ការនាំចេញអង្ករកម្ពុជាសម្រេចបាន ៣៥ម៉ឺនតោន នៅ៧ខែ ឆ្នាំ២០២២

ការនាំចេញអង្ករកម្ពុជាសម្រេចបាន ៣៥ម៉ឺនតោន នៅ៧ខែ ឆ្នាំ២០២២ ខណៈប្រទេសចិននៅតែជាទីផ្សារធំបំផុត


របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៧ខែដំបូងក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣% ទៅកាន់ទីផ្សារទិសដៅចំនួន ៥៣ ប្រទេស។ ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ដដែល ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។
ការនាំចេញអង្ករកម្ពុជា

ចំណែក បរិមាណអង្ករនាំចេញទៅកាន់ទិសដៅ​ទីផ្សារអឺរ៉ុបវិញ មានចំនួនប្រមាណជាង ១១ម៉ឺនតោន កើនឡើងចំនួន ៤៧% និង ទៅកាន់ប្រទេសក្នុងអាស៊ានមានចំនួនជិត ៣ម៉ឺនតោន កើនឡើងចំនួនជិត២%ផងដែរ។ ទន្ទឹមនឹង ការនាំចេញអង្ករ​កើនឡើងនេះអ្នកជំនាញ ក៏បានលើកឡើងពីបញ្ហាមួយចំនួន​ ដែលវិស័យនេះកំពុងជួបប្រឈមផងដែរ។

ជុំវិញដំណើរការនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា កាលពីពេលថ្មីៗនេះ បានកត់សម្គាល់ដូច្នេះ ដំណើរការនាំចេញអង្ករ របស់កម្ពុជានៅឆ្នាំ២០២២ ហាក់មានភាពប្រសើរជាងឆ្នាំ២០២១ ហើយប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់នាំចេញអង្កររបស់កម្ពុជា។ បើទោះជាបែបនេះក្ដី អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាប្រឈមមួយចំនួន ដែលបន្តកើតមានក្នុងវិស័យនេះ ដូចជា បញ្ហាថ្លៃដឹកជញ្ជូន និងការចំណាយលើថ្លៃដើមកាន់តែខ្ពស់ ដូចជា ថ្លៃជី-ថ្នាំកសិកម្ម កាន់តែកើនឡើងជាដើម។

យោងតាមរបាយការណ៍ ដែលទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា​ នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ​អង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណជាង ៣៥ម៉ឺនតោន មានកំណើនជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ប្រទេសចិន នៅតែជាទីផ្សារធំជាងគេ ក្នុងការនាំចេញអង្កររបស់កម្ពុជា ដែលមានចំនួន ១៧ ម៉ឺនតោន មានការកើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជាមួយគ្នានោះ កម្ពុជាបាននាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប មានចំនួនជាង១១ម៉ឺនតោន មានកំណើន ៤៧% និងនាំចេញទៅតំបន់អាស៊ាន មានចំនួនជិត៣ម៉ឺនតោន មានការកើនឡើង ២% ហើយកម្ពុជា ក៏បាននាំចេញអង្ករទៅទិសដៅទ្វីបដទៃទៀត មានបរិមាណសរុបជាង ៣ម៉ឺន៦ពាន់តោន មានការថយចុះចំនួន ២៤% ផងដែរ។

ស្របពេលដែលការនាំចេញអង្ករកម្ពុជាកើនឡើង ការនាំចេញស្រូវរបស់កម្ពុជា នៅរយៈពេល៧ខែឆ្នាំ២០២២ ទៅកាន់ប្រទេសវៀតណាមឯណោះវិញ គឺមានការថយចុះដែរ ពោលគឺកម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម​មានចំនួនជិត២លានតោន ក្នុងនោះ ការនាំចេញ​មានវិញ្ញាបនបត្រភូតគាមអនាម័យមានចំនួនជាង ១លាន៣សែនតោន មានការថយចំនួន ២,៧៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៥លាន៥សែន៨ម៉ឺនតោន ទៅកាន់ទិសដៅ ៦៧ប្រទេស គឺមានការកើនឡើងចំនួន ៥៥ម៉ឺនតោន ស្មើនឹង ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែជាង ៥លានតោន៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ទីផ្សារផ្ទះផ្តោតលើអ្នកមានចំណូលមធ្យមឡើងមិនសូវប៉ះពាល់ ដូចផ្ទះផ្តោតលើអ្នកមានចំណូលក្រោមមធ្យមទេ

ព័ត៌មាន
ទោះបីវិបត្តិឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅកម្ពុជាក៏ដោយ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្…

ធនាគារអេស៊ីលីដា ផ្ញើសាររំលែកទុក្ខ ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ

ព័ត៌មាន
ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី បានផ្ញើសាររំលែកទុក្ខដល់ឯកឧត្តម នាវ ស៊ីថុង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ