ចិននឹងលើកស្ទួយឧស្សាហកម្មឈីបខ្លួន

ចិនត្រៀមកញ្ចប់លុយ ១៤៤ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតឈីបក្នុងស្រុក និងប្រជែងជាមួយអាមេរិក


ទីក្រុងប៉េកាំង នឹងបញ្ចេញប្រាក់ឧបត្ថម្ភធន និងការអនុគ្រោះផ្នែកពន្ធមួយចំនួន ដើម្បីជំរុញការស្រាវជ្រាវ និងផលិតឈីបក្នុងប្រទេសរបស់ខ្លួន ជាមួយកញ្ចប់ទឹកប្រាក់គាំទ្រសរុបជាង ១៤៤ពាន់លានដុល្លារ។ វាជំហានដ៏សំខាន់មួយរបស់ចិន ដើម្បីពឹងលើដង្ហើមខ្លួនឯងនូវបច្ចេកវិទ្យាឈីប ក្រោយក្រុងវ៉ាស៊ីនតោន ដាក់ចេញវិធានការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន។ មិនតែប៉ុណ្ណោះ វាក៏ជាការវិវត្តថ្មីមួយទៀត នៅក្នុងសង្គ្រាមបច្ចេកវិទ្យាឈីបរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ ។
ចិននឹងលើកស្ទួយឧស្សាហកម្មឈីបខ្លួន តាមរយៈកញ្ចប់ទឹកប្រាក់ជាង ១៤៤ពាន់លានដុល្លារ

ផែនការនៃការបញ្ចេញកញ្ចប់ទឹកប្រាក់ដ៏ធំបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំងតម្លៃជាង ១៤៤ពាន់លានដុល្លារនេះ គឺមានរយៈពេល ៥ឆ្នាំ សម្រាប់ការឧបត្ថម្ភធន និងអនុគ្រោះផ្នែកពន្ធមួយចំនួនដូចជា ដើម្បីជំរុញការផលិតឈីប និងសកម្មភាពស្រាវជ្រាវនៅក្នុងប្រទេសនេះ។

យ៉ាងណាមិញ អ្នកវិភាគលើកឡើងថា វិធានការចុងក្រោយរបស់ចិនក្នុងការជំរុញផលិតកម្មបន្ទះឈីបក្នុងស្រុកនេះ វាក៏នឹងបង្កើនក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក អំពីការប្រកួតប្រជែងរបស់ចិន នៅក្នុងឧស្សាហកម្មផលិតឈីប ដែលកំពុងមានតម្រូវការខ្លាំង។ ជាមួយគ្នានោះ សមាជិកសភាអាមេរិកមួយចំនួន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងផងដែរ អំពីការបង្កើនសមត្ថភាពផលិតរបស់ចិននេះ។

ផែនការកញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ នឹងធ្វើឡើងក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះភាគច្រើននៃជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការឧបត្ថម្ភធនដល់ក្រុមហ៊ុនចិន ក្នុងការទិញគ្រឿងបរិក្ខារឈីបក្នុងស្រុក និងបង្កើតរោងចក្រផលិតឈីប។

សូមជម្រាបថា ផែនការគាំទ្ររបស់ប្រទេសចិននេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក កាលពីខែតុលាបានចេញវិធានការរឹតត្បិតនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុងវ៉ាស៊ីនតោន ក៏បានបបួលសម្ព័ន្ធមិត្តរបស់ខ្លួនដែលរួមមានជប៉ុនផងនោះ ឱ្យចេញវិធានការដូចខ្លួនដែរទៅលើប្រទេសចិន។

សូមបញ្ជាក់ថា សង្គ្រាមឧស្សាហកម្មបន្ទះឈីបរវាងមហាយក្សអាមេរិក និងចិន បាននិងកំពុងឡើងកម្ដៅកាន់តែខ្លាំងឡើង ដោយថ្មីៗនេះ ភាគីចិនក៏ទើបតែបាន រៀបចំឯកសារប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញករណីដែលអាមេរិកហាមឃាត់ការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន។

នៅចុងក្រោយនេះដែរ រដ្ឋបាលលោក ចូ បៃឌិន ក៏គ្រោងដាក់ក្រុមហ៊ុនឈីបយក្សរបស់ចិន Yangtze Memory Technologes និងក្រុមហ៊ុនចិន ៣៥ទៀត ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក ដែលនឹងទប់ស្កាត់មិនឱ្យក្រុមហ៊ុនចិនទាំងនេះអាចទិញគ្រឿងបង្គុំអាមេរិកបានឡើយ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី១៣ ខែធ្នូ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


តើកម្មវិធី TikTok នឹងលែងឲ្យប្រើប្រាស់នៅអាមេរិកមែន ឬយ៉ាងណា?

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ បានអំពាវនាវឱ្យសមាជិកសភានៃគណបក្សទាំងពីរ គឺគណបក្ស…

សភាពអឺរ៉ុបងាកមករកតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មាន
មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបជាមួយសមភាគីមកពីតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នាទីក្រុងព្រុចសែល ចាប់ពីថ្ងៃពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ