ការនាំចេញផ្លែចេកកម្ពុជា

ផ្លែចេកស្រស់ជិត ៥០០តោន ត្រូវបាននាំចេញទៅជប៉ុនជាលើកដំបូង


ផ្លែចេកស្រស់អំបូងលឿងរបស់កម្ពុជាកំពុងមានទីផ្សារកាន់តែល្អប្រសើរនៅមួយរយៈចុងក្រោយនេះ ពិសេសការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និង វៀតណាម គឺមានការកើនឡើងជាលំដាប់។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ នៅ៧ខែកន្លងមកនេះ កម្ពុជាបានសម្រេចការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសជប៉ុនជាលើកដំបូងក្នុងបរិមាណជិត៥០០តោនផងដែរ។
ស្រី្តម្នាក់កំពុងស្រោបផ្លែចេក

អ្នកជំនាញ និង​ជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិក​កម្ម បាន​អះអាង​ថា ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​អំបូង​លឿង​ទៅ​ជប៉ុន ថ្វី​ដ្បិតតែ​នៅ​មាន​ចំនួន​តិចតួច​ក៏​ពិតមែន ប៉ុន្ដែ វា​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​ខ្ពស់​របស់​ផ្លែ​ចេក​កម្ពុជា ដែល​អាច​ឈាន​ជើង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន ជា​លើក​ដំបូង​។

ឧកញ៉ា ហ៊ុន ឡាក់ ជានា​យក​ក្រុមហ៊ុន Longmate Agriculture ដែល​មានការ​ដាំ​ដុះ និង នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស បាន​អះអាង ប្រាប់ ខេ​ម​បូ​ណូ​មី​ស ថា ជា​ទូទៅ ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា គឺ​នាំ​ចេញ​ភាគច្រើន​បំផុត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង វៀតណាម​។ ប៉ុន្ដែ នៅ​៧​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ តាម​តួលេខ​ពី​ក្រសួងកសិកម្ម​កម្ពុជា​បង្ហាញ​ថា ប្រទេស​ជប៉ុន​ក៏​បាន​នាំ​ចូល​ផ្លែ​ចេក​ពី​កម្ពុជា​ជិត ៥០០​តោន​ដែរ ដែល​វា​បង្ហាញ​ថា ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា​គឺ​ពិតជា​មានគុណ​ភាព​ខ្ពស់ ព្រោះ​ទម្រាំ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​ទៅ​កាន់​ប្រទេស​ជប៉ុន​បាន វា​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ស្ដង់ដារ​គុណភាព ភូតគាម​អនាម័យ​តឹងរ៉ឹង​ណាស់​។

ឧកញ៉ា ហ៊ុន ឡាក់ បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​ក៏​កំពុង​សិក្សា​ជាមួយនឹង​ក្រុមហ៊ុន​ដៃគូ​ពី​ជប៉ុន ក្នុង​ការ​ជ្រើសរើស​ពូជ​ចេក​មក​ដាំ​នៅ​កម្ពុជា​ឲ្យ​ត្រូវ​តាម​ស្ដង់ដារ​គុណភាព​ជប៉ុន​ចង់បាន​ផង​ដែរ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សក្ដានុពល​មួយ​នេះ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា នៅ​៧​ខែ​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ជាង ២៧​ម៉ឺន​តោន កើនឡើង​៦១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​មាន​ជាង​២៤​ម៉ឺន​តោន​, នាំ​ទៅ​វៀតណាម​មាន​ជិត​៣​ម៉ឺន​តោន​,​ជប៉ុន​មាន​ជិត​៥០០​តោន និង សិង្ហ​បុរី​មាន​ជាង​៤៨០​តោន​។

ជុំវិញ​ទៅ​នឹង​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​នេះ​ដែរ ត្រូវ​បាន​ឧកញ៉ា ហ៊ុន ឡាក់ លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​ក៏​មានការ​ឡើងថ្លៃ​ខ្លះ​ដែរ ប៉ុន្ដែ មិន​ឡើងថ្លៃ​ខ្ពស់​ដូច​ការ​នាំ​ចេញ​អង្ករ​នោះ​ទេ ហើយ​ក៏​មិន​ជួប​បញ្ហា​កង្វះខាត​ទូ​កុង​ទ័​រ​នឺ​នោះ​ដែរ​។ មិន​ជួ​បញ្ហា​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​ខ្វះ​ទូ​កុងតឺន័រ ក៏​ដោយសារ​តែ ការ​នាំ​ចេញ​ចេក គឺ​ភាគច្រើន​ដឹក​ជញ្ជូន​ក្នុង​រយៈ​ចម្ងាយ​ជិត​ជាង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​តំបន់​អឺរ៉ុប​។

ឧកញ៉ា ហ៊ុន ឡាក់​បាន​គូសបញ្ជាក់​ទៀត​ថា ទោះបីជា​បច្ចុប្បន្ន​មានការ​រាតត្បាត​កូ​វី​ដ​-១៩​ក៏​ដោយ ប៉ុន្ដែ វា​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស​នោះ​ទេ​។ ជាក់ស្ដែង ក្រុមហ៊ុន​របស់​លោក​ផ្ទាល់​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​កំណើន​ទាំង​ទិន្នផល និង បរិមាណ​នាំ​ចេញ​ក្នុង​រង្វង់ ៦០% ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០២០​។

លោក​ជឿជាក់​ថា នៅ​ឆ្នាំ​២០២២ ការ​ដាំ​ដុះ និង​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​របស់​ក្រុមហ៊ុន​លោក នឹង​មាន​កំណើន​ជាង​នេះ​ទៅ​ទៀត ស្រប​ពេល​តម្រូវការ​ទីផ្សារ​កំពុង​មានការ​កើនឡើង​កាន់តែ​ច្រើន​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម នៅ​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញបន្ដិចហើយ ក្រោយបញ្ហាកកស្ទះខ្លាំងនៅតាមព្រំដែនមានស្ថានភាពធូរស្បើយជាងមុន

ព័ត៌មាន
ក្រុមឈ្មួញទិញស្រូវ និង ប្រជាកសិករនៅស្រុកគិរីវង់ខេត្តតាកែវបានអះអាងប្រាប់ខេមបូណូមីសថា តម្លៃស្រូវបានចាប់ផ្ដើមកម្រើកងើបឡើងវិញបន្ដិចហើយនៅប៉ុន្…

ក្រុមហ៊ុនថ្មីៗនៅតែចាប់អារម្មណ៍មកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទោះកូវីដ-១៩បន្ដរាតត្បាតខ្លាំងយ៉ាងណាក្ដី

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ ការចុះបញ្ជីបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនធំៗនៅក្នុងផ្សារភាគហ៊ុនកម្ពុជា មានការកើនឡើងជាបន្ដបន្ទាប់ បើទោះបីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ