បនល្បែង​អនឡាញ

ចិន កំពុងជំរុញការកម្ចាត់បនល្បែងអនឡាញ ដោយអះអាងថា វាធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេស


រដ្ឋាភិបាលចិន បាននិងកំពុងអនុវត្តវិធានការក្ដៅ ចំពោះបនល្បែងឌីជីថល ឬគេហៅថាកាស៊ីណូអនឡាញ ដែលវាអនុញ្ញាតឲ្យជនជាតិចិន អាចលេងល្បែងភ្នាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ ឬ Las Vegas នោះទេ ពោលគឺពួកគេអាចភ្នាល់ពីចម្ងាយតាមរយៈអ៊ីនធើណែត។ ទោះយ៉ាងណា រដ្ឋាភិបាលចិន បាននិងកំពុងអនុវត្តវិធានការ ដើម្បីទប់ស្កាត់បញ្ហានេះ ព្រោះចិនយល់ថា ល្បែងអនឡាញនេះ កំពុងធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេសរបស់ខ្លួន រាប់រយលានយន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Macau Daily Times។
ចិន កំពុងជំរុញការកម្ចាត់បនល្បែងអនឡាញ ដោយអះអាងថា វាធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេស (រូបភាព៖ https://www.scmp.com)

បនល្បែងអនឡាញ ក្វាងទុង ដែល​បាន​ជាកន្លែង​មួយ​បើក​ឲ្យមានការ​ភ្នាល់ល្បែង​អនឡាញ​ដ៏ធំ​ និងបាន​ស្រូបទាញ​លំហូរ​សាច់ប្រាក់​យន់​របស់ចិន​យ៉ាង​ច្រើន​តាមរយៈអាជីវកម្ម​ល្បែងអ៊ីនធើណែត។ បនល្បែងនេះ បានចុះ​បញ្ជី​នៅ​សាធារណៈរដ្ឋ​កូស្ដារីកា ដែលជា​កន្លែង​បើក​ចំហរ​ឲ្យ​មាន​ការ​ចុះ​បញ្ចី​អាជីវកម្ម​បនល្បែង​អនឡាញ ស្របច្បាប់។

អាជីវកម្មល្បែង​អនឡាញនេះ កំពុង​បង្កជាបញ្ហា​កាន់តែច្រើនឡើង ដល់​រដ្ឋាភិបាល​បក្សកុម្មុយនីសចិន ដែល​ធ្លាប់បាន​និយាយថា ប្រតិបត្តិការ​ល្បែងភ្នាល់អនឡាញ​ បាន​ធ្វើឲ្យ​បាត់បង់​សាច់ប្រាក់​ចេញ​ពីប្រទេសចិន រាប់រយលាន​យន់។ ទីក្រុងបេកាំង ចាត់ទុក​ការភ្នាល់​ គឺជារឿង​មិនត្រឹមត្រូវ ហើយ​វាក៏បង្ក​ឲ្យ​មានបញ្ហា​វឹងកវរ​ក្នុងសង្គមផងដែរ។

មិនតែប៉ុណ្ណោះ ច្បាប់​ក្នុងប្រទេសចិន ក៏មាន​ការហាមឃាត់​ការលេងល្បែងស៊ីសង​នៅលើ​ទឹកដី​ចិនដីគោក​ផងដែរ រួមទាំង​បនល្បែង​អនឡាញ​ថែមទៀតផងរ។ ប៉ុន្ដែ ភាព​អនាមិក ដែល​ទាក់ទង​នឹង​ការ​បើក​ឱកាស​តាមអ៊ីធើណែត បានធ្វើ​ឲ្យអ្នក​ភ្នាល់​ជនជាតិចិន​ប្រមូលផ្ដុំគ្នា លេងល្បែង​ភ្នាល់នានា​តាម​អនឡាញ​យ៉ាង​គគ្រឹក​គគ្រេង។ 

ជនជាតិចិន​ញៀនល្បែង​តាមអនឡាញ​ទាំងនោះ បាន​ជួយ​ឲ្យ​វិស័យ​ល្បែង​អនឡាញ​នៅអាស៊ី​មានកំណើន​យ៉ាងខ្លាំង ដែលត្រូវបាន​គេរំពឹងថា នឹងកើនឡើង​ដល់​ទំហំទឹកប្រាក់​ប្រមាណ​២៤ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ។ នេះបើតាម​ការស្រាវជ្រាវទីផ្សារ​ដោយ​ស្ថាប័ន Technavio។

រដ្ឋាភិបាល​ក្រុង​ប៉េងកាំង បាន​​បញ្ចុះបញ្ជូល​ឲ្យ​ប្រទេស​ដែល​អនុញ្ញាត​ឲ្យមាន​ការបើកល្បែង​ស៊ីសង​អនឡាញ ដូចជា កម្ពុជា និងហ្វីលីពីន​ ឲ្យ​បិទឧស្សាហកម្មនេះ​ចោល ដែលវាត្រូវបាន​គេមើលឃើញថា ជា​ការអនុវត្ត​វិធានការបន្ទាន់មួយទៀតរបស់ចិន ស្របពេលដែល​សេដ្ឋកិច្ច​ចិន​ដើរយឺត និងបញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអាមេរិក នៅ​មិនទាន់ដោះស្រាយ​ស្រុះស្រួល​គ្នានៅឡើយនោះ។

រដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗនេះ បាន​ប្រកាស​សម្រេច​ឈប់ផ្ដល់អាជ្ញាបណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់សេវា​ល្បែង​អនឡាញ​តទៅទៀតហើយ និងអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែលកំពុង​មាន​អាជ្ញាបណ្ណ អាចបន្ដ​ប្រតិបត្តិការ​របស់ខ្លួន​ដល់​ផុតអាជ្ញា​បណ្ណ។

ក្រោយពីប្រកាសភ្លាម គេសង្កេតឃើញថា មានជនជាតិចិន​ជាច្រើន បាន​សម្រុក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដែលវា​ត្រូវបានគេ​ដាក់ការ​សង្ស័យថា គឺដោយសារតែ​រដ្ឋាភិបាលកម្ពុជា​ប្រកាសបិទ​អាជីវកម្ម​ល្បែង​អនឡាញ​ទាំងនេះ។

រដ្ឋាភិបាលចិន បាន​ចង​នូវបញ្ហាជាច្រើន​ទៅលើ​ល្បែង​អនឡាញ​ រួមមាន ការក្លែងបន្លំ​ទូរគមនាគម និង​ពលរដ្ឋ​ត្រូវបាន​ល្បួង​ឲ្យធ្វើការ​ខុសច្បាប់​នៅក្នុងប្រទេស​ហ្វីលីពីន​ជាដើម។

បនល្បែង​តាមអនឡាញ​ទាំងនេះ ក៏បាន​គំរាមកំហែង​ដល់​កំណើន​នៃការ​ទៅលេងល្បែង​នៅទីក្រុងម៉ាកាវ ដែល​ជា​ទីក្រុង​តែមួយគត់​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាលចិន អនុញ្ញាត​ឲ្យ​មានការលេង​ល្បែង​ស៊ីសង (តែការបើកបនល្បែង​អនឡាញ​ត្រូវបាន​ហាមឃាត់)។

អ្នកលេងល្បែង នៅក្នុង​បនល្បែង​អនឡាញ​ក្វាងទុង ដែលបាន​ចុះបញ្ជី​អាជីវកម្ម​នៅកូស្ដារីកា​នោះ អាច​ដាក់ប្រាក់ និងទទួលប្រាក់​តាមរយៈ​គណនី នៅធនាគារ​ចិន​មួយចំនួន​ដូចជា ធនាគារ​ Bank of China Ltd. និងធនាគារ Industrial & Commercial Bank of China Ltd.,។ នេះបើតាម​គេហទំព័រ​របស់​បនល្បែនេះ។ ប៉ុន្ដែ ធនាគារ​បានបដិសេធ​មិនបានផ្ដល់​ការបកស្រាយ​ពីរឿងនេះទេ។ នេះបើតាម​ការបញ្ជាក់​របស់ សារព័ត៌មាន Macau Daily Times។

លើសពីនេះ ក៏មាន​ការអនុញ្ញាត​ឲ្យមាន​ការទូទាត់​ការភ្នាល់ និងឈ្នះល្បែង តាមប្រព័ន្ធ​ទូទាត់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សចិន Tencent Holdings Ltd និង​ក្រុមហ៊ុន Ant Financial Services Group របស់​មហាសេដ្ឋីប្រាក់ពាន់​លាន​ដុល្លារ លោក Jack Ma ផងដែរ។

ប្រទេស​ហ្វីលីពីន​ ដែលជា​កន្លែង​បើក​ឲ្យ​មាន​ការភ្នាល់​ល្បែង​អនឡាញ​ដែរនោះ ក៏ត្រូវបាន​ចិន​ស្នើ​ឲ្យ​បិទ​អាជីវកម្ម​ល្បែង​អនឡាញនេះដែរ ខណៈដែលវិស័យល្បែងនេះ បាន​ជួយ​រុញច្រាន​មួយភាគ​តូចដែរ ដល់សេដ្ឋកិច្ច​ហ្វីលីពីន។ បន្ទាប់ពីមាន​ការអំពាវនាវ​ពីចិន ឲ្យ​បង្ក្រាប​លើល្បែង​អនឡាញ ប្រទេស​ហ្វីលីពីន​ក៏បាន​ឆ្លើយតបថា ខ្លួន​នឹង​បញ្ឈប់​ការ​ផ្ដល់​ការស្នើ​សុំអាជ្ញាបណ្ណ​ថ្មីៗ​សម្រាប់​អាជីវកម្ម​ល្បែង​អនឡាញ រហូតដល់​ចុងឆ្នាំនេះ។ ការសម្រេច​របស់​ហ្វីលីពីននេះ ហាក់​ដូចជា​មិនទាន់​គ្រប់គ្រាន់​តាមការចង់បាន​ពេញលេញ​របស់ចិន​នៅឡើយទេ ព្រោះចិន​ចង់ឲ្យបិទចោលទាំងអស់ តែហ្វីលីពីន​គ្រាន់តែ​មិនផ្ដល់​អាជ្ញាបណ្ណថ្មីបន្ត តែនឹង​រក្សា​ក្រុមហ៊ុន​ល្បែងអនឡាញ​ចាស់ៗដដែល។ 

លោក ប្រធានាធិបតី​ចិន ស៊ីជិនពីង បានលើកឡើង​ពី​រឿង​ល្បែង​អនឡាញ​ នៅក្នុង​ខែ​សីហា​ នៅពេលដែលលោក​បានជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Duterte ដែល​ប្រធានាធិបតីហ្វីលីពីន​រូបនេះ បាន​បដិសេធ​ការអំពាវនាវ​លើការ​បិទអាជីវកម្ម​ល្បែងអនឡាញនោះ។

ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន​ប្រចាំ​ប្រទេសចិន បាន​និយាយ​ក្នុងបទសម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍​ Bloomberg កាលពីចុង​ខែសីហាថា ហ្វីលីពីន​មិនបាន​ចាប់អារម្មណ៍ ទៅនឹង​ជំហាន​ខ្លាំងៗ ដែលនឹង​ជិះឥទ្ធិពល​អាក្រក់​ដល់សេដ្ឋកិច្ច តែនឹង​ជំនួស​ដោយការគ្រប់គ្រង​វិស័យនេះវិញ៕

ប្រភព៖ macaudailytimes.com.mo

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាស​ស្វែងយល់​អំពី"សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ"!

ព័ត៌មាន
សម្រាប់​លោក​អ្នក​ដែលចង់​ដឹង ចង់​យល់​អំពី​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​អចលនទ្រព្យ នេះ​ជា​ឱកាស​ល្អ​មួយ ដែល​លោក​អ្នក​មិន​គួរ​ខកខាន។

សំណើកាត់បន្ថយម៉ោងការងារនៅវៀតណាម ត្រូវបានវិស័យឯកជនថា នឹងបង្កបញ្ហា ច្រើនជាងដំណោះស្រាយ

ព័ត៌មាន
ក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើន មិនយល់ស្របទៅនឹងសំណើ កាត់បន្ថយម៉ោងធ្វើការងារ ពីចំនួន៤៨ ម៉ោង មកនៅ៤៤ម៉ោងក្នុងមួយសប្ដាហ៍នោះទេ ហើយក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ