តម្លៃមាសនៅលើទីផ្សារកម្ពុជាមានការធ្លាក់ចុះ

តម្លៃមាសធ្លាក់ចុះចន្លោះពី ៧០ទៅ១០០ដុល្លារក្នុង១តម្លឹង គិតត្រឹម១សប្ដាហ៍ចុងក្រោយនេះ


ក្រុមអាជីវករពាណិជ្ជករលក់មាសនៅកម្ពុជាបានអះអាងថា តម្លៃមាសនៅលើទីផ្សារមួយរយៈចុងក្រោយនេះ មានការប្រែប្រួលឡើងចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅមួយសប្តាហ៍ចុងក្រោយនេះ តម្លៃមាសនៅលើទីផ្សារកម្ពុជាមានការធ្លាក់ចុះចន្លោះពី ៧០ ទៅ១០០ដុល្លារអាមេរិកក្នុង១តម្លឹង ពោល គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ តម្លៃមាសលក់ចេញក្នុងមួយតម្លឹងតម្លៃប្រមាណ ២.១៥០ ដុល្លារអាមេរិក និង ទិញចូលវិញតម្លៃ ២.០៥០ ដុល្លារ។
តម្លៃមាសនៅលើទីផ្សារកម្ពុជាហក់ឡើងដល់ជាង ២.៣០០ដុល្លារក្នុង១តម្លឹង រូបភាពដោយ៖ ខេមបូណូមីស

ស្រប​ពេល​មាស​លក់​ធ្លាក់​ថ្លៃ ចរន្ត​ទិញ​លក់​មាស​នៅ​កម្ពុជា​នៅ​តែ​បង្ហាញ​សញ្ញា​អវិជ្ជមាន​នៅឡើយ ពោល​គឺ​មិនសូវ​មាន​អ្នកទិញ​លក់​មាស​ច្រើន​នោះ​ទេ​។ អ្នកជំនាញ​អះអាង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​មាស​នេះ គឺ​បន្ទាប់​ពី​ទីផ្សារ​ការងារ​នៅ​សហរដ្ឋអាមេរិក​មានការ​កើនឡើង ដែល​ធ្វើ​ឲ្យ​តម្លៃ​លុយ​ដុល្លារ​មានការ​កើនឡើង​ផង​ដែរ​។

លោកស្រី គង់ ពិសី ម្ចាស់​ហាង​មាស​ពេជ្រ ហេង ហេង បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​មាស​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គឺ​ត្រឹម​១​ស​ប្តា​ហ៍​កន្លង​មកនេះ តម្លៃ​មាស​នៅ​លើ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ចន្លោះ​ពី​៧០​ដុល្លារ​ទៅ​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តម្លឹង​។ ជាក់ស្តែង ហាងឆេង​មាស​នៅ​ហាង​មាស​ពេជ្រ ហេង ហេង នៅ​ថ្ងៃ​ទី​៩ សីហា មាស​១​តម្លឹង​លក់​ចេញ​ក្នុង​តម្លៃ ២.១៥០ ដុល្លារ​អា​មេ​រិ​ក និង​ទិញ​ចូល​ក្នុង​តម្លៃ ២.០៥០​ដុល្លារ​ក្នុង​១​តម្លឹង ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​មាស ១​តម្លឹង​លក់​ចេញ​ក្នុង​តម្លៃ ២.៣០០​ដុល្លារ​។

ទោះបី​តម្លៃ​មាស​មានការ​ធ្លាក់​ក៏​ដោយ តែ​ម្ចាស់​ហាង​មាស​ពេជ្រ ហេង ហេង រូប​នេះ​កត់សម្គាល់​ឃើញ​ថា ចរន្ត​ទិញ​លក់​មាស​នៅ​ហាង​របស់ លោកស្រី នៅ​តែ​មានការ​ធ្លាក់​ចុះ ពុំ​សូវ​មាន​អតិថិជន​មក​ទិញ ឬ​លក់​មាស​ដូច​មុន​នោះ​ទេ​។ ពោល​គឺ​ភាព​ស្ងប់ស្ងាត់​នេះ បាន​កើតឡើង​តាំងពី​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​ម្ល៉េះ​។

ជាមួយ​គ្នា​នេះ​ដែ​ឬ ម្ចាស់​ហាង​មាស​ពេជ្រ ទី មង្គល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ដូច​គ្នា​ថា តម្លៃ​មាស​នៅ​ហាង​របស់​លោក​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់ ៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តម្លឹង​នៅ​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ ជាក់ស្តែង ហាងឆេង​មាស​នៅ​ហាង​របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែសីហា លក់​ចេញ​ក្នុង​តម្លៃ ២.១៣០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តម្លឹង ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​លក់​ចេញ​ក្នុង​តម្លៃ ២.២០០ ដុល្លារ​អា​មេ​រិ​ក​។ 

ម្ចាស់​ហាង​មាស​ពេជ្រ ទី មង្គល រូប​នេះ​អះអាង​ទៀត​ថា ការ​ធ្លាក់​ចុះ​តម្លៃ​មាស​យ៉ាង​គំហុក​នេះ​មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការ​លក់ដូរ​មាស​របស់​លោក​នោះ​ទេ ដ្បិតថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ការ​ទិញ​លក់​មាស​កំពុង​មានការ​ធ្លាក់​ចុះ​ស្រាប់​ទៅ​ហើយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ពាក់ព័ន្ធ​បញ្ហា​តម្លៃ​មាស​ធ្លាក់​ចុះ​នេះ លោក ឡុ​ង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់ ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ្គោ​ល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង​ឃែ​ភី​ថ​ល​បាន​អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​មាស​នៅ​កម្ពុជា​ក៏​ដូច​ជា​លើ​សកលលោក​មានការ​ធ្លាក់​ចុះ គឺ​បន្ទាប់​ពី​ទីផ្សារ​ការងារ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​មានការ​កើនឡើង ដែល​នាំ​ឲ្យ​តម្លៃ​លុយ​ដុល្លារ​កើនឡើង​។ ការ​កើនឡើង​តម្លៃ​លុយ​ដុល្លារ​នេះ បាន​ទាញ​ទម្លាក់​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​សកល​ឲ្យ​មានការ​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ស​ប្តា​ហ៍​មុន​។

បើ​តាម​អ្នកជំនាញ​វិភាគ​ទីផ្សារ​មាស​នេះ​បាន​គូសបញ្ជាក់​ទៀត​ថា ការ​កើនឡើង​ប្រាក់​ចំណូល​របស់​សហរដ្ឋអាមេរិក តាម​រយៈ​ការ​លក់​អាវុធ​ឲ្យ​ប្រទេស​មួយ​ចំនួន លើ​ពិភពលោក ក៏​ជា​មូលហេតុ​មួយ​ធ្វើ​តម្លៃ​លុយ​ដុល្លារ​ក្នុង​ប្រទេស​នេះ​មានការ​កើនឡើង​ផង​ដែរ​។

សូម​បញ្ជាក់​ថា តម្លៃ​មាស​ក្នុង​ទីផ្សារ​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ មាន​តម្លៃ​ជាង ១.៧០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​អោន ដោយ​១​អោន ស្មើនឹង​ជាង​៨​ជី​មាស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល «មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា ព្យាបាលតាមផ្ទះទេ!»

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែសីហានេះ បានសម្រេច មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា សម្រាកព្យាបាលនៅតាមផ្ទះនោះទេ ហើយក្រសួ…

ធនាគារពិភពលោកប្រចាំកម្ពុជាផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី«ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជា ដែលរងប៉ះពាល់ដោយកូវីដ-១៩»

ព័ត៌មាន
ធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បី «ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលរងប៉ះពាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ