ទីផ្សារផលិតផលកញ្ឆាថៃ

ទីផ្សារផលិតផលកញ្ឆារបស់ថៃ នឹងកើនឡើងរហូតដល់ជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥


ក្រោយពី បានបើកឲ្យមានការដាំដុះដំណាំកញ្ឆាដោយស្របច្បាប់រួចមក ប្រទេសថៃ បានព្យាករថា ទីផ្សារលក់កញ្ឆារបស់ខ្លួន ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១៥% ក្នុងមួយឆ្នាំនៅចន្លោះពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ដោយគេបានព្យាករពីតម្លៃទីផ្សាររបស់កញ្ឆានឹងកើនឡើងដល់ ៤៣ ពាន់លានបាត ប្រហែលជាង ១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥។ នេះបើតាមការសិក្សាចុងក្រោយមួយ របស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មរបស់ថៃ (UTCC)។
ថៃ ព្យាករថា ទីផ្សារលក់កញ្ឆារបស់ខ្លួន ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១៥% ក្នុងមួយឆ្នាំនៅចន្លោះពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥

លោក Thanavath Phonvichai ប្រធាន​​សាកល​វិទ្យា​ល័យ​ UTCC បាននិយាយថា ក្រោយ​ពី​តុលាការ​ថៃ​ដាក់​ផ្នែក​ខ្លះ​នៃ​ដំណាំ​កញ្ឆា​​ឱ្យមានការដាំដុះ និងជួញដូរ​​ស្រប​ច្បាប់​​កាលពីថ្ងៃទី០៩​ ខែមិថុនា​នោះ​ កញ្ឆា​ពិតជាមានសក្តានុពល​ក្នុងការក្លាយ​ជាដំណាំសេដ្ឋកិច្ចសំខាន់ថ្មីរបស់ប្រទេសថៃ។ លោក​បាន​បន្ត​ថា ដំណាំ​នេះ​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ច្រើនគួរ​សមសម្រាប់​​ប្រជា​​កសិករ និង​សហគ្រាស​ធុន​តូច​ព្រម​ទាំង​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ថៃផង​ដែរ​។

គិត​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២២​ ចម្ការ​ដំណាំ​កញ្ឆា​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល​ ៧ ៥០០ រ៉ៃ​ប្រហែល​ ១.២០០ ហិកតា​។​

សាកល​វិទ្យា​ល័យ​សភាពាណិជ្ជកម្មថៃប៉ាន់ប្រមាណថា ទីផ្សារកញ្ឆានៅ​ថៃមានចំនួនសរុប ប្រហែល​ជាង ៧៦៣ លាន​ដុល្លារ​នៅឆ្នាំនេះ​ក្នុង​នោះ​ចំនួន​ជាង ២៦០លានដុល្លារ​​បាន​មក​ពីផលិតផលកញ្ឆា​ដូច​ជា​​ផ្កាស្ងួត ស្លឹកស្ងួត ​គ្រាប់ពូជ និងផ្នែកផ្សេងទៀត​ ហើយ​ប្រហែល​៤០០លានដុល្លារ​​បាន​ពីកញ្ឆា​ដូច​ជា ​ការ​ចម្រាញ់​ជា​​ប្រេងជាដើម​ និងប្រហែល១០០លានដុល្លារ​ទៀត​បាន​មក​ពី​​កញ្ឆា​ដែល​ច្នៃ​ជា​​ឱសថ និងការ​បន្ថែម​រសជាតិ​អាហារ​​អាហារនិងភេសជ្ជៈ សម្លៀកបំពាក់ និងសម្ភារៈថែទាំផ្ទាល់ខ្លួន​ផ្សេង​ទៀត​ផង​ដែរ​។

ទីផ្សារកញ្ឆា​ត្រូវគេរំពឹងថា នឹងកើនឡើងដល់ជាង៨៦០លានដុល្លារ​​ក្នុង​ឆ្នាំ​២០២៣​ ហើយ​ឡើងដល់​ជិត១ ពាន់លាននៅឆ្នាំ២០២៤​ និងជាង១ពាន់១រយ​លាននៅឆ្នាំ​២០២៥​។​ នេះបើយោងតាមការសិក្សា​នេះ​។

អ្នកជំនាញ បាននិយាយថា ដំណាំ​កញ្ឆានេះ​ត្រូវគេ​ព្យាករថា នឹងបង្កើតប្រាក់ចំណូល​សម្រាប់កសិករបាន​​ចន្លោះ​ពីជាង២ម៉ឺន ទៅជាង៣ម៉ឺនដុល្លារ​​ក្នុងការដាំដុះ​មួយរ៉ៃ​រៀង​រាល់​ឆ្នាំ ដែល​តួលេខ​នេះ​មាន​ចំនួន​ខ្ពស់​ជាង​ដំណាំ​​ស្រូវ​ទៅ​ទៀត​​ដែល​កសិករ​ប្រមូល​ផល​​បាន​តែចន្លោះ​ពីជាង ២៧០ដុល្លារ ​ទៅ​ដល់៤រយដុល្លារ​​​ប៉ុណ្ណោះ​​ក្នុង​មួយ​រ៉ៃជា​​​រៀង​រាល់​ឆ្នាំ​​។

ការស្ទង់មតិទៅ​លើ​មនុស្សចំនួន ជាង១ពាន់​២រយនាក់​ទូទាំងប្រទេសថៃ​រៀប​ចំ​ឡើង​ដោយ​សាកលវិទ្យាល័យនេះ​​ចាប់ពីថ្ងៃទី៥-១៥​ ខែកក្កដា​​បានរកឃើញថា ​មនុស្សភាគច្រើននៅតែមិនយល់​ស្របចំពោះ​​​សេរីភាវូបនីយកម្មដំណាំ​កញ្ឆា​នេះ​ ដោយសារ​មាន​ការព្រួយបារម្ភអំពីការប្រើប្រាស់កញ្ឆានៅ​លើ​ផ្លូវ​ខុស​ក្នុងចំណោម​កុមារ និងយុវជន​ក៏ដូចជាបញ្ហាសុខភាព​ជា​យថា​ហេតុ​​ផង​ដែរ​។

អ្នកចូល​រួម​​ស្ទង់​មតិ ៧៥​% ​និយាយថា​ពួកគេនឹងមិនទិញ ឬប្រើផលិតផល​ដែល​មានលក់​នៅតាម​ទីផ្សារ​នេះ​ទេ​ ព្រោះ​ពួកគេ​​បារម្ភពីផលប៉ះពាល់ ស្តង់ដារផលិតកម្ម និងការភ័យខ្លាចពី​ការប្រើវា​លើស​​កម្រិត​។ លោក Thanavath និយាយ​ថា​ មនុស្សជាច្រើនបានប្រើកញ្ឆា​​ដោយ​បើក​ចំហ​ដើម្បីជា​ប្រយោជន៍​ដល់​ផ្នែកវេជ្ជសាស្ត្រ ឬការកម្សាន្ត​ ប៉ុន្តែពួកគេចង់ឱ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​​ការប្រើប្រាស់ដំណាំ​​ដ៏​ពេញ​និយម​មួយ​នេះ​។

លោកបានបន្ត​ថា អ្នកដែលបំពានច្បាប់នៃការប្រើកញ្ឆា​គួរតែប្រឈមនឹងការពិន័យឱ្យ​បាន​ខ្លាំង​ខណៈដែលវិសាលភាពនៃសេរីភាវូបនីយកម្មគួរតែ​​កំណត់ឱ្យ​បាន​ច្បាស់ ព្រោះ​ប្រជាជន​នៅមាន​ចំណេះដឹងតិចតួចពីកញ្ឆានេះ​ ខណៈដែលពួកគេ​ព្រួយបារម្ភច្រើន​ពីផលប៉ះពាល់​អវិជ្ជ​មាន​នៃ​ដំណាំ​ប្រភេទ​នេះ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង ខណៈទីក្រុងមួយចំនួនត្រូវដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត

ព័ត៌មាន
ស្របពេលដែល តំបន់អឺរ៉ុប កំពុងប្រឈមនឹងភ្លើងឆេះព្រៃ ដោយសារតែរលកកម្ដៅខ្លាំងនោះ នៅប្រទេសចិនឯណោះ ក៏នឹងត្រូវទទួលរងរលកកំដៅនេះដែរ ក្នុងរយៈពេល១…

កូរ៉េខាងត្បូង និងអាមេរិក បន្តការហ្វឹកហ្វឺនវិស័យយោធាសំខាន់ៗរួមគ្នាឡើងវិញ ក្រោយផ្អាកអស់មួយរយៈធំ

ព័ត៌មាន
កូរ៉េខាងត្បូងមួយរយៈកន្លងមកនេះ ខិតខំពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ខណៈពិភពលោកកំពុងអង្រួនរង្គោះរង្គើ ដោយសារតែសង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ