ដីជាង១ពាន់ហិកតានៅព្រំដែនកម្ពុជា-វៀតណាម ទុកធ្វើជាតំបន់សេដ្ឋកិច្ចពិសេស

រាជរដ្ឋាភិបាលកម្ពុជា និងយកដីជាង១ពាន់ហិកតានៅព្រំដែនកម្ពុជា-វៀតណាម ទុកធ្វើជាតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដោះដូរទំនិញ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញគោលបំណងចង់កែប្រែតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្ដានុពលនាពេលអនាគត និងជាកន្លែងសម្រាប់ដោះដូរទំនិញ របស់ប្រទេសទាំងពីរផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្ដេចបានចុះហត្ថលេខា ដើម្បីបង្កកដីប្រមាណជាង១ពាន់ហិកតា នៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបទី ៤៥ឆ្នាំ ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រូបភាព៖ SPM page

ការ​បង្ហាញ​ជំហរ​របស់​សម្ដេច ហ៊ុន សែន បែប​នេះ​ក្នុង​គោលបំណង​ជំរុញ​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម នៅ​ឆ្នាំ​២០២១ មាន​ទំហំ​រហូត​ជាង ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ថ្លែង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ញ នា​ឱកាស​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី ៤៥​ឆ្នាំ ដំណើរ​ឆ្ពោះទៅ​រក​ការ​តស៊ូ​រំដោះជាតិ នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​បាន​ចុះហត្ថលេខា ដើម្បី​រក្សា​ទុក​ដី​ប្រមាណ​ជាង​១​ពាន់​ហិ​កតា នៅ​តំបន់​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដើម្បី​ប្រែក្លាយ​តំបន់​នេះ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ជា​កន្លែង​ដ៏​មាន​សារៈសំខាន់​សម្រាប់​ដោះ​ដូរ​ទំនិញ​របស់​ប្រទេស​ទាំង​ពីរ នា​ពេល​អនាគត​។

លើស​ពី​នេះ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ដល់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាប់ផ្តើម​កែ​លម្អ​នូវ​ផ្លូវជាតិ និង​ផ្លូវ​សំខាន់​ៗ នៅ​តំបន់​ខាងលើ​ជា​បណ្ដើរ​ៗ ដើម្បី​ងាយស្រួល​ដល់​ក្រុម​វិនិយោគិន​ដែល​មាន​បំណង​ទៅ​វិនិយោគ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀត​ណា​នោះ​ផង​ដែរ​។ សម្ដេច​បន្ត​ថា គោលបំណង​នៃ​ការ​កែប្រែ​តំបន់​នេះ ក៏​ព្រោះតែ​សម្ដេច​ចង់​កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​ជា​តំបន់​សន្តិភាព ព្រំដែន​មិត្តភាព ព្រំដែន​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ថែម​ទាំង​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ការទូត និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​។ បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន ដ្បិតថា បច្ចុប្បន្ន មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តែ​នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម សម្រេច​បាន​រហូត​ជាង ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នោះ សម្ដេច​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម នឹង​អាច​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២២​នេះ​។

ឆ្លៀត​នា​ឱកាស​នោះ សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ញ សម្រួលការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម ដោយ​មិន​ចាំបាច់​ប្រើប្រាស់​នូវ​លិខិតឆ្លងដែន ក្នុង​គោលបំណង បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បន្ត​ថា ការ​លើក​ឡើង​របស់​បែប​នេះ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទង​ទ្វេភាគី ក៏​ដូច​ជា ជំរុញ​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន ខណៈ​នៅ​រយៈពេល ៥​ខែ ក្នុង​ឆ្នាំ​២០២២​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម សម្រេច​បាន​ទំហំ​ជាង ៥​ពាន់​ដុល្លារ​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឲ្យតម្លៃរថយន្តដំឡើងនៅកម្ពុជា នៅតែថ្លៃជាងរថយន្តដំឡើងនៅប្រទេសក្បែរខាង?

ព័ត៌មាន
យើងសង្កេតឃើញថានៅមួយឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីចំនួន៣ជាបន្តបន្ទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ