សេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចកម្ពុជារំពឹងនឹងកើន ៦,៦% នៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ជាច្រើន


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣ ក្រោយររំពឹងសម្រេចបានកំណើនជាង ៥% នៅឆ្នាំ២០២២។ ការកើនឡើង នៃកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងជំរុញដោយវិស័យសំខាន់ៗមួយចំនួនរួមមានឧស្សាហកម្ម កសិកម្ម សេវាកម្ម និងវិស័យអចលនទ្រព្យជាដើម។
សេដ្ឋកិច្ចកម្ពុជារំពឹងនឹងកើន ៦,៦% នៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ជាច្រើន
ដោយ

បើទោះពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានព្យាករនឹងមានកំណើនយ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជាត្រូវហ៊ុមព័ទ្ធ​ដោយភាពមិនច្បាស់ ដែលអាចបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយនៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង និងការកើនឡើងអតិផរណាជាដើម។

បើតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៣ ក្រោយរំពឹងសម្រេចបានអត្រាកំណើន៥,៤% នៅឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា បើទោះបីទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ នៅតែបង្ហាញនិន្នាការកើនឡើង ក្រោយតម្រូវការខាងក្រៅបន្តមានភាពល្អប្រសើរ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មក​រកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។

ជាមួយនឹងការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% វានឹងជួយជំរុញឲ្យតម្លៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតម្លៃក្នុងរង្វង់ប្រមាណជិត ៣៣ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ផ.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់១៩២៤ដុល្លារអាមេរិក បើធៀបនឹង១៧៨៥ដុល្លារអាមេរិកក្នុងឆ្នាំ២០២២។

ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានរំពឹងគាំទ្រដោយការបន្តកើនឡើងនៃវិស័យឧស្សាហកម្មក្នុងអត្រា៩,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានក្នុងអត្រា៩%, វិស័យសេវាកកម្មនឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ និងវិស័យកសិកម្មកើនឡើងក្នុងអត្រា១,១% ក្នុងឆ្នាំ​២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២។ កំណើនក្នុងវិស័យ​ទាំងនេះ ត្រូវបានរំពឹងជំរុញ​ដោយការកើនឡើងនៃអនុវិស័យកាត់ដេរ​ កម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ ការដាំដុះ និងការចិញ្ជឹមសត្វជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានគូសបញ្ជាក់ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនឡើង​ក្នុងអត្រា៥,៤% នៅឆ្នាំ២០២២ និងកើន៦,៦% នៅឆ្នាំ២០២៣ ក៏ដោយ តែសេដ្ឋកិច្ចកម្ពុជាកម្ពុជាត្រូវប្រឈមនឹងការហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេសការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើនសេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម។

ទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវាយតម្លៃថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលទើបត្រូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័ត ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលអឺរ៉ុបសម្រេចចិត្តដ៏កម្រដំឡើងអត្រាការប្រាក់គោល ០,៧៥% ចំពេលអតិផរណាកើនខ្ពស់

ព័ត៌មាន
នៅថ្ងៃព្រហស្បតិ៍ទី២៦តុលា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩មក ដោយសន្យាថា នឹង…

តៃវ៉ាន់បន្ទន់ជំហរជាងមុន ដោយជំរុញឲ្យចិនបញ្ឈប់ការដាក់បន្ទុក និងងាកមករកតុចរចាវិញ

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់កាលពីថ្ងៃសុក្រ ទី ២៨ តុលា បានបង្ហាញពីការបន្ទន់ឥរិយាបថចំពោះប្រទេសចិន ដោយបាននិយាយថា ទីក្រុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ