ការចម្លងមេរោគប្រភេទថ្មី «អុតស្វា»

កម្ពុជាកំពុងយកចិត្តទុកដាក់លើអ្នកដំណើរពីក្រៅប្រទេស ខណៈបារម្ភពីការចម្លងមេរោគប្រភេទថ្មី «អុតស្វា»


ខណៈដែលជំងឺកូវីដ១៩មិនទាន់ផុតរលត់ពីភពផែនដីផងនោះ ឥឡូវនេះ ពិភពលោកកំពុងមានការព្រួយបារម្ភថ្មីទៀត ចំពោះមេរោគឆ្លងមួយប្រភេទទៀត ដែលគេឲ្យឈ្មោះថា អុតស្វា។ បើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក ដែលបានផ្សាយនៅលើសារព័ត៌មាន CNN នៅថ្ងៃទី ២១ឧសភា បានដឹងថា គេបានរកឃើញករណីឆ្លងមេរោគនេះជាង៩០ករណីហើយគិតមកទល់ពេលនេះ និងមានករណីសង្ស័យជាច្រើនទៀត កំពុងស្ថិតក្រោមការតាមដានរបស់អង្គការសុខភាពពិភពលោកនៅក្នុងប្រទេសចំនួន១២។
មេរោគប្រភេទថ្មី «អុតស្វា»

បើទោះបីជា កម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះក្ដី ប៉ុន្ដែ​ក្រសួងសុខាភិបាល​បានណែនាំ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្នជានិច្ច ពិសេស​ត្រូវតាមដានមើលអ្នកដំណើរ​ចូលមក​កម្ពុជា ដែលមានរោគសញ្ញាសង្ស័យ ដូចជាមានកន្ទួលលើស្បែក អមដោយ​គ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរ​មកពីតំបន់អាហ្វ្រិកជាដើម។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បានលើកឡើងថា មេ ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា ត្រូវបានបញ្ជាក់កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងមានជំងឺនេះ បានកើតមានបែបអង់ដេមី (Endemic area) ហើយរោគសញ្ញាជំងឺអុតស្វា បានកើតឡើងលើបុគ្គលនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ជំងឺអុតស្វា គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្លៀងនៃអាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច ហើយជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ហើយបើតាម​ការរាយការណ៍ពីសារព័ត៌មាន CNN ដែលបានស្រង់​ទិន្នន័យពីអង្គការសុខភាពពិភពលោក​បង្ហាញថា ជំងឺនេះ ត្រូវបានរកឃើញជិត​១០០ករណីហើយ នៅប្រទេសជាង១០ ដែលភាគច្រើន​គឺមានឆ្លង​នៅប្រទេសតំបន់អឺរ៉ុប។ ប៉ុន្ដែ មកទល់ពេលនេះ មិនទាន់មានការរាយការណ៍អំពីករណីស្លាប់នៅឡើយនោះទេ។

តាមរបាយការណ៍ដោយ Reuters នៅថ្ងៃទី២១ ខែឧសភា អង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃមេរោគនេះផងដែរ ដោយអ្នកផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងជំងឺបានលើកឡើងថា ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល។ រីឯមន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកយល់ឃើញថា វាហាក់ដូចជាមានហានិភ័យទាបសម្រាប់សាធារណជនទូទៅនាពេលនេះ ចំណែកអ្នកវិទ្យាសាស្ត្រ ក៏មិនបានរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាតដូចជំងឺកូវីដ១៩ទេ ព្រោះវីរុសនេះមិនឆ្លងងាយៗដូចវីរុសកូវីដ១៩។

បើទោះបីជា កម្ពុជា មិនទាន់​មានករណីសង្ស័យ ឬមានរកឃើញនូវករណីឆ្លងជំងឺអុតស្វាក៏ដោយចុះ ប៉ុន្ដែ ក្រសួងសុខាភិបាល​បានណែនាំឲ្យ​ ប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់​ និងយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ប្រមាណជា ១០ប្រទេស ដែលមានការកើតឡើងនូវជំងឺអុតស្វា បែបអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ១១៥ ផងដែរ។

បើតាមលោកជំទាវ ឱ​ វណ្ណឌីន រោគសញ្ញានៃជំងឺអុតស្វា មានដូចជា ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក ដែលកន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង លើសពីនេះ មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ ហើយរោគសញ្ញា និងកន្ទួលលើស្បែកជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។ រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិននៅតែខ្ពស់ចន្លោះពី ៧ពាន់ទៅ៨ពាន់ដុល្លារអាមេរិក

ព័ត៌មាន
ទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកហាក់មានស្ថានភាពល្អប្រសើរ ហើយប្រទេសជាច្រើនបានបើកបន្ធូបន្ថយឲ្យមានការធ្វើដំណើរតាមផ្លូវអាកាសឡើងវ…

អ្នកឧកញ៉ា សៀ ឫទ្ធី អ្នកការទូតពាណិជ្ជកម្មដ៏ប៉ិនប្រសប់ក្នុងការកៀរគរការវិនិយោគពីក្រៅប្រទេស

ព័ត៌មាន
បើនិយាយពីឈ្មោះអ្នកឧកញ៉ា សៀ ឫទ្ធី សាធារណជនទូទៅប្រាកដជាបានដឹងច្បាស់ថា លោកគឺជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅកម្ពុជាដែលបានវិនិយោគក្នុងវិស័…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ