វិស័យកសិកម្ម

ផលិតផលសក្ដានុពលខ្ពស់របស់កម្ពុជាចំនួន៣មុខសម្រេចបានកំណើននាំចេញដល់ទៅ៣ខ្ទង់ក្នុង៨ខែឆ្នាំ២០២១


បើទោះបីជា ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនកូវីដ១៩ ប៉ុន្ដែ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាជារួមនៅតែសម្រេចបានកំណើនខ្ពស់។ ក្នុង ចំណោមផលិតផលកសិកម្មនាំចេញរាប់សិបមុខ យើងសង្កេតឃើញថា មានផលិតផលសក្ដានុពលចំនួន៣មុខ របស់កម្ពុជា សម្រេចបានកំណើនខ្ពស់ជាមួយអត្រាតួលេខដល់ទៅ៣ខ្ទង់។ ផលិតផលទាំងនោះ រួមមាន ម្រេច ផ្លែស្វាយស្រស់ និងក្រូចថ្លុង។
ស្រ្តីពីរនាក់កំពុងជូត និងរៀបចំផ្លែស្វាយស្រស់ដាក់ចូលក្នុងកេះ

បើតាមអ្នកជំនាញក្នុងវិស័យកសិកម្ម យល់ថា កត្តាដែលជំរុញឱ្យការនាំចេញផលិតផលទាំង៣មុខនេះកើនឡើង ក៏ព្រោះតែក្រូចថ្លុង និងម្រេចកំពតមានការចុះបញ្ជីម៉ាកផលិតផលសំគាល់ភូមិសាស្រ្ត(GI) និងផលិតផលផ្លែស្វាយស្រស់ បានទទួលការចុះកិច្ចព្រមព្រៀងនាំចេញជាមួយប្រទេសជាដៃគូដូចជាចិន និងកូរ៉េខាងត្បូងជាដើម។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ក្នុងចំណោមផលិតផលកសិកម្មរាប់សិបមុខដែលបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស គេសង្កេតឃើញថា មានផលិតផលសក្ដានុពលចំនួន៣ បានសម្រេចបានកំណើនយ៉ាងលេចធ្លោកើនឡើងគំហុកជាងគេនៅក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២១។ ក្នុងនោះ រួមមាន៖ ផលិតផលម្រេច សម្រេចបានការនាំចេញដល់ទៅ ជាង២ម៉ឺន៤ពាន់តោន កើនឡើងជាង៥៥០% ធៀបនឹង៨ខែកាលពីឆ្នាំ២០២០។ ទីផ្សារធំបំផុតដែលមានប្រមាណ៩៩%ទៅហើយគឺនាំចេញទៅវៀតណាម បន្ទាប់មកគឺអាល្លឺម៉ង់ និងឥណ្ឌា និងប្រទេសជាច្រើនទៀត។

ផលិតផលដែលមានកំណើននាំចេញខ្ពស់ទី២ គឺស្វាយស្រស់ សម្រេចបានការនាំចេញដល់ទៅជាង១៦ម៉ឺនតោន កើនឡើងជាង២៥០% ។ ប្រទេសវៀតណាមគឺជាទីផ្សារធំបំផុតសម្រាប់ផ្លែស្វាយរបស់កម្ពុជាដោយបាននាំចេញទៅជាង១៤ម៉ឺនតោនបន្ទាប់មកទីផ្សារថៃ ចិន កូរ៉េខាងត្បូង និងទីក្រុងហុងកុងជាដើម។ 

ផលិតផលសក្ដានុពលសំខាន់ទី៣ ដែលមានការនាំចេញខ្ពស់នៅ៨ខែឆ្នាំនេះ គឺផ្លែក្រូចថ្លុង ដោយនាំចេញបានក្នុងបរិមាណជិត៣ម៉ឺន៥ពាន់តោន កើនឡើងជាង១៣០% ដោយភាគច្រើននាំចេញទៅទីផ្សារថៃ និងវៀតណាម។

កំណើននៃការនាំចេញនូវផលិតផលកសិកម្មសក្ដានុពលទាំង៣មុខខាងលើនេះ ត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញ ក្នុងវិស័យកសិកម្ម យល់ឃើញថា ដោយសារមានតម្រូវការស្បៀងអាហារកើនខ្ពស់នៅអំឡុងពេលកូវីដ-១៩រាតត្បាត ដូច្នេះ ទើបធ្វើឱ្យការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម យល់ថា ការចុះបញ្ជីផលិតផលសំគាល់ភូមិសាស្រ្ត(GI) ក៏ជាកត្តាជំរុញឱកាសទីផ្សារសម្រាប់ ផលិតផលកម្ពុជា និងបង្កើនការនាំចេញផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាមានផលិតផលចំនួន៣មុខហើយ ដែលបានមានចុះម៉ាកសម្គាល់ភូមិសាស្ត្រ GI នេះរួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុងជាដើម។ ក្រសួងពាណិជ្ជកម្ម ក៏កំពុងត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រលើផលិតផលមួយចំនួនទៀត ដូចជា ទឹកឃ្មុំមណ្ឌលគិរី និងអំបិល,ផ្កាអំបិលកំពតជាដើម។

ចំណែកលោក ម៉ាក់ នី ប្រធានសព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា វិញ ក៏កត់សម្គាល់ឃើញថា ការចុះបញ្ជីផលិតផលGI ក៏ជាផ្នែកមួយធ្វើឱ្យទីផ្សារ កាន់តែស្គាល់ពីគុណភាពរបស់ផលិតផលខ្មែរ។ ចំណែក ផលិតផលម្រេចកម្ពុជា ក្រោយបានចុះបញ្ជីសម្គាល់ភូមិសាស្រ្ត នាពេលកន្លងមក ត្រូវបានពិភពលោកកាន់ស្គាល់ច្បាស់ពីគុណភាព របស់ម្រេចខ្មែរ ហើយទីផ្សារកាន់តែទូលាយផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានអះអាងដែរថា នៅអំឡុងវិបត្តិកូវីដ-១៩ ការនាំចេញក៏ជួបបញ្ហាប្រឈមមួយចំនួនដែរ ដែលធ្វើឱ្យកសិផលមួយចំនួនត្រូវកកស្ទះ ដូច្នេះ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើនការវិនិយោគរោងចក្រកែច្នៃផលិតផលក្នុងស្រុកបន្ថែមទៀតឲ្យបានកាន់តែច្រើន។

យោងតាមរបាយការណ៍ស្ដីពីការនាំចេញកសិផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នារយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជាង ៥លានតោន មានការកើនឡើងជិត ៩០% គិតជាទឹកប្រាក់មានជាង៣ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះតារាសាគរខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នៅខែតុលា

ព័ត៌មាន
ទោះបីការរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កឲ្យមានបញ្ហារាំងស្ទះមួយចំនួនក៏ដោយ ប៉ុន្តែវាមិនបានបន្ទច់បង្អាក់បង្កការរាំងស្ទះធ្ងន់ធ្ងរដល់ដំណើរការស…

ក្រុមហ៊ុនយក្សចិន«អាលីបាបា»នឹងវិនិយោគរាប់ពាន់លានដុល្លារសម្រាប់គាំទ្រគោលនយោបាយវិបុលភាពរួមរបស់ចិន

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ត្រូវបានផាកពិន័យជិត ៣ ពាន់លានដុល្លារ កាលពីខែមេសាទាក់ទងនឹងការរកស៊ីផ្ដាច់មុខ នៅពេលនេះ អាលីបាបា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ