ប្រទេសចិន

ចិនបញ្ចុះបញ្ចូលអូស្ត្រាលីឲ្យជួយគាំទ្រខ្លួនចូលក្នុងកិច្ចព្រៀងពាណិជ្ជកម្មតំបន់ CP TPP


បើទោះបីជា កំពុងស្ថិតនៅក្នុងជម្លោះពាក្យសម្ដីជាមួយគ្នាក្ដ៏ ប៉ុន្ដែថ្មីៗនេះ ប្រទេសចិនកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្ត្រាលីដើម្បីឲ្យជួយគាំទ្រខ្លួន ក្នុងការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ពហុភាគីដ៏ធំមួយ ដែលគេស្គាល់ថាកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) CP TPP។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រូបភាពស្ថានទូតចិននៅអូស្ត្រាលី
ដោយ

បើ​តាម​លិខិត​ពី​ស្ថានទូត​ចិន​នៅ​អូស្ត្រាលី ផ្ញើរ​ទៅ​កាន់​គណៈកម្មការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ប្រចាំ​នៅ​រដ្ឋសភា​អូស្ត្រាលី​បាន​សរសេរ​ថា​៖ «​ប្រសិនបើ​ចិន​បាន​ចូល​រូ​ម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ CP TPP នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​ជា​សមាជិក​ដទៃ និង​សម្រាប់​តំបន់​ទាំងមូល​»​។

លិខិត​ដដែល​បាន​សរសេរ​លើក​ឡើង​បន្ត​ថា​៖ ប្រទេស​ចិន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សហគមន៍​មួយ ដែល​មាន​អនាគត​ល្អ​រួម​គ្នា​សម្រាប់​មនុស្សជាតិ ហើយ​ត្រៀមខ្លួន​ធ្វើការ​រួម​គ្នា​ជាមួយ​គ្រប់​ភាគី​ផ្សេង​ទៀត ដើម្បី​លើកកម្ពស់​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។

គួរ​កត់​សម្គាល់ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ព្យាយាម​ទាក់ទង ទៅ​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​របស់ CP TPP ដូច​ជា ម៉ា​ឡេ​ស៊ី ញូ​សេ​ឡែ​ន អូស្ត្រាលី និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​ព្យាយាម​ស្វែង​យល់ និង​ពិភាក្សា​ផ្នែក​បច្ចេកទេស ស្តី​ពី​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ដ៏​ធំ​មួយ​នេះ​។ ប្រការ​នេះ​បាន​បង្ហាញ​ពី​ចេតនា​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ចូល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ខាងលើ ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៨ គ្រា​ដែល​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​បោះបង់​ចោល​សមាជិកភាព​របស់​ខ្លួន ដោយ​បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ ជា​ការ​ខាតបង់​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​ទៅ​វិញ​។

មែនទែន​ទៅ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អា​មេ​រិ​ក​ខ្លួនឯង ប៉ុន្តែ​ក្រោម​អាណត្តិ​របស់​លោក អូ​ប៉ា​ម៉ា ហើយ​វា​ត្រូវ​បាន​អា​មេ​រិ​ក​ទាត់​ចោល​ភ្លាម​ៗ​ក្រោយ លោក​ត្រាំ ចូល​កាន់​តំណែង​។

ចាប់តាំងពី​ឆ្នាំ ២០១៨ ដដែល​នោះ ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន ក៏​បាន​ផ្តើម​មាន​ភាព​ប្រេះឆា​នឹង​គ្នា ចាប់តាំងពី​បញ្ហា​នយោបាយ ហើយ​រីក​កាន់តែ​ធំ​ទៅ​ៗ ដល់​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រុង​ប៉េ​កាំ​ង បាន​ព្យាយាម​បញ្ចុះបញ្ចូល អូស្ត្រាលី ឲ្យ​សម្របសម្រួល​ខ្លួន​ចូល​ជា​សមាជិក CPTPP ដែរ ដោយ​មិន​បាន​គូសបញ្ជាក់​ពី​ការ​ចង់​ផ្សះផ្សា​ជា​អូស្ត្រាលី​ជា​មុន​បន្តិច​សោះ​។

ជាក់ស្តែង នៅ​ក្នុង​លិខិត​ដដែល ដែល​ស្ថានទូត​ចិន​បាន​ដាក់​ទៅ​កាន់​សភា​អូស្ត្រាលី ស្ថានទូត​មិន​បាន​និយាយ​ពី​បញ្ហា​ទ្វេភាគី​នោះ​ទេ ប៉ុន្ដែ ចិន​បាន​ព្យាយាម​លើក​ពី​ភាព​ស័ក្ដិសម​របស់​ខ្លួនឯង​ថា ខ្លួន​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ CP TPP ដោយសារ​វត្តមាន​របស់​ខ្លួន​អាច​នឹង​ជួយ​បង្កើន​ការ​នាំ​ចេញ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំហំ​ទីផ្សារ សម្រាប់​ការ​វិនិយោគ​បរទេស​។ 

យ៉ាងណាមិញ មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​ភាគី​អូស្ត្រាលី​ជុំវិញ​លិខិត​របស់​ចិន​នោះ​ទេ​។  

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កិច្ចព្រមព្រៀង​មួយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច ដោយសារ​តែ​វា​នឹង​មានការ​បើកចំហ​ទីផ្សារ ក៏​ដូច​ជា​ការ​អនុគ្រោះ​ពន្ធ​ដល់​ជាង ៩០%​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំង​១១​ក្នុង​ការ​នាំ​ចេញ​ទំនិញ ខណៈ​ដែល​សរុប​ទំហំ GDP នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ៤០% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក និង​គ្រប់​ដណ្តប់​លើ​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មចិន-អាមេរិកជាប់គាំង នៅតែមិនទាន់រកច្រកចេញឃើញ?

ព័ត៌មាន
គេសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកនៅតែជាបញ្ហាក្ដៅ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និង...

ប្រទេសឡាវ នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយនឹងប្រទេសចិន

ព័ត៌មាន
យើងមកមើលពីទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយប្រទេស ឡាវ ដែលជាប្រទេសជិតខាងយើងវិញម្ដង ឃើញថា នៅរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសចិន ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ