តម្លៃដែកនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់

តម្លៃដែកនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ជាបន្ដបន្ទាប់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន


ក្រុមម្ចាស់ដេប៉ូលក់ដែក និងក្រុមហ៊ុនម៉ៅការសាងសង់បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃដែកបានហក់ឡើងថ្លៃបន្ថែម ១០០ដុល្លារអាមេរិកក្នុង១តោន នាំឲ្យដែកថ្នាំអំពៅធ្លាប់តែលក់ត្រឹមតែ១តោនជាង៧០០ដុល្លារ ឥឡូវឡើងដល់ប្រមាណជិត៨០០ដុល្លារហើយ។ បញ្ហាដែកឡើងថ្លៃនេះ ត្រូវបានក្រុមអ្នកលក់ និងម៉ៅការសាងសង់កត់សម្គាល់ឃើញថា គឺបន្ទាប់ពីមានព្រឹត្តិការណ៍ផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជំរុញឲ្យតម្លៃឧស្ម័ន និងប្រេងឥន្ធនៈដែលបម្រើឲ្យវិស័យផលិត និងដឹកជញ្ជូនមានការឡើងថ្លៃយ៉ាងគំហុកដូចគ្នាដែរ។
រូបតំណាង ៖ ដែកនៅទីតាំងលក់មួយកន្លែង

ការរាំងស្ទះដល់ដំណើរការដឹកជញ្ជូនដោយសារវិបត្តិកូវីដ-១៩ ក៏ជាកត្តារួមចំណែកធ្វើឲ្យតម្លៃដែកឡើងថ្លៃផងដែរ ហើយវាកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវករលក់ដែក និងពិសេសក្រុមហ៊ុនម៉ៅការសាងសង់តែម្ដង។ក្រុមការងារខេមបូណូមីស​លម្អិតរឿងនេះដូចតទៅ។

ក្រោយពីមានផ្ទុះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានបង្កឲ្យមានការរង្គោះរង្គើទីផ្សារពិភពលោក និងទំនិញឡើងថ្លៃកាន់តែខ្ពស់ ពិសេស ប្រេងនិងឧស្ម័ន។ តួយ៉ាង ទំនិញដែក និងដែកថែបដែលជាតម្រូវការដ៏សំខាន់សម្រាប់ការសាងសង់ ក៏កំពុងកើនឡើងខ្ពស់ផងដែរ ដ្បិតថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងជាប់ដៃប្រយុទ្ធបង្ហូរឈាមនោះ គឺជាអ្នកផលិតនាំចេញដែកដ៏ធំសម្រាប់ពិភពលោកដែរ។

លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូលក់ដែក និងគ្រឿងសំណង់ តុង ធារី កត់សម្គាល់ឃើញថា តម្លៃដែកនៅមួយរយៈចុងក្រោយបានហក់ឡើងថ្លៃជាបន្តបន្ទាប់បន្ថែមទៀតចន្លោះពី ៥០ដុល្លារ ទៅ១០០ដុល្លារក្នុង១តោនតាមប្រភេទដែកនីមួយៗ។ បើតាមលោក ជីតុង បច្ចុប្បន្នដែកថ្នាំងអំពៅ១តោន តម្លៃជិត៨រយដុល្លារ ខណៈកាលពីមុនមានតែតម្លៃ៧៣០ដុល្លារក្នុង១តោន។ ទោះបីមិនបានដឹងពីមូលហេតុជាក់លាក់ តែលោកអះអាងថា កត្តាដែលជំរុញឲ្យតម្លៃដែកឡើងថ្លៃនេះ គឺអាចដោយសារការនាំចូលដែកត្រូវបានរាំងស្ទះនៅតាមព្រំដែនមួយចំនួន ក្រោយមានការរឹតបន្តឹងវិធានការកូវីដ-១៩។

ម្ចាស់ដេប៉ូ តុង ធារី រូបនេះអះអាងថា ការកើនឡើងតម្លៃដែកគ្រប់ប្រភេទយ៉ាងគំហុកនេះបានទាញទម្លាក់បរិមាណលក់នៅដេប៉ូរបស់លោកឲ្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក ជីតុង កត់សម្គាល់ឃើញថា មិនមែនមានតែដែកនោះទេ ដែលឡើងថ្លៃ សូម្បីតម្លៃគ្រឿងសំណង់ផ្សេងៗ ក៏មានការកើនឡើងផងដែរ។ 

ជុំវិញតម្លៃដែកឡើងថ្លៃនេះដែរ លោកស្រី ចាំង ចាន់ណា អ្នកគ្រប់គ្រងដេប៉ូលក់ដែក កាំង លាងហ៊ី បានបញ្ចាក់ប្រាប់ខេមបូណូមីសថា តម្លៃដែកនៅដេប៉ូ កាំង លាងហ៊ី ដែលទទួលលក់តែដែករបស់ក្រុមហ៊ុន ISI បានកើនឡើងបន្ថែមក្នុងរង្វង់១០០ដុល្លារអាមេរិកក្នុង១តោន។ លោកស្រីអះអាងថា បច្ចុប្បន្នដែកនៅដេប៉ូរបស់លោកស្រីលក់ចេញក្នុងតម្លៃជាង១ពាន់ដុល្លារអាមេរិកក្នុង១តោន ខណៈកាលពីមុនដែក១តោនលក់ចេញជាង៩រយដុល្លារអាមេរិក។ ការកើនឡើងតម្លៃដែកនេះបានធ្វើឲ្យការលក់ដែកនៅដេប៉ូខាងលើធ្លាក់ចុះចន្លោះពី៣០%ទៅ៤០%ផងដែរ។

ការកើនឡើងតម្លៃដែក និងគ្រឿងសំណង់យ៉ាងគំហុកនេះ ក៏កំពុងធ្វើឲ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្ទះ និងសំណង់អគារផ្សេងៗឈឺក្បាលវិលមុខផងដែរ។ លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ពិស្ណុការបានអះអាងថា ការហក់ឡើងតម្លៃដែកយ៉ាងគំហុកនេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យសំណង់ និងគម្រោងសាងសង់របស់ពិស្ណុ្កការ ដ្បិតរាល់គម្រោងទាំងអស់បានចុះកិច្ចសន្យាមុនតម្លៃដែក និងគ្រឿងសំណង់ឡើងថ្លៃ ដែលកត្តានេះអាចធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងបាត់បង់ប្រាក់ចំណូល។

អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ពិស្ណុកា រូបនេះ កត់សម្គាល់ឃើញថា ក្រោយរុស្ស៊ីបើកការវាយប្រហារចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យតម្លៃដែកនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្តែងបច្ចុប្បន្នតម្លៃដែក ដែលក្រុមហ៊ុនលោកទិញចូលមានតម្លៃ៨៣០ដុល្លារក្នុង១តោន ខណៈមុនផ្ទុះសង្គ្រាមដែក១តោនមានតម្លៃត្រឹមតែ៧៣០ដុល្លារតែប៉ុណ្ណោះ។ លោក សុខ ឡៃ វាយតម្លៃថា កត្តាដែលជំរុញឲ្យតម្លៃដែកកើនឡើង គឺដោយសារការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន បន្ទាប់ពីប្រទេសមួយចំនួនបានហាមឃាង់ការនាំចូលប្រទេសរុស្ស៊ី។

មែនទែនទៅ វៀតណាម និងថៃ ក៏កំពុងជួបបញ្ហាដែកឡើងថ្លៃនេះដែរ ដោយថ្មីៗនេះ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា តាំងពីសង្គ្រាមនៅអ៊ុយក្រែផ្ទុះឡើងដែកនៅក្នុងប្រទេសថៃបានហក់ឡើង១០%បន្ថែមទៀត។ មិនមែនមានតែដែកនោះទេដែលឡើងថ្លៃ សូម្បីប្រេងឥន្ធនៈ និងឧស្ម័ន រួមទាំងទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើងផងដែរនាពេលបច្ចុប្បន្ននេះ ហើយវាបានប៉ះពាល់ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ពិសេសប្រទេសដែលពឹងផ្អែកលើការនាំចូលទំនិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី៤ ប្រឆាំងនឹងរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
ក្រោយពេលដែល ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះឆួល និងមិនទាន់មានរកឃើញច្រកចេញនោះ ការិយាល័យប្រធានសហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ…

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិកថា រុស្ស៊ីសុំជំនួយពីខ្លួន ដើម្បីវាយប្រហារអ៊ុយក្រែន

ព័ត៌មាន
ប្រទេសចិននៅថ្ងៃអង្គារទី១៥មីនានេះ បានបដិសេធការចោទប្រកាន់របស់មន្ត្រីសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ថា រុស្ស៊ីបានស្វែងរកជំនួយយោធាពីប្រទេសចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ