ចំណូលជាតិចាប់ផ្ដើមកើនឡើងវិញ

នាយករដ្ឋមន្ត្រីកម្ពុជា៖ ចំណូលជាតិចាប់ផ្ដើមកើនឡើងវិញក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជាធូរស្បើយ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅតែមានក្ដីរំពឹងខ្ពស់ថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រារង្វង់ ៣% ក្នុងឆ្នាំ២០២១ ខណៈដែលនៅប៉ុន្មានខែចុងក្រោយនេះ ចំណូលថវិកាជាតិចាប់ផ្ដើមកើនឡើងវិញជាបណ្ដើរៗហើយ បើទោះបីជានៅមិនទាន់ងើបឡើងវិញ ស្មើនឹងពេលដែលមិនទាន់មានកូវីដ១៩ ក៏ដោយចុះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។

ប្រាក់ចំណូលចាប់ផ្ដើមកើនឡើងនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីដំណើរការសេដ្ឋកិច្ចរបស់កម្ពុជាចាប់ផ្ដើមមានសន្ទុះងើបឡើងកាន់តែប្រសើរ ខណៈនៅឆ្នាំ២០២២ សម្តេចរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនលើស៥%។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា  ចាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាល និងអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ សេដ្ឋកិច្ចកិច្ចកម្ពុជា ក៏មានភាពធូរស្បើយដែរ។ បើតាមការបញ្ជាក់របស់សម្ដេច មុនវិបត្តិកូវីដ-១៩ កម្ពុជា ទទួលបានចំណូលជាតិ មានពី ៥០០លានដុល្លារ ទៅ៧០០លានដុល្លារ ក្នុងមួយខែ តែក្រោយកូវីដ១៩ បានវាយលុកធ្វើឱ្យចំណូលថវិកាជាតិបានធ្លាក់ដល់ ៤០០លានដុល្លារ ក្នុងមួយខែ ឬក្រោម៤០០លានដុល្លារក៏មាន។ ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើទោះបី ស្ថានភាពសេដ្ឋកិច្ចមិនទាន់វិលទៅរកសភាពដូចមុនពេលមិនទាន់មានកូវីដ១៩រាតត្បាតក៏ដោយ តែចំណូលជាតិចាប់ផ្ដើមប្រសើរឡើងវិញ នារយៈពេលចុងក្រោយនេះ ដែលបង្ហាញពីក្ដីរំពឹងខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ សម្ដេចក៏បានគូសបញ្ជាក់ដែរថា កូវីដ១៩ បានធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ពិសេសផ្នែកសេវាកម្ម ដែលបានក្លាយជាកត្តារាំងស្ទះនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកន្លងមក។ តាមរយៈការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ពិសេសការងើបឡើងវិញនៃទេសចរណ៍ផ្ទៃក្នុង បានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន មានក្ដីរំពឹងយ៉ាងមុតមាំថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែប្រសើរនៅឆ្នាំ២០២២។ បន្ថែមនោះ សម្តេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៀតថា វិស័យធំៗចំនួន២ បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩ រួមមាន វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ខណៈបច្ចុប្បន្ន វិស័យទាំង២នេះកំពុងដុតដៃដុតជើងកាន់តែខ្លាំង ក្នុងខ្សែចង្វាក់ផលិតកម្ម ដើម្បីជំរុញការនាំចេញ។

សម្ដេច ហ៊ុន សែន ក៏បានបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានលក្ខណៈប្រសើរឡើង នារយៈពេលចុងក្រោយនេះ ដោយសម្ដេចបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម បានកើនឡើងប្រមាណ ៣០០%ឯណោះ។

សូមបញ្ជាក់ថា បើតាមការព្យាករពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអាចឈានទៅសម្រេចបានកំណើនក្នុងរង្វង់៧% ឡើងវិញបាន យ៉ាងហោចណាស់កម្ពុជាត្រូវចំណាយពេលរហូតដល់ឆ្នាំ២០២៤ ខណៈតាមការព្យាករនៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជារំពឹងកើនឡើង ២,៥% និងឆ្នាំ២០២២ ព្យាករថានឹងកើន៤,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្ននឹងមេរោគបំប្លែងថ្មី «អូមីក្រុង» តែកុំស្លន់ស្លោជ្រុល

ព័ត៌មាន
ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំ…

សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងខិតខំធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាធូរស្បើយ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដែលកំពុងជាប់គាំងក្នុងវិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ