ចិនអាចនឹងក្លាយជាកំពូលមហាអំណាចសេដ្ឋកិច្ចជំនួសអាមេរិកនៅឆ្នាំ២០៣៥

តើចិនពិតជាអាចដណ្តើមតួនាទីជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅ១២ឆ្នាំទៀតឬ?


សហរដ្ឋអាមេរិកអាចនឹងបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ ក្រោមថ្វីដៃចិន ក្នុងរង្វង់ឆ្នាំ២០៣៥។ នេះបើតាមសំដីរបស់លោក ជូ មីន ដែលជាសេដ្ឋកិច្ចវិទូចិន និងជាអតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានប្រាប់អ្នកសារព័ត៌មាន The Straits Times ។
ចិនអាចនឹងក្លាយជាកំពូលមហាអំណាចសេដ្ឋកិច្ចជំនួសអាមេរិកនៅឆ្នាំ២០៣៥

លោក ជូ មីន (Zhu Min) អតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រជែងឈ្នះសហរដ្ឋអាមេរិកនៅឆ្នាំ ២០៣៥ ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។

លោក ជូន បានបញ្ជាក់ថា វាមិនមែនជាបញ្ហាត្រឹមតួលេខ ឬការកំណត់ពេលវេលានោះទេ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺគុណភាពនៃកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសចិន។ វាជាអ្វីដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចិនធម្មតាជាងពលរដ្ឋនៅសហរដ្ឋអាមេរិក។

លោកបាននិយាយថា វិធីដើម្បីធ្វើដូច្នេះបានគឺជំរុញឆ្ពោះទៅមុខនូវគំរូថ្មីនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ពោលគឺការបង្កើនចំណាយក្នុងស្រុកជាជាងការនាំចេញ, ការផលិតដែលមានតម្លៃបន្ថែមតាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល, និងការការធ្វើដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងដើម្បីឱ្យវាអាចសម្រេចបាននូវអព្យាក្រឹតភាពកាបូន។

នៅក្នុងពេលចូលរួមសន្និសីទមួយស្តីអំពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ជូ បានអះអាងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកើនឡើងពី ២ ភាគរយទៅ ២,៥ ភាគរយក្នុងមួយឆ្នាំ តែប្រទេសចិនកើនឡើងពី ៤ ភាគរយទៅ ៤,៥ ភាគរយ ដូច្នេះ ក្នុងរយៈពេល ១២ ឆ្នាំទៀត សេដ្ឋកិច្ចចិននឹងរីកធំជាងសេដ្ឋកិច្ចអាមេរិក។

ការព្យាកររបស់លោក ជូ ហាក់ដូចជាយឺតជាងការព្យាករមួយចំនួនពីមុនដែលថាចិនអាចជែងអាមេរិកនៅក្នុងរង្វង់ត្រឹមឆ្នាំ​២០៣០ ឬឆ្នាំ ២០៣៣។ មូលហេតុគឺដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលបានធ្វើលឱ្យចិនបិទប្រទេសប្រមាណជា ៣ ឆ្នាំ​។

លោក ជូ ដែលឥឡូវនេះជាអនុប្រធាននៃមជ្ឈមណ្ឌលចិនសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងប៉េកាំង បានបញ្ជាក់ក្នុងសំដីដើមថា “នៅក្នុងប្រទេសចិន យើងមិនយកការជែងសហរដ្ឋអាមេរិកជាគោលដៅទេ។ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដថា​គុណភាពនៃការ​រីក​ចម្រើនស្ថិតនៅទីនេះ មិនមែនផ្អែកលើតួលេខ​ឬល្បឿនលឿនប៉ុណ្ណាដែលយើងអាចជែងអាមេរិកបានទេ”។

លោកបានលើកឡើងថា គំរូសេដ្ឋកិច្ចចិនបច្ចុប្បន្នគឺ​ផ្តោត​ជាសំខាន់​លើ​ការ​វិនិយោគ ទីផ្សារ​អចលនទ្រព្យ និង​ការ​នាំ​ចេញ ដែលមិនមាន​ដំណើរការ​ល្អទេ។ មិនមានដំណើរការល្អ ម្យ៉ាងគឺដោយសារចិនលែងជាកន្លែងផ្តល់កម្លាំងពលកម្មថោកគ្មានដែនកំណត់ទៀតហើយ ត្បិតអត្រាកំណើតធ្លាក់ចុះ ហើយម្យ៉ាងទៀតគឺតម្រូវការទំនិញពីចិននៅលើពិភពលោកធ្លាក់ចុះ។

ចាប់តាំងពីការដកវិធានការប្រឆាំង Covid-19 មក រដ្ឋាភិបាលចិនបានងាកមកជំរុញសេចក្ដីតម្រូវការក្នុងស្រុកវិញ ដើម្បីធ្វើឱ្យវាដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងសេដ្ឋកិច្ច។ ប៉ុន្តែរឿង​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ជា​ការងារដ៏ពិបាក​មួយ ដោយហេតុថាគ្រួសារ​ចិន​ភាគ​ច្រើន​នៅ​តែ​ចូល​ចិត្ត​ការសន្សំ​ប្រាក់​ជាង​ការ​ចំណាយ ព្រោះមានក្ដី​បារម្ភ​អំពី​ការងារ និង​ប្រាក់​ចំណូល។

លោក ជូ បាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិននឹងត្រូវបង្កើនការធានាលើការថែទាំសុខភាព និងសន្តិសុខសង្គម "ដើម្បីឱ្យប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការចំណាយលើរបស់របរ​ប្រើប្រាស់នៅពេលនេះ"។

កិច្ចខិតខំប្រឹងប្រែងផ្សេងទៀតរបស់ប្រទេសចិន ដូចជាការសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូន កំពុងមានដំណើរការ។ ជាឧទាហរណ៍ ថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅខេត្តស៊ីឈួនឥឡូវនេះត្រូវបានបញ្ជូនទៅកាន់ខេត្ត ហឺណាន ដោយតម្លៃរបស់វាទាបជាងថាមពលធ្យូងថ្ម។ ខេត្ត ហឺណាន ជាខេត្តផលិតធ្យូងថ្ម។ លោក ជូ បាននិយាយក្នុងសម្ដីដើមថា "រឿងនេះប្រាប់យើងថា អាចមានមធ្យោបាយដ៏មានប្រសិទ្ធភាពមួយឆ្ពោះទៅមុខ - ធ្យូងថ្មអាចប្ដូរចេញបាន វានឹងត្រូវប្ដូរចេញ"៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមគ្រោងបន្ថយការនាំចេញអង្ករប្រចាំឆ្នាំ ៤៤% ឱ្យមកនៅ ៤ លានតោន នៅឆ្នាំ២០៣០, ហេតុអ្វី?

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងឯកសារលម្អិតអំពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនកាលពីពេលថ្មីៗថា វៀតណាមមានបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្…

ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនឹងកើនលើសប្រេងឥន្ធនៈ ស្របពេលមានការប្រជែងថាមពលស្អាតកាន់តែខ្លាំង

ព័ត៌មាន
ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រូវបានគេរំពឹងថានឹងកើនលើសការវិនិយោគលើប្រេងឥន្ធនៈជាលើកដំបូងក្នុងឆ្នាំ២០២៣នេះ ខណៈដែលការចំណាយលើថាមពលស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ