ស្ថានភាព​កូវីដ-១៩ នៅថៃ

ថៃ​ខ្វះគ្រែពេទ្យ, គ្រោង​ឲ្យ​អ្នកជំងឺស្រាល​ចេញ​ពី​មន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះ


អាជ្ញាធរ​សុខាភិបាលថៃកំពុង​គូសវាស​ផែនការ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូវីដស្រាលៗ ដែលគ្មានរោគសញ្ញា​ ចេញ​ពីមន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះដោយខ្លួន​ឯង ដើម្បី​ទុក​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍ ។
ថៃ​ខ្វះគ្រែពេទ្យ, គ្រោង​ឲ្យ​អ្នកជំងឺស្រាល​ចេញ​ពី​មន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះ ។
ដោយ

ប៉ុន្តែ នៅក្រោម​ផែនការថ្មីនេះ មន្ទីរពេទ្យ​ត្រូវ​អនុវត្ត​នូវ​លក្ខណវិនិច្ឆ័យ​មួយ​នៅក្នុង​ការអនុញ្ញាត​ឲ្យ​អ្នកជំងឺស្រាល​ចេញពីមន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះ ដោយ​ក្នុងនោះ ក៏តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រូវ​ធ្វើ​ចត្តាឡីស័យ​ខ្លួនឯង​នៅផ្ទះ ឲ្យ​បាន​ពេញមួយខែ ផងដែរ ។ 

ផែនការថ្មីនេះ​ជាការឆ្លើយតប​ទៅ​នឹង​ចំនួន​អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសថៃកំពុងកើនឡើងខ្លាំងជាបន្តបន្ទាប់ បណ្តាលឲ្យខ្វះខាតគ្រែអ្នកជំងឺជាច្រើនកន្លែង ដែលបញ្ហានេះ បានបង្កឲ្យមានការព្រួយបារម្ភពីពលរដ្ឋក៏ដូចជាអ្នកដែលបានតេស្តឃើញវិជ្ជមានកូវីដរួចហើយ ប៉ុន្តែមិនទាន់ទទួលបានការព្យាបាលនៅឡើយ។ 

ឆ្លើយតបនឹងការព្រួយបារម្ភនេះ អាជ្ញាធរសុខាភិបាលថៃបាននិយាយថា ពួកគេមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺកូវីដ-១៩ ប៉ុន្តែ មិនមែនគ្រែទាំងអស់សុទ្ធតែអាចបំពាក់មកជាមួយនូវឧបករណ៍និងគ្រឿងបរិក្ខារទំនើបបានទាំងអស់នោះទេ។ បន្ថែមពីលើនេះ ការិយាល័យសន្តិសុខសុខភាពជាតិរបស់ថៃបានឲ្យដឹងថា បច្ចុប្បន្នក្នុងបញ្ជីឈ្មោះអ្នកឆ្លងកូវីដរង់ចាំចំនួន ៧០០នាក់ទៀត មិនទាន់បានទទួលការព្យាបាលនៅឡើយ ។

ពេទ្យឯកជន​រារែក​មិន​ទទួល​អ្នកជំងឺកូវីដ-១៩

ចំណែកប្រធានសមាគមមន្ទីរពេទ្យឯកជនរបស់ថៃបានអះអាងថា ការខ្វះខាតគ្រែមិនមានសភាពធ្ងន់ធ្ងរណាស់ណានោះទេ ។ 

លោកអះអាងថា បញ្ហានេះមើលទៅហាក់មានសភាពធ្ងន់ធ្ងរ គឺដោយសារមន្ទីរពេទ្យឯកជន មិនបានរៀបចំការបែងចែកគ្រែឱ្យបានត្រឹមត្រូវ។ មន្ទីរពេទ្យឯកជនជាច្រើនមិនសូវចង់ទទួលអ្នកជំងឺកូវីដ-១៩នោះទេ បើទោះបីជា រដ្ឋជាអ្នករ៉ាប់រងថ្លៃចំណាយយ៉ាងណាក្តី ។

មិនខុសពីកម្ពុជានោះទេ ប្រទេសថៃក្បែរខាងមួយនេះ កំពុងពិចារណាអនុវត្តផែនការដាក់ឲ្យអ្នកជំងឺព្យាបាលនៅតាមផ្ទះ ជាពិសេសសម្រាប់អ្នកដែលរស់នៅម្នាក់ឯង នៅពេលដែលមន្ទីរពេទ្យពុំមានកន្លែង ឬគ្រែសម្រាប់ទទួលអ្នកជំងឺតទៅទៀត ។ 

សូមជម្រាបថា គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩សរុបកើនដល់ជិត ៤ម៉ឺន៤ពាន់នាក់ហើយ គ្រាដែលអ្នកស្លាប់បាត់បង់ជីវិតមានជាង ១០០នាក់ ។ 

ផែនការចាក់វ៉ាក់សាំង​ឥតប្រែប្រួល

ទោះបីជារងការវាយប្រហារពីរ រលកឆ្លងថ្មីនៃកូវីដ១៩យ៉ាងណាក្តី រដ្ឋាភិបាលថៃបានប្រកាសថ្មីៗនេះថា ផែនការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួននឹងមិនមានការប្រែប្រួលឡើយ ដោយថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ចំនួន៦លានដូស ដល់ពលរដ្ឋខ្លួនចាប់ពីខែមិថុនាខាងមុខនេះតទៅ ។ 

ចំណែកវ៉ាក់សាំង AstraZeneca ១០លានដូសបន្ថែមទៀតនឹងដឹកមកដល់ប្រទេសថៃជាបន្តបន្ទាប់ ក្រោយពី ៦លានដូសដំបូងប្រើប្រាស់រួចរាល់ ។ 

ជុំវិញបញ្ហាវ៉ាក់សាំងនេះដែរ ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចេញមកអះអាង និងការពារវ៉ាក់សាំងដែលផលិតដោយប្រទេសចិន Sinovac ក្រោយមានការជជែកដេញដោលគ្នាជាច្រើនក្នុងបណ្តាញសង្គមនៅប្រទេសថៃស្តីពីប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងចិនប្រភេទនេះ ។ 

ក្រសួងសុខាភិបាលថៃបានអះអាងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង ក៏អាស្រ័យទៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗផងដែរ។ 

ប្រសិនបើគេមានប្រព័ន្ធភាពស៊ាំខ្លាំង នោះវ៉ាក់សាំងដែលចាក់បញ្ចូលទៅនឹងផ្តល់ការការពារខ្លាំងដូចគ្នា។ យ៉ាងណាមិញ ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏អាស្រ័យលើប្រភេទវីរុសបំប្លែងខ្លួនថ្មីផងដែរ ៕

ទស្សនាវីដេអូ៖​

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist




អត្ថបទបន្ទាប់


អ្នកជំនាញ៖វិធានការបិទខ្ទប់មិនបានធ្វើឲ្យរង្គោះរង្គើប្រេះស្រាំដល់ផ្សារមូលបត្រខ្លាំងនោះទេ

ព័ត៌មាន
ក្រុមអ្នកជំនាញផ្សារភាគហ៊ុននៅកម្ពុជា អះអាងថា សកម្មភាពនៃការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជានៅតែមានសកម្មភាពជាធម្មតា នៅក្រោយចូលឆ្នាំខ្មែរ ទោះប…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣១នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់បន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ