ការទូតកម្ពុជា-ហុងគ្រី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីឡើងវិញ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជំរុញឲ្យមានការរៀបចំបើកស្ថានទូតរវាងកម្ពុជា ប្រទេសកម្ពុជា និងប្រទេសហុងគ្រីឡើងវិញ ដើម្បីបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត ក៏ដូចជាបង្កើនទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅផងដែរ។ សម្តេចតេជោ លើកឡើងយ៉ាងូច្នេះ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង កូវីដ១៩ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រីចំនួនជាង៥២ម៉ឺនដូស សម្រាប់ផ្ដល់ជូនប្រទេសកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Istvan Bakos ទីប្រឹក្សានិងជាភារធារីស្តីទីការិយាល័យស្ថានទូតហុងគ្រីប្រចាំភ្នំពេញ ក្នុងពីធីប្រគល់-ទទួល វ៉ាក់សាំង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។​ រូបភាព៖ ហ្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។ កម្ពុជាលើកទឹកចិត្តឱ្យមានការជំរុញ​ការរៀបចំ​បើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនង​ការទូតកម្ពុជាហុងគ្រីឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតផងដែរ។

បើតាមគេហទំព័រ​ក្រសួងព័ត៌មាន​កម្ពុជា​បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសហុងគ្រី ធ្លាប់បានភ្ជាប់ទំនាក់ទំនង​​ការទូត​ជាមួយគ្នា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦  ហើយទំនាក់ទំនង​ការទូតនៃប្រទេសទាំងពីរ​ត្រូវបាន​កាត់ផ្តាច់​នៅអំឡុង​របបខ្មែរក្រហមនា ឆ្នាំ១៩៧៥។ លុះ​នៅឆ្នាំ ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ដែលក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់​ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែក​ដល់ប្រតិបត្តិការ​របស់  UNTAC ក្នុងប្រតិបត្តិការ​ស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។

ដោយឡែក បើមើលទៅលើ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា​ និងហុងគ្រីវិញ គឺនៅមានតិចតួចប៉ុណ្ណោះ ពោលគឺ​៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមតែជាង ២០លានដុល្លារអាមេរិកប៉ុណ្ណោះ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអតិផរណាតម្លៃទំនិញនៅកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះ ក្រោយតម្លៃប្រេងកើនខ្ពស់?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈបានហក់ឡើងថ្លៃយ៉ាងគំហុកក៏ដោយ តែកម្ពុជាទំនងជាមិនអាចប្រឈមនឹងវិបត្តិអតិផរណាតម្លៃ…

តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃជី និងថ្នាំកសិកម្មកាន់តែកើនឡើងខ្ពស់?

ព័ត៌មាន
បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់ក្រុមកសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យក្រុមកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត។ កន្លងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ