ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា

ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាបន្ដកើនឡើងជិត៤០% នៅ៤ខែឆ្នាំនេះ


នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ មានការកើនជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះបី ការនាំចេញមានការកើនឡើងក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកៅស៊ូបានអះអាងថា តម្លៃទីផ្សារកៅស៊ូ គិតមកទល់ពេលនេះ នៅមិនទាន់មានស្ថានភាពល្អនៅឡើយនោះទេ ។
ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាបន្ដកើនឡើងជិត៤០% នៅ៤ខែឆ្នាំនេះ

លោក ម៉ែន សុភក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា នៅរយៈពេល៤ខែដំបូងឆ្នាំនេះ បរិមាណនាំចេញកៅស៊ូរបស់កម្ពុជានៅតែរក្សាបានកំណើនជាបន្តបន្ទាប់ ដោយសារតែផ្ទៃដីទទួលផលមានចំនួនច្រើន នាំឱ្យទន្និផលកើនឡើង ប៉ុន្ដែសម្រាប់តម្លៃទីផ្សារកៅស៊ូគិតមកទល់ពេលនេះនៅតែមិនទាន់ងើបឡើងវិញនៅឡើយ។ លោក ម៉ែន សុភក្រ្ត បន្ថែមថា តម្លៃនាំចេញកៅស៊ូបច្ចុប្បន្នមានតម្លៃធ្លាក់ចុះខ្លាំង ដែលជាធម្យមលក់បានក្នុងតម្លៃក្រោម ១៤០០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ ដែលតម្លៃនេះ គឺទាបជាងថ្លៃដើមផលិតទៅទៀត។ មូលហេតុនាំឱ្យតម្លៃកៅស៊ូធ្លាក់ចុះយ៉ាងដូច្នេះ អ្នកជំនាញរូបនេះ បានឱ្យដឹងថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ព្រោះតែបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗ ប៉ះពាល់ដល់ទីផ្សារកៅស៊ូពិភពលោក និងនាំឱ្យតម្រូវការនៃការប្រើប្រាស់ផលិតផលសម្រេចដែលធ្វើពីជ័រកៅស៊ូមានការធ្លាក់ចុះ។

យ៉ាងណាក៏ដោយចុះ លោក ម៉ែន សុភក្រ្ត អះអាងថា នៅពេលខាងមុខ ប្រសិនជាសេដ្ឋកិច្ចពិភពលោកមានស្ថានភាពល្អប្រសើរឡើងវិញនោះ លោកជឿជាក់ថា តម្លៃកៅស៊ូកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ដោយសារពេលនោះ នឹងមានតម្រូវការប្រើប្រាស់កើនឡើង ធ្វើឱ្យតម្លៃកៅស៊ូនឹងកើនឡើងប្រសើរ វិញផងដែរ។

ស្រដៀងគ្នានេះដែរ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ធ្លាប់បានបានបញ្ជាក់ឱ្យដឹងដែរថ្មីៗនេះដែរថា ទោះបីជាតួលេខនៃការនាំចេញកៅស៊ូនៅបង្ហាញកំណើនវិជ្ជមានក៏ដោយ ប៉ុន្តែតម្លៃទីផ្សារកៅស៊ូ នៅតែមិនទាន់មានស្ថានភាពល្អនៅឡើយទេនៅដើមឆ្នាំ២០២៣នេះ ដោយសារតែកម្ពុជាពឹងផ្អែកទីផ្សារខាងក្រៅ ចំពោះទីផ្សារកៅស៊ូពិភពលោកដែលមានស្ថានភាពធ្លាក់ចុះ ខណៈដែលតម្រូវការក៏មានទាបជាងការផ្គត់ផ្គង់។

ចំពោះការប្រមូលផល និងការដាំដុះដំណាំកៅស៊ូវិញ ឯកឧត្តម ហ៊ឹម អូន បញ្ជាក់ថា ដោយសារអាកាសធាតុប្រែប្រួល ដោយនៅឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង ដូចនេះទិន្នផលកៅស៊ូនៅឆ្នាំនេះអាចនឹងទទួលបានក្នុងបរិមាណទាបផងដែរ។ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាវិញ មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕




អត្ថបទបន្ទាប់


គម្រោងច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបានការសាងសង់ជាង ៨៥%ហើយ

ព័ត៌មាន
គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបានប្រមាណជាង ៨៥% ហើយ គិតត្រឹមថ្ងៃទី១៤ ខែ…

ហេតុអ្វីវិស័យថាមពលជារឿងសំខាន់ក្នុងទំនាក់ទំនងរវាងចិន និងអាស៊ីកណ្តាល?

ព័ត៌មាន
អស់ពេលជាយូរណាស់មកហើយ ប្រទេសចិននិងប្រទេសនៅអាស៊ីកណ្តាលចំនួន ៥ បានបោះជំហានរកគ្នាកាន់តែខ្លាំងឡើង មិនថាតែផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ