជា ពោត ចុងអង្ករ ឬកន្ទួក សម្រាប់​កែច្នៃ​ជាចំណីសត្វ ព្រមទាំង​មានតម្រូវ​ការបញ្ជា​ទិញផ្លែស្វាយ​ពីកសិករ​សម្រាប់នាំចេញ​ផងដែរ។ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមទៀតថា ក្រសួង​ពាណិជ្ជកម្ម និងវិស័យ​​ឯកជន ចាំបាច់​ណាស់​ត្រូវមាន​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​សហការ​គ្នានាំចេញ​នាំចូល​ទំនិញ ដែលជា​ការជំរុញ​ដល់កំណើន​លូតលាស់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទម្លាប់៧យ៉ាង ដើម្បីក្លាយជាអ្នកមាន

ព័ត៌មាន
លោក ង៉ែត ជូ ជាអ្នកវិនិយោគដីធ្លី និងគម្រោងបុរីធម្មជាតិ​មួយ​រូប ដែលបានបោះជំហានយ៉ាងលឿនលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមានការងារជ…

Grab និង UNDP ផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុន Grab និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានសម្រេចចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ