ការទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំង

អាកាសយានដ្ឋានទាំង៣របស់កម្ពុជា ត្រៀមខ្លួនរួចស្រេច ដើម្បីទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំង


នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអះអាងថា អាកាសយានដ្ឋានទាំង៣កន្លែងរបស់កម្ពុជា បានត្រៀមខ្លួនរួចស្រេចបាច់អស់ហើយ ក្នុងការទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនឹងបើកទទួលឲ្យចូលកម្សាន្ដនៅកម្ពុជាឡើងវិញនៅក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងអះអាងពីការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានេះដែរ ក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍ក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពន្លឿនការប្រកាសកាលបរិច្ឆេទនៃការបើកតំបន់ទេសចរណ៍ឡើងវិញ។​
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នករក​ស៊ីក្នុង​វិស័យ​អាកាសចរណ៍​បាន​ធ្វើ​សន្និសីទ​រួម​គ្នា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ដើម្បី​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​ពួក​គេ​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​រួច ដែល​រាជរដ្ឋាភិបាល​គ្រោង​បើក​នៅ​ចុងឆ្នាំ​នេះ​។

ក្នុង​សន្និសីទ​នោះ លោក Alain Brun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​អះអាង​ថា ក្រុមហ៊ុន Cambodia Airport បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​២០២១ នេះ​។ លោក​អះអាង​ថា ព្រ​លាន​យន្តហោះ​ទាំង​៣ រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​ទទួល​អ្នកដំណើរ​ដែល​មក​ទឹកដី​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព និង​មិន​បង្ក​ហានិភ័យ​ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​។ 

នាយក​ប្រតិបត្តិ​រូប​នេះ យល់​ឃើញ​ថា វា​ល្មម​ដល់​ពេល​ហើយ ដែល​កម្ពុជា​គួរ​បើក​ជើងមេឃ​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​អាកាសចរណ៍ ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​បន្ត​ពន្យារពេល​បន្ថែម​ទៀត វា​នឹង​ធ្វើ​ឲ្យ​វិស័យ​នេះ រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​។ បើ​តាម​ការ​អះអាង​របស់​លោក Alain នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មកនេះ​វិស័យ​អាកាសចរណ៍​បាន​ធ្លាក់​ចុះ​ជាង​៩០% បើ​ធៀប​នឹង​ពេល​មិន​ទាន់​វិបត្តិ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ជំទាវ ឆាយ ស៊ី​វលី​ន បាន​អះអាង​ថា ប្រតិបត្តិ​ករ​ទេសចរ​ក៏​បាន​ត្រៀមខ្លួន​រាល់​ហើយ​ដែរ ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស​ជា​កញ្ចប់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ -១៩ រួច ខណៈ​បច្ចុប្បន្ន​ពួក​គេ​កំពុង​រង់ចាំ​ការ​ប្រកាស​បើក​តំបន់​ទេសចរណ៍​ជា​ផ្លូវការ​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​យ៉ាង​អន្ទះសារ​។ ទន្ទឹម​នឹង​នេះ លោក​ជំទាវ ស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​វិស័យ​ឯកជន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​សុវត្ថិភាព​ខ្ពស់​។ 

អ្នកជំនាញ​រូប​នេះ​អះអាង​ថា កម្ពុជា​អាច​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេស​បរទេស​ក្នុង​អំឡុង​នៃ​វិស្សមកាល​នៅ​ចុងឆ្នាំ​នេះ ប្រសិនបើ​រាជរដ្ឋាភិបាល​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​គម្រោង​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នេះ​។ បាត់បង់​ឱកាស​ដោយសារ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ អាច​ទៅ​ទទួលយក​សេវាកម្ម​ទេសចរណ៍​របស់​ប្រទេស​ផ្សេង​ៗ​ជំនួស​សេវាកម្ម​ទេសចរណ៍​របស់​កម្ពុជា​។ ព្រោះ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​បស្ចិមប្រទេស​ត្រូវការ​ពេល​យ៉ាងតិច​ពី​៣​ទៅ​៤​ខែ ដើម្បី​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​តំបន់​អាស៊ី​។

ពាក់ព័ន្ធ​នឹង​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​នេះ​ដែរ លោក Hamish SNOW អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កា​ថេ ប៉ា​ស៊ី​ហ្វិ​ក (Cathay Pacific) ប្រចាំ​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ក្រុមហ៊ុន​លោក​នឹង​អនុវត្ត​វិធានការ​ស្ដង់ដារ​ប្រតិបត្តិការ (SOP) របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត តាម​រយៈ​ការ​កាត់​បន្ថយ​ចំនួន​ដំណើរ​ពី​១០០%​មក​នៅ​ត្រឹម​ជាង​៤០% ក្នុង​១​យន្តហោះ និង​ការ​វិធានការ​ការពារ​ផ្សេង​ៗ​ទៀត​។

គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ថា សម្តេច​នឹង​បើក​សេវា​ទេសចរ​វ៉ាក់សាំង​នៅ​ចុងឆ្នាំ​នេះ តែ​សម្តេច​មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៃ​បើក​សេវា​នេះ​នៅឡើយ​ទេ​។ សេវា​ទេសចរណ៍​វ៉ាក់សាំង​នេះ​សម្តេច​អះអាង​ថា​អាច​អនុវត្ត​ដំបូង​គេ​ជាមួយ​ប្រទេស​ចិន ដោយ​សរ​តែ​ប្រទេស​នេះ មានការ​គ្រប់គ្រង​បាន​ល្អ​លើ​បញ្ហា​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬបន្ថយចំនួនមនុស្សទៅវត្តឲ្យនៅតិចបំផុត ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ក្នុងវត្តកើនឡើង

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬការកាន់បិណ្ឌនៅតាមវត្តអារាម ឬបើមិនផ្អាកទេ ក៏ត្រូវតែកាត់បន្ថយចំនួនអ្នកចូលវត្តធ្…

មហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធីលើកឡើងថា ការជំរុញធ្វើកសិ-ពាណិជ្ជកម្ម ជារឿងលំបាកមួយសម្រាប់កម្ពុជា

ព័ត៌មាន
ដ្បិតថា វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើន ប៉ុន្ដែ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មរបស់កម្ពុជាគឺនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការចូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ