ឥទ្ធិពលវិនិយោគចិន និងអាមេរិក

មហាយក្សចិនបាននាំមុខអាមេរិក ក្នុងការពង្រីកឥទ្ធិពលវិនិយោគនៅអាស៊ាន


មហាយក្សចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងការវិនិយោគនៅតំបន់អាស៊ានទៅហើយ។ ចិនបាននិងកំពុងនាំមុខគេ ដែលក្លាយជាប្រទេស ដែលមានគម្រោងវិនិយោគធំៗជាច្រើនក្នុងតំបន់អាស៊ាន ពោលគឺច្រើនជាងសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏កំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើតាម​ការរាយការណ៍​ដោយសារព័ត៌មានជប៉ុន Nikkei។
មហាយក្សចិនបាននាំមុខអាមេរិក ក្នុងការពង្រីកឥទ្ធិពលវិនិយោគនៅអាស៊ាន
ដោយ

ប្រទេសចិន បច្ចុប្បន្ននេះ បាននិងកំពុងពង្រីកការវិនិយោគរបស់ខ្លួនជាច្រើននៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំង១០ផងដែរ តួយ៉ាងមានដូចជា គម្រោងរោងចក្របន្ទះសូឡាដ៏ធំនៅម៉ាឡេស៊ី គម្រោងផ្លូវល្បឿនលឿនជិត ៦០០គីឡូម៉ែត្រនៅប្រទេសឡាវ និង គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ គឺសុទ្ធសឹងជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។

គម្រោងវិនិយោគធំៗជាច្រើន ដែលភាគច្រើនត្រូវបានគេសង្កេតឃើញថា ស្ថិតក្នុងគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បាននិងកំពុងរីកដុះដាលដូចផ្សិតនៅពាសពេញតំបន់អាស៊ាន ដែលមានប្រទេសសមាជិកទាំង១០ រួមទាំងកម្ពុជាផងដែរ។ ប្រការនេះបានរុញច្រានឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមយកភ្នែកក្រឡេកមកក្នុងតំបន់អាស៊ីអាគ្នេយ៍ និង បានចាប់ផ្តើមយកចិត្តទុកដាក់ជាងមុនបន្តិចមកលើក្រុមប្រទេសក្នុងតំបន់មួយនេះ ដើម្បីទប់ទល់ប្រឆាំងនឹងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងរីកសាយភាយខ្លាំងក្នុងតំបន់ខ។

ជាក់ស្តែង ចិនបានសម្រេចគម្រោងខ្នាតយក្សមួយ ជាមួយនឹងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតរោងចក្របន្ទះសូឡាផលិតថាមពលអគ្គិសនី ក្នុងទំហំវិនិយោគជាង ១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី២៤មិថុនាកន្លងទៅថ្មីៗនេះ។

ក្រៅពីនេះ គេនៅចាំបានថា កាលពីថ្ងៃទី៧ខែមិថុនា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលចិនទទួលធ្វើជាម្ចាស់ផ្ទះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានសន្យា និង ប្រកាសប្រាប់ទៅប្រទេសរឥណ្ឌូនេស៊ី ថា ខ្លួននឹងបង្កើនជំនួយហេដ្ឋារចនាសម្ព័ន្ធដល់រដ្ឋាភិបាលក្រុងហ្សាកាតា ថែមទាំងបង្កើនការនាំចូលផលិតផលរបស់ឥណ្ឌូនេស៊ីផងដែរ។

យើងក្រឡេកមកប្រទេសកម្ពុជាយើងឯណេះ ចិនដែលអន្តរជាតិស្គាល់ថាជាមិត្តដែកថែបរបស់កម្ពុជា ក៏បានសន្យានឹងជួយកម្ពុជាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការដើម្បីកែលម្អបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ដោយរដ្ឋាភិបាលក្រុងប៉េកាំងនឹងបញ្ជូនអ្នកជំនាញផ្នែកបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធមកជួយជ្រោមជ្រែងកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ។ ក្រៅតែពីគម្រោង ហេដ្ឋារចនាសម្ព័ន្ធ បច្ចុប្បន្ន គម្រោងធំៗជាច្រើននៅកម្ពុជា ពិសេសការវិនិយោគអចលនទ្រព្យ គឺកំពុងនាំមុខដោយក្រុមហ៊ុនចិន ហើយមហាយក្សចិនដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ក្នុងលោកនេះ ក៏បានឈរនៅលេខរៀងទី១ នៅក្នុងវិស័យជាច្រើនរបស់កម្ពុជាផងដែរ រួមទាំងការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ និង ទីផ្សារនាំចេញផលិតផលកសិកម្មជាដើម។ 

បើយើងងាកទៅមើលប្រទេសឡាវឯណោះវិញ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ រដ្ឋាភិបាលឡាវទើបបានអនុម័តការកសាងផ្លូវល្បឿនលឿនប្រមាណ ៥៨០ គីឡូម៉ែត្រក្នុងតម្លៃជាង៥ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃទី៧ខែមិថុនា។

សូម្បីតែវៀតណាមដែលកំពុងមានជម្លោះជាមួយចិន ក្នុងសំណុំរឿងដ៏រុំារ៉ៃពាក់ព័ន្ធនឹងព្រំដែនទឹកនៅសមុទ្រចិនខាងត្បូង ក៏ទទួលបានគម្រោងវិនិយោគពីប្រទេសចិនមិនតិចនោះដែរ។ ជាក់ស្តែង រដ្ឋាភិបាលក្រុងប៉េកាំង បានវិនិយោគជាង ៦០គម្រោងក្នុងប្រទេសវៀតណាមរាប់ចាប់តាំងពីខែមករាដល់ខែមេសាឆ្នាំ ២០២១នេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

ជាមួយនឹងគម្រោងដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិនបែបនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញឲ្យឃើញថា ខ្លួនកំពុងប្តេជ្ញាចិត្ត ទប់ស្កាត់ក្រុងវ៉ាស៊ីនតោនកុំឲ្យទាក់ទាញយកចំណាប់អារម្មណ៍ពីប្រទេសក្នុងតំបន់អាស៊ាន ស្របពេលដែលរដ្ឋបាលលោកចូ បៃឌិន ហាក់បង្ហាញការចាប់អារម្មណ៍ច្រើនមកលើប្រទេសនៅអាស៊ីអាគ្នេយ៍ ជាងគ្រាដែលលោក ដូណាល់ ត្រាំនៅកាន់តំណែងជាប្រធានាធិបតីអាមេរិក។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនជឿនលឿនទាំង៧ (G7) ដឹកនាំដោយអាមេរិកបានបញ្ចេញគម្រោងដ៏ធំមួយដែលមានឈ្មោះថា «B3W» ឬហៅជាភាសាអង់គ្លេសថា «Build Back Better World Initiative» មានន័យជាខេមរភាសាខ្មែរថា គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ» ដើម្បីប្រកួតប្រជែងនឹងគម្រោងផ្លូវ១ ខ្សែក្រវាត់១ របស់ចិន ដែលកំពុងតែគ្របដណ្តប់ឥទ្ធិពលលើពិភពលោក និង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍តែម្តង។ គម្រោង គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ «Build Back Better World នេះ ជួយគាំទ្រ និងផ្តល់ឲ្យប្រទេសក្រីក្រ នូវគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសស្រដៀងទៅនឹងគម្រោងផ្លូវ១ ខ្សែក្រវាត់១ របស់ចិនដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញជ័រកៅស៊ូសម្រេចបានជាង ២២០លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេសប្រមាណជាង ១៣ម៉ឺនតោន ជាមួយទឹកប្រាក់ប្រមាណជាង ២២០លានដុល្លារអាមេរិក នៅរយៈពេល៦ខែដំបូងឆ្នាំ២០២…

តើគម្រោងបង្កើតចំណងមេត្រីភាពរវាងខេត្តចំនួន៣របស់កម្ពុជា ជាមួយខេត្តហ៊ូប៉េរបស់ចិន នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ព័ត៌មាន
ក្រសួងការបរទេសកម្ពុជាបានដាក់សំណើរទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតចំណងមេត្រីភាពរវាងខេត្តសៀមរាប កំពត និងព្រះសីហនុជាមួយខេត្តហ៊ូប៉េរបស់ចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ