កូវីដ១៩នៅចិន

ចិនទទួលយកវ៉ាក់សាំងកូវីដ១៩បរទេសជាលើកដំបូងពីអាល្លឺម៉ង់ ខណៈស្ថានករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO


ប្រទេសចិនសុខចិត្តទទួលយកវ៉ាក់សាំងកូវីដ១៩ពីបរទេសជាលើកដំបូង ដោយទទួលពីប្រទេសអាល្លឺម៉ង់ ខណៈដែលប្រមុខអង្គការសុខភាពពិភពលោក (WHO) បានសម្ដែងការព្រួយបារម្ភពីស្ថានការណ៍ឆ្លងរីករាលដាលជំងឺកូវីដ១៩កាន់ខ្លាំងឡើងនៅទូទាំងប្រទេសចិនក្រោយពីប្រទេសនេះបានបោះបង់ចោលមួយផ្នែកធំនៃគោលនយោបាយសូន្យកូវីដ១៩របស់ខ្លួន។ អង្គការWHO ក៏បានព្រមានដែរថា អត្រានៃការចាក់វ៉ាក់សាំងយឺតយ៉ាវរបស់ចិនអាចបណ្តាលឱ្យអ្នកងាយរងគ្រោះមួយចំនួនធំនឹងឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក AP។
ចិនទទួលយកវ៉ាក់សាំងកូវីដ១៩បរទេសជាលើកដំបូងចំពេលករណីឆ្លងថ្មី

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធប្រធានអង្គការសុខភាពពិភពលោក លោក តេដ្រូស អេដហេណម ហ្កេប្រេយេសឹស (Tedros Adhanom Ghebreyesus) បាននិយាយថា ទីភ្នាក់ងារសហប្រជាជាតិត្រូវការព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នៅប្រទេសចិនជាពិសេសទាក់ទងនឹងការចូលសម្រាកនៅមន្ទីរពេទ្យ និងអង្គភាពថែទាំអ្នកជំងឺដើម្បីវាយតម្លៃពីហានិភ័យនៃស្ថានភាពនេះឱ្យបានកាន់តែទូលំទូលាយថែមទៀត។

លោក តេដ្រូស បាននិយាយថា អង្គការ WHO ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពវិវត្តន៍នៅប្រទេសចិនជាមួយការរបាយការណ៍ពីជំងឺនេះកាន់តែធ្ងន់ធ្ងរ។ អង្គការ WHO ព្រមានថា ទោះបីថា ការស្លាប់ដោយសារជំងឺកូវីដ១៩បានធ្លាក់ចុះជាង ៩០% តាំងពីបានឡើងដល់កម្រិតកំពូលជាសកលក៏ពិតមែន តែវានៅតែមានការសន្និដ្ឋានមិនច្បាស់ថា តើមេរោគនេះបានបញ្ចប់ហើយ ឬក៏យ៉ាងណានោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិនអាចជំរុញឱ្យលេចចេញនូវប្រភេទមេរោគថ្មីមួយទៀត ដែលអាចនឹងធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ដំណើរការជាសកលក្នុងការទប់ស្កាត់ជំងឺនេះ។

លោកវេជ្ជបណ្ឌិត ម៉ៃឃែល រ៉ៃអិន (Michael Ryan) ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅអង្គការសុខភាពពិភពលោកបាននិយាយថា ការចាក់វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រចាកចេញពីមេរោគបំប្លែងថ្មីអូមីក្រុង។ លោក រ៉ៃអិន បានបន្ថែមថា ការកើនឡើងនៃករណីឆ្លងជំងឺនេះនៅប្រទេសចិនមិនមែនដោយសារតែការដកគោលនយោបាយតឹងរ៉ឹងភាគច្រើននោះទេ ប៉ុន្តែវាអាចដោយសារតែការមិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ហើយថា វាមិនអាចទៅរួចទេក្នុងការបញ្ចប់មេរោគអូមីក្រុងនេះឱ្យបាត់ទាំងស្រុងនោះ។

លោក រ៉ៃអិន បានបន្ថែមទៀតថា អត្រានៃការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមមនុស្សអាយុលើសពី ៦០ ឆ្នាំនៅប្រទេសចិន គឺទាបជាងប្រទេសជាច្រើនទៀត ហើយថាប្រសិទ្ធភាពនៃវ៉ាក់សាំងដែលផលិតនៅប្រទេសចិនគឺមានប្រហែល ៥០% ប៉ុណ្ណោះ។

ប្រទេសចិនកន្លងមក បានបដិសេធទទួលយកវ៉ាក់សាំងកូវីដ១៩ពីបរទេស ពិសេសផលិតនៅបស្ចិមលោក ដែលមានប្រសិទ្ធភាពជាងវ៉ាក់សាំងក្នុងស្រុករបស់ខ្លួន។ ទោះយ៉ាងណា ថ្មីៗនេះ ទីក្រុងប៉េកាំងបានយល់ព្រមឱ្យនាំចូលវ៉ាក់សាំងកូវីដ១៩ ប្រភេទ BioNTech-Pfizer របស់អាល្លឺម៉ង់មួយចំនួនហើយ ប៉ុន្ដែ វ៉ាក់សាំងទាំងនោះ គឺសម្រាប់អនុញ្ញាតឲ្យចាក់ជូនតែពលរដ្ឋអាល្លឺម៉ង់ ដែលកំពុងរស់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

វ៉ាក់សាំងដែលបញ្ជូនពីអាល្លឺម៉ង់ទៅចិននេះ មិនទាន់មានការបញ្ជាក់អំពីចំនួន និងពេលវេលាដឹកទៅដល់ជាក់លាក់នៅឡើយទេ ប៉ុន្ដែ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ក្រៅតែពីជនជាតិអាល្លឺម៉ង់ ទីក្រុងប៊ែកឡាំងនឹងជំរុញឲ្យជនបរទេសផ្សេងទៀតដែលកំពុងរស់នៅប្រទេសចិន ដែលមានប្រមាណ ២ម៉ឺននាក់ ក៏អាចទទួលបានការចាក់វ៉ាក់សាំង BioNTech នេះដែរ ប្រសិនបើពួកគេចង់។

ការឈានដល់ការបញ្ជូនវ៉ាក់សាំងកូវីដ១៩ពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិននេះ គឺធ្វើឡើងនៅក្រោយពេលដែលដំណើរទស្សនកិច្ចរបស់លោក Olaf Scholz ទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុន ហើយអធិការបតីអាល្លឺម៉ង់រូបនេះ បានស្នើឲ្យប៉េកាំងអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបានដោយសេរីសម្រាប់ពលរដ្ឋចិន។

សូមបញ្ជាក់ថា នៅគ្រាដែលប្រទេសចិនកំពុងប្រឈមនឹងករណីឆ្លងកូវីដ១៩កាន់តែខ្លាំងក្លានោះ ក៏មានការប៉ាន់ប្រមាណមួយដោយវិទ្យាស្ថានតាមដាន និងវាយតម្លៃសុខាភិបាល ដែលមានមូលដ្ឋាននៅអាមេរិកបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសចិន អាចនឹងមានដល់ទៅ ១លាននាក់ ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិត។ គិតមកទល់ពេលនេះ ចំនួនតួលេខផ្លូវការនៃចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅចិនទើបតែមានជាង៥ពាន់នាក់ប៉ុណ្ណោះ និងចំនួនអ្នកឆ្លងសរុបមានជិត៤០ម៉ឺននាក់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោកពូទីន នឹងពង្រីកកងកម្លាំងប្រដាប់អាវុធបន្ថែម ៣០% ចំពេលលោកហ្សេលេនស្គីទៅជាន់ទឹកដីអាមេរិក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី២១ ខែធ្នូ បានផ្តល់ការគាំទ្រចំពោះផែនការមួយក្នុងការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធ…

ក្រុមហ៊ុន Tesla គ្រោងកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនៅឆ្នាំក្រោយ

ព័ត៌មាន
រលកនៃការកាត់បន្ថយបុគ្គលិកអាចនឹងបក់បោកចូលដល់ក្រុមហ៊ុនរថយន្តយក្ស Tesla ដែរហើយ ក្រោយស្ថាបនិកលោក Elon Musk បានចូលកាន់កាប់ Twitter ដែលកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ