រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ដមិនយកពន្ធគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំទៀត

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ដមិនយកពន្ធគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំទៀត


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសអំឡុងពេលដែលប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហារាតត្បាតពីជំងឺកូវីដ១៩ តែម្ដង។ យ៉ាងណាមិញ ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជនឲ្យបន្តរួមចំណែកក្នុងវិស័យអប់រំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច មិនយកពន្ធគ្រឹះស្ថានអប់រំឯកជន ក្នុងរយៈពេល៥ឆ្នាំបន្តទៀត ពោលចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា។ នៅក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមប្រព័ន្ធអនឡាញ អំឡុងវិបត្តិកូវីដ១៩។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់គ្រឹះស្ថានអប់រំឯកជន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជន រយៈពេល ៥ឆ្នាំបន្ថែមទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានគូសបញ្ជាក់ទៀតថា បណ្ដាគ្រឹះស្ថានអបរំឯកជនទាំងអស់ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការសម្រេចបន្តលើកលែងការយកពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគ្រឹះស្ថានទាំងអស់មានលទ្ធភាពក្នុងការអភិវឌ្ឍន៍ ក៏ដូចជា ពង្រឹងគុណភាពរបស់គ្រឹះស្ថានបន្ថែមទៀត។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមដដែល ការអនុគ្រោះពន្ធនេះ រាជរដ្ឋាភិបាលបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កេតឃើញថា គ្រឹះស្ថានអប់រំឯកជនបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទើបសម្ដេចសម្រេចមិនយកពន្ធចំនួន ៥ឆ្នាំបន្តទៀត។ ឯកឧត្តមជឿជាក់ថា ការអនុគ្រោះពន្ធនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹងខ្លួនឯងឲ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ៕




អត្ថបទបន្ទាប់


មកដឹងពីវិធីបង់ប្រាក់ ទូទាត់សាច់ប្រាក់ និងទទួលប្រាក់ ពីគ្រប់អេបធនាគារផ្សេងៗ ដោយមិនអស់ថ្លៃសេវា

ព័ត៌មាន
ឥឡូវនេះកាន់តែទំនើប កាន់តែងាយស្រួល នៅពេលដែលអ្នកមានតម្រូវការបង់ប្រាក់ ទូទាត់សាច់ប្រាក់ ឬទទួលប្រាក់ពីអ្នកណាម្នាក់ផ្ទេរចូលក្នុងគណនីអេស៊ីលី…

មហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០របស់កម្ពុជា នឹងមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ

ព័ត៌មាន
កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ!! មន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ