ចិនបាននឹងកំពុងធ្វើសមយុទ្ធ «ឡោមព័ទ្ធ» វិញកោះតៃវ៉ាន់

ចិនបាញ់មីស៊ីលជាច្រើនគ្រាប់ចូលដែនទឹកក្បែរកោះតៃវ៉ាន់ ខណៈពេលកំពុងធ្វើប្រតិបត្តិការយោធាដ៏ធំបំផុតមិនមាន «ឡោមព័ទ្ធ» ជុំវិញកោះមួយនេះ


នៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសចិនបាញ់មីស៊ីលជាច្រើនគ្រាន់ធ្លាក់ចូលទៅក្នុងដែនទឹកនៃកោះតៃវ៉ាន់ នៅខណៈពេលដែលចិនពេលនេះ កំពុងតែបន្ដធ្វើប្រតិបត្តិការយោធារបស់ខ្លួន ឡោមព័ទ្ធ ជុំជិតកោះមួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនបាញ់មីស៊ីលជាច្រើនគ្រាប់ចូលដែនទឹកក្បែរកោះតៃវ៉ាន់ ខណៈពេលកំពុងធ្វើប្រតិបត្តិការយោធាដ៏ធំបំផុតមិនមាន «ឡោមព័ទ្ធ» ជុំវិញកោះមួយនេះ

ការបង្កើតសកម្មភាពយោធាដ៏សម្បើមមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនេះ ធ្វើឡើងក្រោយប្រធានសភាអាមេរិកលោកស្រី ផេឡូស៊ី បានចាកចេញពីកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃពុធ ខណៈចិនបានព្រមានជាច្រើនលើកច្រើនសាររួមកហើយទៅកាន់អាមេរិក និងតៃវ៉ាន់ ថាកុំចង់ប្រលែងលេងជាមួយភ្លើងឲ្យសោះ។

បើតាមសេចក្ដីរាយការណ៍ពី សារព័ត៌មានរដ្ឋចិន CCTV ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនព័ទ្ធជុំវិញកោះតៃវ៉ាន់នេះ គឺបានចាប់ផ្ដើមឡើងតាំងពីម៉ោង ១១ថ្ងៃត្រង់ ម៉ោងនៅកម្ពុជាយើង ហើយនឹងត្រូវបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់ នាថ្ងៃអាទិត្យសប្ដាហ៍នេះ។

ក្នុងនោះដែរ ក៏មានការបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងតំបន់ដែនទឹកនៃកោះតៃវ៉ាន់ផងដែរ។

ប្រភពពីខាងតៃវ៉ាន់អះអាងថា មានមីស៊ីលប្រភេទ Dongfeng ជាច្រើនរបស់ចិន បានបាញ់មកធ្លាក់ចូលក្នុងសមុទ្រភាគឦសាន និងភាគនិរតីនៃកោះតៃវ៉ាន់។

ជាមួយគ្នានោះ មានមីស៊ីលចំនួន២គ្រាប់ បានបាញ់ដោយប្រទេសចិន នៅក្បែរកោះ Matsu របស់តៃវ៉ាន់ ដែលស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសចិន។

សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់មហាយក្សចិននេះប្រព្រឹត្តទៅក្នុងតំបន់ជាច្រើនដែលឡោមព័ទ្ធកោះតៃវ៉ាន់នៅចំណុចខ្លះក្នុងចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រាំងកោះតៃវ៉ាន់ ដោយក្នុងនោះ ទីតាំងធ្វើសមយុទ្ធ គឺមាន៦កន្លែង ព័ទ្ធជិតកោះតៃវ៉ាន់តែម្ដង។

តាមកាសែត Global Times គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ដោយដកស្រង់សម្តីអ្នកវិភាគយោធាចិនថា សមយុទ្ធនេះគឺ «មិនធ្លាប់មានពីមុននោះទេ» ហើយនឹងមានការបាញ់មីស៊ីលហោះពីលើកោះតៃវ៉ាន់ជាលើកដំបូងតែម្តង។

កាសែតនេះបាននិយាយថា «នេះគឺជាលើកទីមួយហើយដែលកងទ័ពរំដោះប្រជាជនចិន PLA បាញ់បង្ហោះកាំភ្លើងធំរយៈចម្ងាយឆ្ងាយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ»។

បើតាមប្រភពយោធាចិនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សមយុទ្ធយោធានឹងត្រូវរៀបចំឡើងក្នុងការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាក់ស្តែងតែម្តង។

ប្រភពនេះបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើកងកម្លាំងតៃវ៉ាន់មានការប៉ះពារ ឬរារាំងប្រឆាំងសកម្មភាពរបស់កងទ័ពចិន PLA មែននោះ យោធាចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយផលវិបាកទាំងអស់នឹងធ្លាក់លើភាគីតៃវ៉ាន់តែម្នាក់គត់»។

ទោះជាយ៉ាងណា ទីក្រុងតៃប៉ិបានថ្កោលទោសផែនការនេះ ដោយព្រមានថាសមយុទ្ធរបស់ចិននេះនឹងគំរាមកំហែងដល់សន្តិសុខនៃតំបន់អាស៊ីបូព៌ាទាំងមូល។

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោកស៊ុន លីហ្វាង (Sun Li-fang) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា «តំបន់មួយចំនួននៃសមយុទ្ធរបស់ប្រទេសចិនបានរំលោភចូលទៅក្នុងដែនទឹករបស់តៃវ៉ាន់ ហើយទង្វើគន្លើននេះបានធ្វើឲ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ»។

គួរជម្រាបថា កាលពីថ្ងៃពុធនេះ ការិយាល័យដែនសមុទ្រ និងកំពង់ផែរបស់តៃវ៉ាន់បានចេញការព្រមានដល់កប៉ាល់គ្រប់ធុននៅតំបន់ភាគខាងជើង ភាគខាងកើត និងភាគខាងត្បូង មុនពេលសមយុទ្ធនេះធ្វើឡើង ដោយបានប្រាប់ឲ្យធ្វើនាវាចរខុសពីតំបន់ទាំងនេះផងដែរ។

លើសពីនេះទៅទៀត ក្រសួងការពារជាតិរបស់កោះនេះបាននិយាយថា តៃវ៉ាន់បានចាប់សញ្ញា និងប្រទះឃើញយន្តហោះចម្បាំងចិន ២៧ គ្រឿងហោះចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដោយ ២២ គ្រឿងបានសំដៅចូលខ្សែពុះចែកដែនទឹកតៃវ៉ាន់ និងចិនម្តង។

ដោយឡែកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខាងតៃវ៉ាន់ក៏បាននិយាយកាល ដែរថា យន្តហោះមិនស្គាល់អត្តសញ្ញាណ ដែលជាយន្តហោះគ្មានមនុស្សបើកកាលពីយប់ថ្ងៃពុធ បានហោះហើរលើតំបន់នៃកោះគីនមែន (Kinmen) ផងដែរ តែត្រូវបានកងទ័ពតៃនៃកោះនេះបណ្តេញចេញវិញ។

សូមបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់នឹងចិនដីគោក ដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះ បានកើតឡើង ក្រោយពេលលោកស្រី Pelosi បានចាកចេញពីកោះតៃវ៉ាន់កាលពីថ្ងៃពុធបន្ទាប់ ក្រោយពីដំណើរទស្សនកិច្ច២ថ្ងៃ១យប់ នៅលើកោះនេះ ស្របពេលដែលមានការគំរាមគំហែងយ៉ាងខ្លាំងពីប្រទេសចិនយ៉ាងផ្លូវការទូត និងយោធា ដោយហេតុចិនតែងចាត់ទុកថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ហើយ យោងតាមសារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង លោកស្រីបានទៅដល់ប្រទេសកូរ៉េខាងត្បូងដោយសុវត្តិភាពហើយ ក្រោយចាកចេញពីតៃវ៉ាន់។

គេសង្កេតឃើញថា ក្នុងជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ផេឡូស៊ី បានប្រកាសថា៖ «វត្តមានរបស់លោកស្រីនៅលើទឹកដីកោះប្រជាធិបតេយ្យនេះ ចង់បង្ហាញយ៉ាងច្បាស់ថា អាមេរិកនឹងបោះបង់ចោលតៃវ៉ាន់ឡើយ ក្នុងពេលណាៗទាំងអស់»។

ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G20) ក៏បានថ្កោលទោសសមយុទ្ធដែលបានគ្រោងទុកផងដែរ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចិនគ្មានហេតុផលណាមួយ ក្នុងការប្រើដំណើរទស្សនកិច្ចជាលេសសម្រាប់ធ្វើសកម្មភាពយោធាឈ្លានពាននៅច្រកសមុទ្រតៃវ៉ាន់នោះទេ»។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញ ក៏បាននិយាយដែរថា ប្រទេសចិនបានខិតខំប្រឹងប្រែងអត់ធ្មត់ផ្នែកការទូតណាស់ ដើម្បីបញ្ចៀសជម្លោះផ្នែកយោធា ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យផលប្រយោជន៍ស្នូលរបស់ខ្លួនត្រូវបានរំលោភបំពានជាដាច់ខាត។ ហើយលោកផ្ដាំថា អ្នកណាជាអ្នកហ៊ានប្រលែងលេងជាមួយនឹងភ្លើង ក៏នឹងត្រូវតែឆេះខ្លោចដូចគ្នាដែរ៕




អត្ថបទបន្ទាប់


ប្រទេសបង់ក្លាដែសកំពុងស្វែងរកជំនួយ ២ ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី

ព័ត៌មាន
រដ្ឋាភិបាលបង់ក្លាដែស ដែលកំពុងស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជួបបញ្ហានោះ បានសរសេរសារផ្ញើទៅកាន់ស្ថាប័នម្ចាស់កម្ចីធំៗទាំងពីររបស់ខ្លួ…

ហេតុអ្វីការបញ្ចេញលក់ស្មាតហ្វូនរបស់ចិនធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេ១០ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ការបញ្ចេញលក់ស្មាតហ្វូននៅក្នុងប្រទេសចិនកំពុងឆ្ពោះទៅរកការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំនេះ បើធៀបនឹងក្នុងរយៈពេល១០កន្លងមក ដោយសារទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ