ហិរញ្ញប្បទាន​សម្រាប់​ដោះស្រាយបញ្ហាកូវីដ-១៩

កម្ពុជាបន្ដខ្ចីលុយពីបរទេស និងទទួលយកជំនួយបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និង ស្តារសេដ្ឋកិច្ចជាតិ


ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងប្រឈមនឹងការឆ្លងរាតត្បាតកូវីដ-១៩កាន់តែខ្លាំងក្លានៅមួយរយៈពេលចុងក្រោយ។ ស្ថិតនៅក្នុងកាលៈទេសៈនេះ បើតាមមន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជានៅតែស្វាគមន៍ និង បន្ដទទួលយកជំនួយ និង កម្ចីពីបរទេសដើម្បីយកថវិកាទាំងនោះ មកប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និង ការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដោយដាក់រនាំងហាមឃាត់ការធ្វើដំណើរនៅតាមដកផ្លូវ រូបភាព៖ Xinhua

ជាក់ស្ដែង ថ្មីៗនេះ កម្ពុជាទើបទទួលបានកម្ចីពីធនាគារពិភពលោក២០០លានដុល្លារថែមទៀត ដែលវាជាកម្លាំងចលករមួយក្នុងការចូលរួមជួយដោះស្រាយគាស់រម្លើងវិបត្តិកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចកម្ពុជាផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ២០២០ កម្ពុជាបានជំពាក់បំណុលសាធារណៈសរុបជាង៨ពាន់៨រយលានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈបរទេស។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងដដែលៗថា កម្រិតបំណុលដែលកម្ពុជាជំពាក់បរទេសប៉ុណ្ណឹង មិនទាន់មានជាបញ្ហាចោទ មានន័យថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបន្ថែមទៀត សម្រាប់យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស។ ប៉ុន្ដែ អ្វីដែលសំខាន់ គឺការប្រើប្រាស់បំណុលនោះ ឲ្យមានប្រសិទ្ធភាព និង ចំគោលដៅ ។ 

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាស្វាគមន៍ និងទទួលយកដោយរីករាយចំពោះជំនួយ និងកម្ចីនានាពីស្ថាប័នជាតិ និងអន្តរជាតិក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះ។ យ៉ាងណាមិញ ចំពោះកម្ចី២០០លានដុល្លាររបស់ធនាគារពិភពលោកដែលទើបនឹងបានអនុម័តផ្ដល់ឲ្យកម្ពុជាថ្មីៗនេះ នឹងក្លាយជាចលករមួយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់កម្ពុជាដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដើម្បីអាចឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះក្នុងពេលឆាប់ៗខាងមុខ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ការសម្រេចអនុម័តឥណទាន២០០លានដុល្លារដល់កម្ពុជានេះ ធ្វើឡើងក្រោយក្រុមនាយកប្រតិបត្តិរបស់ របស់ធនាគារនេះ មើលឃើញពីខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងវិបត្តិកូវីដ-១៩នាពេលកន្លងមកនេះ។

កន្លងមក បើតាមមន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ច ឯកឧត្តម មាស សុខសេនសាន ធ្លាប់បានលើកឡើងថា នៅឆ្នាំ២០២១នេះ កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ៨០០លានដុល្លារ រួមទាំងថវិកាដែលសេសសល់កាលពីឆ្នាំ២០២០មួយចំនួនទៀត ដើម្បីទុកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ចបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង៨ពាន់៨រយលានដុល្លារ ដែលសុទ្ធតែជាបំណុលសាធារណៈបរទេស។ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅមានកម្រិត២៤% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោលកម្រិត៥៥%។ ដោយកម្រិតបំណុលប៉ុណ្ណោះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចធ្លាប់អះអាងថា គឺកម្ពុជានៅតែមានលទ្ធភាពខ្ចីបន្ថែមទៀត សម្រាប់យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស។ ប៉ុន្ដែ អ្វីដែលសំខាន់ គឺការប្រើប្រាស់បំណុលនោះ គឺប្រើប្រាស់ដោយមានប្រសិទ្ធភាព និងចំគោលដៅ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងអំឡុងពេលចុះទៅទទួលវ៉ាក់សាំងនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញកាលពីពេលថ្មីៗនេះដែរថា ទោះកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ តែការនាំចេញរបស់កម្ពុជានៅតែរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់ ក្នុងអត្រាកំណើន១៧% នៅរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១នេះ។ ក្នុងនោះដែរ បើទោះបីជាការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមិនមានសម្ទុះក្ដី ប៉ុន្ដែ ការនាំចេញផលិតផលមិនមែនកាត់ដេរ រួមទាំងផលិតផលកសិកម្មវិញបានកើនឡើងដល់ទៅជាង ៥០% ដែលនេះ សបញ្ជាក់ឲ្យឃើញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត។

ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា ប្រសិនបើកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលកូវីដ-១៩ បាន នោះសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ជាពិសេស វាជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីប្រទេសដៃគូប្រកួតប្រជែងដូចជា បង់ក្លាដែស និង ប្រទេសមីយ៉ាន់ម៉ា ខណៈដែលបង់ក្លាដេសបច្ចុប្បន្នកំពុងមានកូវីដ-១៩រាតត្បាតខ្លាំង ហើយមីយ៉ាន់ម៉ាវិញរវល់ជាប់ដៃនឹងជម្លោះនយោបាយផ្ទៃក្នុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងខាតបង់ប្រាក់ជាង៤ពាន់លានដុល្លារ អំឡុងពេលបិទការដ្ឋានសំណង់ និងផ្ទះកម្មកររយៈពេល១ខែ

ព័ត៌មាន
ប្រទេសថៃ ថ្មីៗនេះ បានសម្រេចដាក់ការរឹតត្បិតជាថ្មីទៀតហើយនៅក្នុងទីក្រុងបាងកក ដោយក្នុងនោះ ក៏មានការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល៣០ថ្ងៃគ្រប់ការដ្…

ជើងហោះហើរពីកម្ពុជាទៅចិនកំពុងរងផលប៉ះពាល់ ក្រោយអាជ្ញាធរចិនរឹតបន្ដឹងការធ្វើដំណើរចូលប្រទេសចិន

ព័ត៌មាន
អាជ្ញាធរចិនបានចាប់ផ្តើមរឹតបន្តឹង ការហោះហើរពីក្រៅប្រទេសចូលប្រទេសរបស់ខ្លួន ដោយក្នុងនោះមានជើងហោះហើរពីប្រទេសជាច្រើនត្រូវលុបចោលទៅវិញនៅរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ