ការនាំចេញផលិតផលកសិកម្ម

ចិនសន្យាថា នឹងនាំផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីជួយកសិករខ្មែរ


ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានអះអាងថា រដ្ឋាភិបាលចិន នឹងនាំយកផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ ជូនកសិករខ្មែរ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

នាឱកាសនោះ​សម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាកសិផលរបស់កសិករខ្មែរ ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ដល់ឯកឧត្តម វ៉ាង យី ពិសេសការនាំកសិផលកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ដូចជាផ្លែមៀនប៉ៃលិន ជាដើម។ ឆ្លើយតបនូវបញ្ហានេះ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់កសិករខ្មែរ ដែលកំពុងជួបអំឡុងវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្ន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាង ប្រាប់សម្តេចតេជោ ថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

ទន្ទឹមនោះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់​ពីលទ្ធផល​នៃកិច្ចប្រជុំ ជាមួយទីប្រឹក្សាចិន យ៉ាងដូច្នេះថា៖«ចិនក៏កំពុងបើកទូលាយទីផ្សារហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាន នៅពេលខាងមុខ ដែលកម្ពុជា អាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន»។

ក្រៅពីសន្យាដោះស្រាយបញ្ហាកសិផលខ្មែរ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ ៣លានដូស ថែមទៀត ដល់ប្រទេសកម្ពុជា សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋកម្ពុជា។  គិតមកដល់ពេលនេះ ប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៦,៨ លានដូស ហើយ។

សូមបញ្ជាក់ថា ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តី​ការបរទេសចិន ឯកឧត្តម វ៉ាង យី បានមកបំពេញដំណើរទស្សនកិច្ច​នៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន លើឯកសារសំខាន់ៗ ចំនួន៦ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ប្តេជ្ញាប្រែក្លាយវិបត្តិកូវីដ-១៩ទៅជាឱកាសធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចនិងសង្គម

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញានៅចំពោះប្រមុខដឹកនាំរដ្ឋចិន និងអាស៊ានថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាស…

ធនាគារកាណាឌីយ៉ា ក.អ ! ឈ្នះ! ឈ្នះ! រង្វាន់​យ៉ាង​ច្រើន​សន្ធឹក សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​ជាង ៥០០​លាន​រៀល គ្រាន់តែ​បើក​គណនី​សំច័យ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ!

ព័ត៌មាន
ដើម្បីប្រារព្ធខួប ៣០ឆ្នាំ របស់ធនាគារកាណាឌីយ៉ា ធនាគារបានផ្តល់ជូនកាដូ យ៉ាងពិសេសសម្រាប់ អតិថជន​ដែល​មាន​គម្រាង​បើក​គណនីសំច័យ និងធ្វើប្រតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ