ការនាំចេញរបស់កម្ពុជាទៅចិនធ្លាក់ចុះ!

ការនាំចេញរបស់កម្ពុជាទៅចិនធ្លាក់ចុះ៩%នៅឆមាសទី១ឆ្នាំ២០២២


ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីនៅឆមាសទី១ឆ្នាំនេះ សម្រេចបានដល់ប្រមាណ៦ពាន់លានដុល្លារ កើនឡើងប្រមាណ២០% ប៉ុន្ដែ ក្នុងនោះ បើមើលទៅលើការនាំចេញ របស់កម្ពុជាទៅកាន់ទីផ្សារចិនវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៦រយលានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជាង ៩% ប៉ុន្ដែ សម្រាប់ការនាំចេញរបស់ចិនមកកាន់កម្ពុជាវិញមានទំហំទឹកប្រាក់ដល់ទៅប្រមាណជាង ៤ពាន់៣រយលានដុល្លារ មានការកើនឡើងជាង ២៤%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ការនាំចេញរបស់កម្ពុជាទៅចិនធ្លាក់ចុះ៩%នៅឆមាសទី១ឆ្នាំ២០២២
ដោយ

ទាក់ទងនឹងបញ្ហានាំចេញទៅកាន់ទីផ្សារចិនធ្លាក់ចុះនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មតែងមានការកើនឡើង ការថយចុះជាធម្មតាទេ ប្រសិនណាបើការថយចុះមានចំនួនតិចតួចនោះ អាចនិយាយបានថា មកពីកត្តាទំនាក់ទំនងទីផ្សារ ក៏ដូចជា ការខ្វះជើងដឹកជញ្ជូជាដើម ។

ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​របស់​កម្ពុជា ខណៈដែលប្រទេសទាំងពីរ ក៏មាន​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងជាសមាជិក​នៃ​មានកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំ RCEPផងដែរ។

ទោះបីជា ការនាំចេញទៅកាន់ទីផ្សារចិន​បង្ហាញតួលេខធ្លាក់ចុះក៏ដោយចុះ ប៉ុន្ដែ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ​ក្នុងវិស័យ​ដឹកជញ្ជូន បានបង្ហាញការយល់ឃើញពីភាពវិជ្ជមានចំពោះ ការធ្វើពាណិជ្ជកម្ម ការនាំចេញទៅប្រទេសចិននៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ផងដែរ។ ក្នុងនោះ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់ការនាំចេញអង្ករកម្ពុជា។ ជាក់ស្តែង នៅរយៈពេល៦ខែក្នុងឆ្នាំ២០២២​នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបាន​ជាង ១៦ម៉ឺនតោន មានការកើនឡើងក្នុងរង្វង់ជាង ១៧% ខណៈប្រទេសចិនបានកាន់កាប់ក្នុងចំណែកការនាំចេញអង្ករដ៏ធំ​របស់​កម្ពុជា ពោលគឺមានប្រមាណជាង ៥០% ក្នុងចំណោមការនាំចេញអង្ករសរុប ។

ដោយឡែក ឧកញ៉ា ស៊ិន ចន្ទី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានគូសបញ្ជាក់ថា​ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិននៅពេលនេះមានភាពល្អប្រសើរជាងមុន ដោយក្នុងនោះការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានភាពរលូនជាធម្មតា ចំណែកការដឹកជញ្ជូនតាមផ្លូវអាកាសវិញ​ហាក់នៅមានកម្រិតនៅឡើយ ដោយសារជើងហោះហើរ​ទៅកាន់ប្រទេសចិននៅ​មានភាពចង្អៀត ពីព្រោះប្រទេសចិនមានការទប់ស្តាត់ការរាលដាលជំងឺកូវីដ១៩។ ខណៈការដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុបវិញ ឧកញ៉ា ស៊ិន ចន្ទី ​បញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹកមានសកម្មភាពទៅមកជាធម្មតា ក៏ប៉ុន្តែការប្រឈមបញ្ហាប្រេងឥនន្ធៈ ​និងថ្លៃដឹកជញ្ជូនឡើងថ្លៃ ដែលនេះជាបញ្ហាមួយ មិនអាចកំណត់បានថាពេលថានឹងអាចមានភាពល្អប្រសើរនោះទេ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានអះអាងថា ការដឹកជញ្ជូនទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានសភាពប្រក្រតីជាធម្មតា ហើយចំពោះតម្លៃវិញក៏មិនមានការឡើងថ្លៃខ្ពស់​ដូចពេលមុននោះដែរ ដោយនៅមួយរយៈកន្លងមកមាន​កង្វះខាតទូរត្រជាក់ក្នុងការផ្ទុក​ទំនិញកសិកម្មនាំចេញ ដែលតម្រូវឲ្យមានការបញ្ជូនទូរត្រជាក់ទទេពីបណ្តាប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដែលកត្តានេះ បាននាំឲ្យមានការឡើងថ្លៃក្នុងការដឹកជញ្ជូននាពេលកន្លងមក។

សូមបញ្ជាក់ថា បើតាម​របាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជា​សម្រេចបាន​ទំហំពាណិជ្ជកម្មអន្តរជាតិ ជាង​២៧ពាន់លានដុល្លារ កើនឡើង​ជាង២០% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញ​ជាង​១១ពាន់លានដុល្លារ កើនឡើង​ប្រមាណ​៣៤% និង ការនាំចូលមាន​ជិត​១៦ពាន់លានដុល្លារ កើនឡើង​ប្រមាណ​១២%។ ក្នុងនោះ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​របស់​កម្ពុជា ដែលមានទំហំពាណិជ្ជកម្ម​ប្រមាណ៦ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិកមានជិត៥ពាន់លានដុល្លារ វៀតណាមមានជាង ៣ពាន់លានដុល្លារ ខណៈថៃនិងសិង្ហបុរីមានមានជាង​២ពាន់លានដុល្លារដូចគ្នា៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីឆេកថា ទណ្ឌកម្មទី៧របស់អឺរ៉ុបលើរុស្ស៊ី នឹងមិនបញ្ចូលទណ្ឌកម្មលើឧស្ម័នឡើយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីឆេកលោក ផេត ហ្វីឡា(Petr Fiala) បានប្រាប់សារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មទីប្រាំពីរប្រឆាំងនឹងទីក្រុង…

អាមេរិកកំពុងតាមដានឥណ្ឌាជុំវិញករណីលាងប្រេងរបស់រុស្ស៊ី ដើម្បីនាំចេញទៅកាន់តំបន់អឺរ៉ុប

ព័ត៌មាន
តាំងតែពីផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនមក រុស្ស៊ីកំពុងពឹងផ្អែកឥណ្ឌាឲ្យជួយទិញប្រេងពីខ្លួនកាន់តែច្រើនឡើង នៅគ្រាដែលរុស្ស៊ីរងទណ្ឌកម្មស្ទើរតែរើខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ