ចិនបើកធ្វើសមយុទ្ធជុំវិញកោះប្រជាធិបតេយ្យតៃវ៉ាន់

ចិនបើកការធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ក្រោយខឹងសម្បារនឹងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលបន្តគាំទ្រកោះនេះ


យោធាចិនបានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ថាពួកគេបានបើកការធ្វើសមយុទ្ធយោធានៅតាមសមុទ្រ និងអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងទៅនឹងសកម្មភាពបង្កហេតុរបស់កោះប្រជាជាធិបតេយ្យមួយនេះ ជាមួយនឹងសហរដ្ឋអាមេរិកដែលជាបងធំនៅពីក្រោយខ្នង។
ចិនបើកការធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ក្រោយខឹងសម្បារនឹងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលបន្តគាំទ្រកោះនេះ

ការបង្ហាញសាច់ដុំជាថ្មីរបស់យោធាចិននៅជុំវិញកោះតៃវ៉ាន់នេះ គឺធ្វើឡើយនៅក្រោយពេលដែលប្រមុខការទូតរបស់ប្រទេសនេះ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះច្បាប់ថ្មីរបស់អាមេរិក ដែលបន្ដជួយគាំទ្រដល់កោះតៃវ៉ាន់ បើទោះបីជាចិនព្រមានប្រាប់ជាច្រើនលើកច្រើនសារហើយថា កោះមួយនេះ គឺជាដែនទឹកដីរបស់ខ្លួន និងធ្លាប់ប្រាប់អាមេរិកកុំឲ្យប្រលែងលេងជាមួយនឹងភ្លើងយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយដោយាសារព័ត៌មានអន្តរជាតិធំៗ។

គួរជម្រាបថា ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធចុងក្រោយបំផុតនៅសីហាកន្លងទៅ បន្ទាប់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណេនស៊ី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់។ ដោយឡែក សមយុទ្ធដែលត្រូវបានប្រកាសសាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋអំណាចចិនបានខឹងសម្បារនឹងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមរិក ដែលក្នុងនោះនៅតែបន្តផ្តល់ជំនួយយោធាដល់កោះប្រជាធិបតេយ្យតៃវ៉ាន់។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយថា ខ្លួនបានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធវាយប្រហារដោយកម្លាំងអាវុធរួមគ្នា» នៅជុំវិញកោះតៃវ៉ាន់ ទោះបីជាគេមិនបានបញ្ជាក់ទីតាំងពិតប្រាកដក៏ដោយ។ ហើយសមយុទ្ធនេះគឺជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនាពេលបច្ចុប្បន្ននៃការឃុបឃិត និងការបង្កហេតុពីសហរដ្ឋអាមេរិក និងតៃវ៉ាន់»។ ទន្ទឹមគ្នានេះ ទីបញ្ជាការខាងកើតនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃប្រជាជាតិចិន»។

មែនទែនទៅ ការធ្វើសមយុទ្ធជាថ្មីនេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះកាលពីថ្ងៃសៅរិ៍ ទី២៤ ខែធ្នូ ប្រទេសចិនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះច្បាប់អនុញ្ញាតផ្នែកការពារជាតិថ្មីរបស់សហរដ្ឋអាមេរិកនឹងគាំទ្រការផ្តល់ជំនួយយោធាកាន់តែច្រើនសម្រាប់តៃវ៉ាន់ ខណៈដែលតៃប៉ិបានអបអរសាទរចំពោះការជួយបង្កើនសន្តិសុខខ្លួនពីសំណាក់បងធំអាមេរិក។

ជាការពិត នៅក្នុងកញ្ចប់ថវិកាសម្រាប់ការចំណាយប្រចាំឆ្នាំក្រោយ ដែលត្រូវបានសម្រេចអនុម័តដោយសភាទាំងពីររបស់អាមេរិកកាលពីពេលថ្មីៗនេះក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧ ទ្រីលានដុល្លារ ដែលក្នុងនោះប្រាក់ជាង ៨៥៨ ពាន់លានដុល្លារសម្រាប់ចំណាយលើវិស័យយោធា។ ហើយជាមួយគ្នានោះ ច្បាប់នេះនឹងផ្តល់ឱ្យតៃវ៉ាន់ ១០ ពាន់លានដុល្លារសម្រាប់ជំនួយសន្តិសុខ និងការទិញសព្វាវុធដែលចាប់សញ្ញាបានលឿនពីការប៉ុនប៉ងឈ្លានពានពីសំណាក់ចិនដីគោក។

ស្របពេលជាមួយគ្នានេះ កោះតៃវ៉ាន់បានសម្តែងការអរគុណយ៉ាងខ្លាំងក្រៃលែង ចំពោះច្បាប់របស់សហរដ្ឋអាមេរិកនេះដោយថា វាសបង្ហាញពីសារៈសំខាន់ទីក្រុងវ៉ាស៊ីនតោននៅតែបន្តតភ្ជាប់ទំនាក់ទំនងតៃវ៉ាន់-សហរដ្ឋអាមេរិក ដោយជួយពង្រឹងសន្តិសុខរបស់ខ្លួន។ ម្យ៉ាងវិញទៀត ទីក្រុងតៃប៉ិបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិន ជាថ្មីម្តងទៀតបង្ហាញពីចិត្តគំនិតរបស់ប៉េកាំងក្នុងការដោះស្រាយភាពការប្រឈមមុខដាក់គ្នា ដោយកម្លាំង និងការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ផ្ទុយទៅវិញ ទំនាក់ទំនងតៃវ៉ាន់-អាមេរិកគឺកិច្ចសហប្រតិបត្តិការដែលរួមចំណែកដល់សេរីភាព ការបើកចំហ សន្តិភាព និងស្ថិរភាពនៃឥណ្ឌូប៉ាស៊ីហ្វិក ហើយតៃវ៉ាន់នឹងបន្តជំរុញយោធារបស់ខ្លួន ស្របតាមការគំរាមកំហែងរបស់សត្រូវ និងតម្រូវការការពារស្វ័យការពាររបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិនៃកោះតៃវ៉ាន់។

បើអាជ្ញាធរកោះតៃវ៉ាន់បានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទទី ២៦ ខែធ្នូនេះថា យោធារបស់ប្រទេសចិនបានបញ្ជូនយន្តហោះចំនួន ៧១ គ្រឿង និងនាវាចម្បាំងចំនួន ៧ គ្រឿងទៅប្រតិបត្តិការក្បែរកោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមយន្តហោះ ដែលចិនបញ្ជូនទៅកាន់តៃវ៉ាន់មានយន្តហោះចម្បាំង (J-16) ចំនួន ១៨ គ្រឿង យន្តហោះចម្បាំង (J-1) ១១ គ្រឿង យន្តហោះចម្បាំង (Su-30) ៦ គ្រឿង និងយន្តហោះគ្មានមនុស្សបើក។ តៃវ៉ាន់បាននិយាយថា ខ្លួនបានត្រួតពិនិត្យតាមរយៈប្រព័ន្ធកាំជ្រួចមីស៊ីលនៅលើដី ក៏ដូចជានៅប្រព័ន្ធរ៉ាដាលើនាវាកងទ័ពជើងទឹករបស់ខ្លួនផងដែរ៕




អត្ថបទបន្ទាប់


Samsung នឹងពង្រីកការផលិតឈីបនៅរោងចក្រធំបំផុតរបស់ខ្លួន ខណៈសង្វៀនដណ្តើមទីផ្សារបច្ចេកវិទ្យានេះកាន់តែក្តៅខ្លាំង

ព័ត៌មាន
ស្របពេលដែលសង្វៀនប្រកួតប្រជែងបច្ចេកវិទ្យាឈីបក្នុងពិភពលោក កាន់តែផ្ទុះឡើងខ្លាំង ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏បានពង្រីកការផលិតឈីបរបស់…

បុរសខ្លាំងរុស្ស៊ី លោក ពូទីន ថា លោកខាងលិចមានបំណងពុះហែកប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ ធ្នូ នេះ ដោយបានតិះតៀនទៅកាន់លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ