កូវីដ-១៩ ជាសកល

ចិន នឹងមិនចូលរួមកិច្ចប្រជុំកំពូល ទាក់ទងនឹងការរីករាលដាលកូវីដ ១៩ ជាសកល នៅខែក្រោយនេះទេ


ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាការីករាលដាលនៃជំងឺកូវីដ១៩ ជាសកល ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅខែក្រោយនេះនោះទេ ខណៈមានការព្រួយបារម្ភថាទីក្រុងប៉េកាំងនឹងត្រូវបានរិះគន់ចំពោះគោលនយោបាយគ្មានកូវីដ១៩ របស់ខ្លួន ដែលកំពុងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការនៃសកម្មភាពសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
ទីក្រុងប៉េកាំងទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាការីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនោះទេ

សេត​វិមាន​អា​មេ​រិ​កបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី Joe Biden នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ទី ១២ ខែឧសភា កិច្ចប្រជុំ​កំពូល​នេះ នឹង​មានការ​ពិភាក្សា​គ្នា ក្នុង​គោ​ដៅ​ព្យាយាម​ទៅ​បញ្ចប់វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​រៀបចំ​សម្រាប់​ការ​ការពារ​នៃ​ការ​គំរាមកំហែង​ពី​មេរោគ​ផ្សេង​ៗ​នា​ពេល​អនាគត​។

សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​បាន​និយាយ​ថា ទោះបីជា​អត្រា​មរណភាព​នៃ​មេរោគ​ឆ្លង​កំពុង​ធ្លាក់​ចុះ​ជាស​កល​ក៏​ដោយ ប៉ុន្តែ ការ​កើតឡើង និង​ការ​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង គឺ​ចាំបាច់​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ទូ​ទាំង​ពិភពលោក​។ សេត​វិមាន​ក៏​បាន​សង្កត់ធ្ងន់ ថា ការ​បង្កើត​យុទ្ធសាស្ត្រ និង​ការ​អនុវត្ត​ត្រូវ​តែ​ចាប់ផ្តើម​ពេល​នេះ ដើម្បី​ស្តារ​នូវ​ការ​ងើបឡើង​វិញ​ពី​វិបត្តិ ដែល​កំពុង​កើតឡើង​ឲ្យ​បាន​ឆាប់រហ័ស​ត្រឡប់​មក​វិញ និង បង្កើន​សមត្ថភាព​ហិរញ្ញប្បទាន​ជា​សកល​សម្រាប់​វិបត្តិ​សុខភាព​នា​ពេល​អនាគត​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា​ថា ទីក្រុង​ប៉េ​កាំ​ង​បានដឹង​ពី​ព្រឹត្តិការណ៍​នេះ ហើយ​ប្រទេស​ចិន​ស្វាគមន៍​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ការ​លើកកម្ពស់​សាមគ្គីភាព​អន្តរជាតិ និង​ការ​បង្កើត​យុទ្ធសាស្ត្រ ចំពោះ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​។

យ៉ាងណា​ម៉េ​ញ លោក Shi Yinhong អ្នកជំនាញ​កិច្ចការ​អា​មេ​រិ​ក​នៅ​សាកលវិទ្យាល័យ Renmin ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា គោលនយោបាយ​គ្មាន​កូ​វី​ដ​របស់​ចិន អាច​អនុវត្ត​ទៅ​បាន ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាពអាក្រក់​ទៅ​ៗ​។

តាម​រយៈ​គោលនយោបាយ​នេះ​ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការ​ធ្វើ​ដំណើ និង បិទ​ខ្ទប់​នៅ​តាម​ទីក្រុង​ធំ​ៗ​មួយ​ចំនួន ខណៈ​សកម្មភាព​អាជីវកម្ម​នៅ​ទីក្រុង​សៀង​ហៃ ដែល​ជា​កំពង់​ផែ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​ត្រូវ​បាន​ផ្អាក ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក​យ៉ាងធ្ងន់ធ្ងរ និង ជំរុញ​ឱ្យ​មានការ​ភ័យ​ខ្លាច​អំពី​ការ​រំខាន​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។

លោក Shi បាន​បន្ត​ថា ទោះបីជា​ការ​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​អំពី​ប្រភព​ដើម​នៃ ជំងឺ​កូ​វី​ដ ១៩ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​រិះគន់​លើ​គោលនយោបាយ​គ្មាន​កូ​វី​ដ​របស់​ប្រទេស​ចិន​គឺ​កាន់តែ​ខ្លាំង​ឡើង​។

គួរ​ជម្រាប​ថា ពិភពលោក​ភាគច្រើន​បាន​សម្រេចចិត្ត​រស់នៅ​ជាមួយ​មេរោគ​កូ​វី​ដ​១៩ ដោយ​ជ្រើសរើស​ដក​ការ​រឹត​បន្តឹង​ជា​ច្រើន ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ងើបឡើង​វិញ និង គិតគូរ​ពី​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាជន​។ ក៏​ប៉ុន្តែ ប្រទេស​ចិន​បាន​ប្តេជ្ញា ក្នុង​ការ​ប្រយុទ្ធ​ដ៏​យូរអង្វែង​ថា ខ្លួន​នឹង​មិន​រស់នៅ​ជាមួយ​មេរោគ​កូ​វី​ដ​១៩ នោះ​ឡើយ ពោល​គឺ​នៅ​តែ​ពង្រឹង​គោលនយោបាយ​គ្មាន​កូ​វីត ១៩ របស់​ខ្លួន​ដោយ​សង្ឃឹមថានឹង អាច​បញ្ចប់​ការ​រីក​រាលដាល​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរិះគន់អាមេរិក ដែលមកហាមខ្លួនផ្តល់ជំនួយដល់យោធារុស្ស៊ីប្រឆាំងសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទី (Lloyd Austin) បានប្រាប់ប្រទេសចិន ឱ្យបដិសេធពីការផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសរុស្ស៊ី ដោយបង្កឱ្…

វិស័យទេសចរណ៍ពិភពលោក អាចវិលមករកកម្រិតមុនពេលមានកូវីដ១៩រាតត្បាតនៅឆ្នាំ២០២៣

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំហើយ ដែលមេរោគកូវីដ១៩ បានផ្ទុះឡើង និងបន្ដរីករាលដាលនៅជុំវិញពិភពលោក ហើយក្នុងនោះវិស័យទេសចរណ៍ ត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ